ទម្លាយសាច់រឿងលម្អិត រឿង«កាំបិតមុខ២»

0

មកទល់ម៉ោងនេះ ភាពយន្តភាគរបស់ទូរទស្សន៍ PNN រឿង«កាំបិតមុខ២» ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងស្រទាប់មហាជន ដោយសារតែអានចំណងជើងក៏ត្រូវបានគេកត់សម្គាល់ថាគឺទំនងនឹងទាក់ទាញ និងល្អមើលរួចបាត់ទៅហើយ ព្រោះតែសភាពកាំបិតមុខ២ ត្រូវបានគេប្រដូចមកកាន់ស្ថានភាពរស់នៅក្នុងសង្គមភាគច្រើន។ ជាមួយនឹងការចាប់អារម្មណ៍នេះ ផ្ទៃរឿងទាំងមូលត្រូវបានគេទម្លាយអោយដឹង ខណៈដែលការសម្ដែងពិតត្រូវបានគេអះអាងថានឹងជក់ចិត្តជាងនេះឆ្ងាយណាស់ ដោយសារតែមានរូបភាពរស់រវើកលើសពីសំណេរក្នុងសៀវភៅ។

សាច់រឿងដែលបានទម្លាយឡើង បានអោយដឹងថា«ភាពយន្តកាំបិតមុខពីរ គឺជារឿងមនោសញ្ចេតនា ស្នេហាកាច់កុង ឌឺដង និងចង់ឈ្នះចាញ់គ្នា រវាងប្តីប្រពន្ធមួយគូ ដែលតួអង្គប្រុសសម្ដែងដោយលោកអូន ឧស្សាហ៍ឈ្មោះក្នុងរឿងនាយវិជ្ជបុត្រ និងតួឯកស្រី គឺអ្នកនាងកែវ ស្រីនាង ដែលអ្នកនិពន្ធបានប្រើឈ្មោះថាមារតី។

សាច់រឿងទាំងមូលគឺ នាយវិជ្ជបុត្រជាបុរសខិលខូចតាំងពីនៅកំលោះ ហើយក្រោយត្រូវឪពុកម្ដាយផ្សំផ្គុំអោយរៀបការជាមួយ មារតី ក៏នៅតែខិល ហើយធ្វើអោយនារីជាភរិយាមិនព្រមរួមដំណេកជាមួយ និងក្លាយជាកាចនៅវគ្គបំបាក់ភាពខិលខូចរបស់ស្វាមី។ ប្រភពអ្នកនិពន្ធបញ្ជាក់ថា មារតី និង វិជ្ជបុត្រ ធ្វើជាប្ដីប្រពន្ធល្អនឹងគ្នាតែនៅនឹងមុខឪពុកម្ដាយទាំំងសងខាងប៉ុណ្ណោះ ប៉ុន្តែក្រោយខ្នង គឺគូទាំងពីរកាច់កុងគ្នាដល់កំពូល។ មារតីតែងឈ្លោះជាមួយវិជ្ជបុត្របែកផ្សែង ទាំងពេលគេង ទាំងពេលនៅផ្ទះជាដើម ឱ្យតែកំបាំងពីភ្នែកប៉ាម៉ាក់ គឺពួកគេឈ្លោះគ្នាឥតស្រាកស្រាន្ត ទើបធ្វើអោយវិជ្ជបុត្របានលេស ហើយស្កាត់ទៅជួបអតីតស្រីកំណាន់ពីមួយទៅមួយ តាមតែអំពើចិត្ត។ ថ្ងៃមួយ នាងមារតីទៅលេងផ្ទះម៉ូនីកា និងភាលីង ជាមិត្តភ័ក្រ្តហើយត្រូវអ្នកទាំងពីរៀបរាប់ពីភាពមិនចុះសម្រុងរបស់គ្រួសារខ្លួនអោយដឹង ទើបនាងចាប់ផ្ដើមមានគំនិតថាគួរតែចេះតែទាំំស្វាមីកុំអោយមានគំរូដូចស្វាមីមិត្តភ័ក្រ្ត។ នៅពេលនោះហើយ ដែលតួអង្គស្រីចាប់ផ្ដើមបែកគំនិតដេញជើងស្វាមី ឃាឃាំងស្វាមី និងក្លាយជាមនុស្សកាន់តែឆ្លាត និងកាន់តែឆ្នាស់ដើម្បីបង្ក្រាបភាពខិលខូចរបស់តួអង្គប្រុស។ តាំងពីថ្ងៃនោះមក មារតីឃារឃាំងប្តីមិនឱ្យដើរចេញទៅផឹកស៊ី ឬទៅរកស្រីញីនៅខាងក្រៅតាមអំពើចិត្តទៀតទេ ដោយធ្វើអោយ វិជ្ជបុត្រ យល់ថានាងកំពុងបញ្ចេញភាពមាយា ជាពិសេសនៅពេលឃើញនាងយំយ៉ែករៀបរាប់នៅចំពោះមុខប៉ាម៉ាក់ក្មេក ថាស្វាមីមិនយល់ចិត្តនាងជាដើម។

តួអង្គឯកស្រីក៏ប្រើគ្រប់ល្បិចដើម្បីកំចាត់កំចាយនារីកំណាន់ចិត្តរបស់ស្វាមី រហូតធ្វើអោយនាងទទួលបានជោគជ័យ តែនាងក៏ត្រូវស្វាមីបង្ខំរួមដំណេកដោយមិនអាចប្រកែកបាន ព្រោះតែស្មានថាជាស្រីកំណាន់។ ស្អែកឡើង អ្នកបំរើនៅក្នុងផ្ទះមានធុរៈត្រូវត្រឡប់ទៅស្រុកវិញ ហើយក្មេងស្រីម្នាក់ទៀតមកពីពីស្រុកស្រែស្រស់ស្អាតម្នាក់ក៏ត្រូវគេជ្រើសអោយមកធ្វើការជំនួស ដែលនាំអោយតួអង្គប្រុសលង់ទៅពាក់ព័ន្ធ។

ដោយមិនដឹងថាភរិយាមានផ្ទៃពោះ តួអង្គប្រុសរមែងឆ្លៀតយកស្រីបម្រើឡើងលើផ្ទះ ជាពិសេសនៅពេលភរិយាមិននៅផ្ទះ រហូតធ្វើអោយមារតី ឈឺចិត្តសម្រេចចិត្តសុំទៅរស់នៅផ្ទះខ្លួនវិញ។ មារតី និងប៉ាម៉ាក់របស់នាងមិនព្រមអោយលោក វិជ្ជបុត្រ ត្រលប់មកពាក់ព័ន្ធវិញទេ ព្រោះតែម្នាក់ៗបារម្ភខ្លាច វិជ្ជបុត្រមិនបោះបង់គំនិតខិលខូច។

យ៉ាងណាមិញ សាច់រឿងទាំងមូល ត្រូវបានបញ្ចប់ដោយតម្រូវអោយតួអង្គប្រុសដឹងខ្លួនហើយចេះកែ បន្ទាប់ពីបានដឹងថាភរិយាខ្លួនមានកូនជាមួយខ្លួន ហើយបន្ទាប់ពីលោកដឹងថាហេតុផលដែលភរិយាឃាឃាំង គឺជាការស្រឡាញ់ មិនមែនចង់ផ្ចាញ់ផ្ចាល។ វិជ្ជបុត្របានសម្រេចចិត្តលុនតួ សុំអង្វរភរិយា ឱ្យលើកលែងទោសឱ្យខ្លួន និងទទួលយករូបគេជាស្វាមី។ ដោយស្នេហារបស់ពួកគេ ទម្រាំតែបានជុំគ្នាជាថ្មី ក៏មានសាច់រឿងប្រទាក់ក្រឡាយ៉ាងជក់ចិត្តមិនតិចដែរ។

នេះជាភាពយន្តដែលនិពន្ធដោយ លោក អ៊ិន សុភិន – លោកវិឆ័យ សុភី ដោយសាច់រឿងទាំងមូល ត្រូវគេចាត់ទុកថាត្រូវនឹងបរិបទក្នុងសង្គម ទើបធ្វើអោយភាពយន្តមួយនេះ មានការចាប់អារម្មណ៍តែម្ដង ដោយគ្រាន់តែរូបផុស្ទ័ររឿងត្រូវបានបង្ហោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here