វ៉ាន់ លីលី និយាយពីតំណែងក្នុងរឿង«កាំបិតមុខ២»

0

ក្នុងភាពយន្តរឿង«កាំបិតមុខ២» តារាសម្ដែងកញ្ញា វ៉ាន់ លីលី ទទួលបានតំណែងមិនសូវជាល្អដូចគ្នានឹងពេលដែលនាងសម្ដែងក្នុងភាពយន្តផ្សេងៗនោះទេ ប៉ុន្តែតារាស្រីរូបនេះបែរជាបង្ហាញអារម្មណ៍ផ្ទុយស្រឡះដែលខាងផលិតករផ្សេងទៀតផ្ដល់អោយទៅវិញ។ នាងបញ្ជាក់យ៉ាងខ្លីថា ក្នុងនាមជាតារាសម្ដែងនាងចង់សម្ដែងគ្រប់សណ្ឋានតួអង្គ បើទោះជាតួអង្គដែលតម្រូវអោយសម្ដែងនោះ ល្អ ឬមិនល្អក៏ដោយ។

កញ្ញា វ៉ាន់ លីលី បញ្ជាក់ថាក្នុងរឿង«កាំបិតមុខ២» នាងត្រូវបានផលិតករអោយសម្ដែងត្រឹមតែជាតួអ្នកបម្រើក្នុងផ្ទះឈ្មោះ សាវី និងមានចរឹតមិនល្អនោះទេ ប៉ុន្តែនាងថាក្នុងនាមជាតារាសម្ដែង គឺបើផលិតករអោយសម្ដែងជាតួអង្គកាន់តែអាក្រក់នោះនាងកាន់តែពេញចិត្តសម្ដែង។

នៅក្នុងរឿងនេះនាងថាខ្លួនត្រូវសម្ដែងជាតួចេកចូច និងមានចរឹកទាក់ប្រុសដែលខ្លួនស្រលាញ់ ខណៈដែលចរឹតនៅក្នុងភាពយន្តនោះ គឺនាងបញ្ជាក់ថាជាចរឹតនារីមិនល្អ ដែលនឹងធ្វើអោយអ្នកទស្សនាខ្លះស្គិញៗចំពោះរូបនាងជាមិនខាន។ យ៉ាងណាមិញ នាងថាខ្លួនមិនអន់ចិត្តនឹងចរឹតដែលខាងផលិតករអោយសម្ដែងនេះទេ ដោយសារតែនាងក៏ពេញចិត្តនឹងតួអង្គក្នុងរឿង«កាំបិតមុខ២»នោះព្រោះតែមានបារ៉ូលត្រូវចិត្ត និងមានឈុតឆាកច្រើនដែលនាងពេញចិត្តផងដែរ។ នាងថាខ្លួនកាន់តែសប្បាយចិត្ត ដែលបានសម្ដែងជាមួយតារាល្បីៗដូចជាអ្នកនាងកែវ ស្រីនាង ដែលជាអាយដល ដែលនាងបញ្ជាក់ថាដោយសារតែខាងផលិតករអោយសម្ដែងជាតួអ្នកបម្រើ និងចេកចូចនេះហើយ ទើបនាងមានប្លង់ជាច្រើនសម្ដែងជាមួយអ្នកនាងកែវ ស្រីនាង និងតួអង្គសំខាន់ក្នុងរឿង។

វ៉ាន់ លីលី បញ្ជាក់ថា នៅក្នុងពេលនេះតំណែងរបស់នាងនៅក្នុងភាពយន្តដ្បិតថាមិនអាចសម្ដែងតួឯក ប៉ុន្តែនាងមិនមានរឿងណាដែលខាងផលិតករអោយសម្ដែងជាតួអន់ៗដូចមុននោះទេ ដោយតំណែងរបស់នាងនៅក្នុងភាពយន្តផ្សេងៗគឺជាតួបងស្រី តួម្ដាយ និងជាតួបន្ទាប់ពីឯកជាដើម។ យ៉ាងណាមិញ នាងថាជក់ចិត្តនឹងចរឹតអោយសម្ដែងជាតួចេកចូច និងជាតួម្ញិម្ងក់ដល់ប្រុសក្នុងរឿង«កាំបិតមុខ២»ច្រើនាង ដោយនាងរំពឹងថានៅពេលខ្សែភាពយន្តនេះ ដាក់បញ្ចាំងនៅPNN នឹងជួយអោយនាងត្រូវគេស្គាល់កាន់តែច្រើននៅក្នុងវិស័យសម្ដែងផង៕