នូ សុផេន និយាយពីជោគជ័យក្នុងការផ្សព្វផ្សាយសិល្បៈខ្មែរ នៅជប៉ុន

0

គ្រាន់តែចុះពីលើយន្តហោះភ្លាមៗ កាលពីល្ងាចថ្ងៃទី១៥ ធ្នូ លោកនូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា ដែលត្រូវគេស្គាល់ថាជាអ្នកផលិតទម្រង់វប្បធម៍ប្រចាំទូរទស្សន៍អប្សរា និងជាអ្នកឌីហ្សាញឈុតបុរាណមួយរូប បង្ហាញពីភាពជោគជ័យយ៉ាងខ្លាំងជុំវិញការពាំនាំទម្រង់វប្បធម៌សិល្បៈជាច្រើនទម្រង់យកទៅបង្អួតក្នុងព្រឹត្តិការណ៍Cambodian Week International នៅក្នុងប្រទេសជប៉ុន។ លោកថាបរទេសមានការចាប់អារម្មណ៍ចំពោះការបង្ហាញរបស់និស្សិតខ្មែរយ៉ាងខ្លាំង ជាពិសេសតាមរយៈការសម្ដែងរឿងទុំទាវ ដោយតួអង្គប្រើភាសាអង់គ្លេស ហើយមាននិស្សិតបរទេសច្រើននាក់ចូលរួមសម្ដែង។

លោក នូ សុផេន បញ្ជាក់ថាព្រឹត្តិការណ៍បង្អួតវប្បធម៌ពីសំណាក់និស្សិតច្រើនជាតិសាសន៍សិក្សានៅក្នុងប្រទេសជប៉ុននោះ និស្សិតខ្មែរដែលទទួលបានអាហារូបករណ៍នៅទីនោះមានតែ៨រូបប៉ុណ្ណោះ ដែលបានសម្ដែងរបាំផង និងយីកេរឿងទុំទាវជាភាសាអង់គ្លេសផង តែអ្វីដែលជាភាពទាក់ទាញ គឺនិស្សិតបរទេសជាមិត្តភ័ក្រ្តរបស់និស្សិតខ្មែររហូតដល់៤៩ប្រទេស បានជួយសម្ដែងរបាំ និងរៀងទុំទាវរបស់ខ្មែរ ដែលលោកយល់ថាគឺជាការផ្សព្វផ្សាយសិល្បៈវប្បធម៌របស់ខ្មែរបានយ៉ាងល្អ ទៅកាន់ជនជាតិបរទេស។

លោកកាន់តែសប្បាយចិត្តនៅពេលដែលនិស្សិតបរទេសទាំងនោះ កាន់តែចាប់អារម្មណ៍នឹងការចូលរួមសម្ដែង ខណៈដែលក្រុមកម្ពុជាដ្បិតថាមិនមានលទ្ធភាពយកអ្នកសិល្បៈជំនាញៗទៅសម្ដែងដូចគ្នានឹងក្រុមប្រទេសផ្សេងទៀតដែលមានកញ្ចប់ថវិកាបរិបូរណ៍ ប៉ុន្តែសម្រាប់ការចូលរួម និងភាពរស់រវើក គឺក្រុមប្រទេសកម្ពុជាលេចធ្លោរចង់ខ្លាំងជាងប្រទេសផ្សេងផង។ លោកថាព្រឹត្តិការណ៍ Cambodian Week នោះ ក្រុមនិស្សិតខ្មែរសម្ដែងចំនួន៥ថ្ងៃជាប់គ្នា ដោយក្រៅពីសម្ដែងរបាំច្រើនទម្រង់ និងរឿងទុំទាវដែលមាននិស្សិតបរទេសច្រើននាក់ជួយចូលសម្ដែង ក៏មានបង្ហាញមុខម្ហូបរបស់ខ្មែរដើម្បីបង្អួតដល់ជនបរទេស និងម្ចាស់ផ្ទះជប៉ុនផងដែរ។

លោក នូ សុផេន បន្តថា ព្រឹត្តិការណ៍ដ៏ជោគជ័យនោះ សិស្សិតខ្មែរ និងបរទេសដែលជាអ្នកសម្ដែង មិនមែនជាអ្នកសិល្បៈនោះទេ ប៉ុន្តែក្រុមនិស្សិតទាំំងនោះអាចធ្វើបានល្អ ដោយសារតែមុនព្រឹត្តិការណ៍ចាប់ផ្ដើម លោកបានផ្ញើវីដេអូរបាំ និងសាច់រឿងទុំទាវដែលត្រូវសម្ដែង យកមកហាត់រៀន និងអោយរៀបរាងឃ្លាជាភាសាអង់គ្លេស ដោយក្នុងពេលលោកឡើងទៅគឺគ្រាន់តែបង្ហាត់បង្ហាញបន្ថែម ក៏និស្សិតម្នាក់ៗអាចសម្ដែងបានរលូន។

លោកថាមិនមែនជារឿងងាយស្រួលនោះទេ ដែលកម្ពុជាមានជនជាតិដើមតែ១២នាក់រៀបចំ និងមានតែ៨នាក់ជាអ្នកសម្ដែង តែអាចរៀបចំទម្រង់សិល្បៈច្រើនប្រភេទ ហើយសម្ដែងបានលេចធ្លោ ដោយមានអ្នកចូលរួមជាជនជាតិបរទេស ជាពិសេសនិស្សិតជប៉ុនចូលរួមជួយធ្វើអោយក្រុមសិល្បៈរបស់កម្ពុជាមើលឃើញចំនួនច្រើន។

លោកថាកម្ពុជាទទួលបានកិត្តិយស និងមានការចាប់អារម្មណ៍ពីសំណាក់និស្សិតបរទេសខ្លាំងណាស់ ជាពិសេសនៅពេលក្រុមសិល្បៈតំណាងប្រទេសកម្ពុជាគ្រងឈុតតំណាងខ្មែរ និងបង្ហាញរបាំ យីកេក្នុងរឿងទុំទាវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here