វណ្ណា វត្តី និងកូនប្រុសនាយឆើត ប៉ះគ្នាមួយប្រាវ មិនធ្លាប់មាន

0

នៅក្នុងពិភពសិល្បៈតារាចម្រៀង កញ្ញា វណ្ណា វត្តី និងតារាសម្ដែងលោក រ៉ៃយ៉ា ដែលត្រូវគេស្គាល់ថាជាកូនប្រុសរបស់តារាកំប្លែងនាយឆើត មិនធ្លាប់មានរឿងកាច់កុង ឬមានរឿងអន់ចិត្តនឹងគ្នានោះទេ ទើបម្នាក់ៗភ្ញាក់ផ្អើលនៅពេលដែលអ្នកទាំងពីរផ្ទុះជម្លោះដាក់គ្នាមួយប្រាវដល់ថ្នាក់មានអ្នកគាំទ្រចូលជេរប្រទិចម្ខាងៗផង ដែលធ្វើអោយសង្គ្រាមពាក្យសម្ដីមួយនេះបែកផ្កាភ្លើងមិនធម្មតា។ យ៉ាងណាមិញ គេឃើញអ្នកទាំងពីរបន្ថយកំដៅទៅវិញ ខណៈដែលភាគីខាងស្រីប្រាប់ថាចុះត្រជាក់ដោយសារតែមានការសម្រុះសម្រួលគ្នា។

ហេតុផលដែលនាំអោយផ្ទុះជម្លោះនោះ គឺដោយសារតែកញ្ញា វណ្ណា វត្តី បានស៊ែបទOriginal Song របស់លោកគីសាន់ រ៉ៃយ៉ា ក្រោមចំណងជើងថា«ប្រពន្ធកូនសំខាន់ តែបងមិនអាចថែ» ដែលទើបបង្ហោះឡើង កាលពីថ្ងៃទី១៥ ធ្នូ អមដោយឃ្លាថា«បើជ្រុលជាអស់ចិត្តហើយ មិនបាច់មករៀបរាប់ច្រើនទេ កុំភ្លេចផ្ញើលុយអោយប្រពន្ធកូនបងផង ព្រោះដើម្បីកុំអោយគេថាបងអាត្មានិយមនោះអី!» ខណៈដែលឃ្លារបស់នាងត្រូវបានម្ចាស់បទ យល់ថាជាមាក់ងាយ និងដៀមដាម ហើយក៏ឆេះដុំតែម្ដង។ លោករ៉ៃយ៉ា បានបង្ហោះសារតបវិញភ្លាមៗថា«សុំទោសកញ្ញា វណ្ណា វត្តី ស៊ែបទខ្ញុំហើយ និយាយមកដូចជាទើសនឹងបទខ្ញុំម៉េស វាមិនមែនជារឿងពិតឯណា វាគ្រាន់តែជាបទចម្រៀងខ្ញុំតើ បើមិនចិត្តកញ្ញាអាចលុបវិញបាន!»។ ក្រោយសំណេរបស់លោក គីសាន់ រ៉ៃយ៉ា ត្រូវបានបង្ហោះតប គេឃើញអ្នកគាំទ្រច្រើនចេញមុខវាយបកទៅកាន់កញ្ញា វណ្ណា វត្តី ស្របគ្នាដែលអ្នកគាំទ្រតារាស្រីរូបនេះ ក៏ចេញមុខតបត ធ្វើអោយគេមើលឃើញពីការអាប់អួររវាងទំនាក់ទំនងរបស់អ្នកទាំងពីរ។

កញ្ញា វណ្ណា វត្តី ប្រាប់ថាការបង្ហោះរបស់នាង គឺគ្រាន់តែមានបំណងនិយាយទៅកាន់អត្ថន័យក្នុងបទចម្រៀងដើម្បីអោយបទនោះមានការចាប់អារម្មណ៍ និងដើម្បីផ្ញើសារទៅកាន់បុរសទាំងឡាយដែលបានធ្វើរឿងខុសឆ្គងដូចអត្ថន័យបទចម្រៀង ដើម្បីជាការដាស់តឿនដល់បុរសដែលបានធ្វើខុសនឹងប្រពន្ធកូននោះតែប៉ុណ្ណោះ ដោយមិនបានសំដៅទៅកាន់ម្ចាស់បទនោះទេ ដោយសារតែនាងប្រាប់ថា ខ្លួនមិនដែលដឹងពីរឿងឯកជនរបស់លោករ៉ៃយ៉ានោះទេ។ កញ្ញា ថាលោករ៉ៃយ៉ាមានការយល់ល្អ ទើបនាំអោយផ្ទុះសង្គ្រាមដាក់គ្នានៅលើហ្វេសប៊ុក ដោយនាងក៏បានLive បកស្រាយ ធ្វើអោយជម្លោះពាក្យសម្ដីដាក់គ្នាត្រូវបានគេដឹងឮច្រើន។ យ៉ាងណាមិញនាងថាស្ថានភាពជម្លោះត្រូវបានរំលត់បន្ទាប់ពីនាង និងលោករ៉ៃយ៉ាងបានជជែកគ្នាតាមឆាតធ្វើការបកស្រាយ ហើយម្ចាស់បទចម្រៀងក៏យល់ស្របថាខ្លួនមានរឿងយល់ច្រលំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here