អគ្គនាយិកា EMT ចាត់ទុកថា វិស័យសាឡនរីកចំរើនខ្លាំង នៅកម្ពុជា

0

ក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលជំនាញសាឡនធំមួយ កាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣ លោកស្រី អ៊ឹង មុយទាង អគ្គនាយិកាក្រុមហ៊ុន EMT ដែលមានជំនាញបណ្ដុះបណ្ដាលឯកទេសផ្នែកសាឡន និង កំពុងបើកវគ្គបណ្ដុះបណ្ដាលលើជំនាញសាឡនរដូវកាលទី២ (១២-១៥ ធ្នូ ២០២៣) បានលើកឡើងថា វិស័យសាឡននៅក្នុងប្រទេសកម្ពុជាសព្វ មានការរីកចំរើនយ៉ាងខ្លាំង ហើយបើទោះជាបញ្ហាសេដ្ឋកិច្ចនៅតែបន្តអូសបន្លាយ តែជំនាញសាឡន នៅតែដើរតួនាទីសំខាន់ និងនៅតែបានស្រូបទាញប្រាក់ចំណូល ក៏ដូចជាផ្ដល់ការអោយស្ត្រីជាច្រើន បញ្ចៀសពីការធ្វើចំណាកស្រុក។

ការអះអាងបែបនេះ គឺបន្ទាប់ពីលោកស្រី បានបើកវគ្គបណ្ដុះបណ្ដាលលើជំនាញសាឡនចំនួន២លើកមកហើយ តែអ្នកចូលរួមសិក្សាគឺនៅតែកើនបើទោះជាអ្នកខ្លះថ្ងូររឿងសេដ្ឋកិច្ច ហើយម្ចាស់សាឡនដែលបានអភិវឌ្ឍន៍ខ្លួនច្រើនណាស់ បានក្លាយជាអ្នកជោគជ័យ និងមានចំណូលនៅតែប្រសើរ។ លោកស្រីថា EMT ទទួលបានជោគជ័យ២វគ្គមកហើយ ក្នុងការបើកសិក្ខាសាលាបណ្ដុះបណ្ដាលជំនាញផ្នែកសាឡន ដោយក្នុងវគ្គទី២ ឬ រដូវកាលទី២នេះ មានអ្នកមកចូលរួមប្រមាណជាង១០០នាក់ ដោយគ្រូឧទ្ទេសនាម គឺសុទ្ធតែអ្នកល្បីៗនៅក្នុងវិស័យសាឡន និង មានអ្នកជំនាញពីប្រទេសតៃវ៉ាន់ និង ពីថៃមកបង្ហាត់បង្ហាញដោយផ្ទាល់។

ក្នុងនោះវគ្គសិក្ខាសាលានេះ ក៏បានបង្ហាញពីការអនុវត្តជាក់ស្ដែង ដើម្បីអោយអ្នកសិក្សាទទួលបាននូវភាពប៉ិនប្រសព្វមួយ សម្រាប់ការងារសាឡនផងដែរ។ លោកស្រីថា សាឡនគឺជាមុខជំនាញមួយដែលរួមនៅក្នុងសង្គមយ៉ាងខ្លាំង ពោលគឺបានជួយស្ត្រីអោយក្លាយជាអ្នកមានចំណូល ដោយមិនចាំបាច់ត្រូវប្រើដើមខ្ពស់ ដូច្នេះហើយទើបស្ត្រីដែលមានជំនួញនេះស្រាប់កាន់តែច្រើន បានមកចុះឈ្មោះចូលរៀន ដើម្បីពង្រឹងសេវាកម្ម គុណភាព និង បង្កើនការអនុវត្តន៍។

សិក្ខាសាលានេះ លោកស្រីថាបានគ្រោងតាំងពី៣ខែមុន ហើយជាការលើកទឹកចិត្តដល់អ្នកដែលជួយអោយ EMT ក្លាយជាស្ថាប័នជោគជ័យនាពេលកន្លងមក លោកស្រីក៏បានរៀបចំពាន និង ប័ណ្ណសរសើរប្រគល់ជូននាថ្ងៃបើកកម្មវិធីនោះផងដែរ។

លោកស្រីបង្ហាញនូវមោទនភាពរបស់ខ្លួនយ៉ាងខ្លាំង ដែលអាចវិវត្តន៍ខ្លួនពីស្ត្រីដ៏សាមញ្ញម្នាក់ មកជាអគ្គនាយិកាក្រុមហ៊ុនសាឡនធំមួយ ដែលរួមចំណែកជួយដល់សង្គម ក្នុងការបណ្ដុះធនធានមនុស្សអោយមានជំនាញសាឡន ហើយឆ្ពោះទៅបើកអាជីវកម្មសាឡនដើម្បីទាញចំណូល ដែលធ្វើអោយស្ត្រីទាំងនោះក្លាយជាស្ត្រីដែលអាចធ្វើជាម្ចាស់ការលើខ្លួនឯង និង ក្លាយជាធនធានមនុស្សដ៏ល្អ។

លោកស្រីក៏ជំរុញ អោយស្ត្រីផ្សេងទៀត ងាកមកចាប់អាជីពសាឡនអោយបានច្រើន ហើយក្រោយពីបញ្ចប់សិក្សាសាឡានេះទៅ EMT នឹងបន្តបើកវគ្គជាបន្តបន្ទាប់ទៀត ដោយបងប្អូនអាចសាកសួរព័ត៌មានតាមផេក EMT សម្រាប់ជំនាញ និង ការសិក្សានៅវគ្គបន្តបន្ទាប់។