ខកបំណង! តែអ្នករៀបចំព្រឹត្តិការណ៍ប្រកួតបាល់ជួយគន្ធបុប្ផា ប្រកាសធ្វើរាល់ឆ្នាំ

0

មកទល់ម៉ោងនេះ គេមិនទាន់ដឹងថាមូលនិធិដែលបានពីការប្រកួតបាល់ទាត់រវាងកីឡាករល្បីៗ និងក្រុមជើងខ្លាំង7NG ដែលគេប្រកាសលក់សំបុត្រយកថវិកាជួយដល់កុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា ទទួលបានប៉ុន្មាននៅឡើយទេ ដោយសារតែកញ្ចប់ដែលទទួលបានពីព្រឹតិ្តការណ៍នៅមានកម្រិត ដែលទាមទារអោយអ្នកទទួលខុសត្រូវត្រូវការស្វះស្វែងរកមូលនិធិបន្ថែម មុនប្រកាសជាផ្លូវការ។

ថវិកាដែលគ្រោងបញ្ជាក់ គម្រោងចែកដល់មន្ទីរពេទ្យគន្ធបុប្ផាមួយផ្នែក និងមណ្ឌលកុមារកំព្រាមួយផ្នែកក្នុងពេលខាងមុខ។

លោក កង ឧត្តមមុន្នីនាថ ដែលត្រូវគេស្គាល់ថាមានសកម្មភាពច្រើនក្នុងការចាត់ចែងកម្មវិធីសិល្បៈជាមួយតារាល្បីៗ ជាពិសេសជាមួយសមាគមសិល្បករខ្មែរ និងកញ្ញា ឌួង ហ្សូរីដា និងជាអ្នករៀបចំព្រឹត្តិការណ៍នេះ បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោក និងក្រុមការងារសម្រេចរៀបចំការប្រកួតបាល់ទាត់កាលពីថ្ងៃទី១០ ខែធ្នូ នៅស្ដាតអូឡាំពិក ដើម្បីលក់សំបុត្រ៥ពាន់ និង១ម៉ឺនរៀល ពីអ្នកទស្សនា គឺដោយសារតែលោកចង់ប្រមូលថវិកាពីការលក់សំបុត្រយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលត្រូវការជំនួយ។ ព្រឹត្តិការណ៍មួយនេះ លោកថាមានការសហការពេញទំហឹងពីកីឡាករចាន់ វឌ្ឍនាការ និងលោកប្រាក់ មុន្នីឧត្តម ខណៈដែលក្រុមការងារផ្ដើមគំនិតផ្សេងទៀត ក៏បានខ្នះខ្នែងយ៉ាងយកចិត្តទុកដាក់ ទើបធ្វើអោយព្រឹត្តិការណ៍មួយនេះលេចចេញរូបរាង។ យ៉ាងណាមិញលោកមានអារម្មណ៍ខកចិត្ត ដែលក្នុងថ្ងៃនោះមិនមានអ្នកទស្សនាទិញសំបុត្រច្រើននោះទេ ដោយសារតែមុនព្រឹត្តិការណ៍កម្មវិធីមួយនេះខ្វះការផ្សព្វផ្សាយ ទើបធ្វើអោយការរៀបចំព្រឹត្តិការណ៍មួយនេះ ទទួលបានលទ្ធផលតិចជាងការរំពឹងខ្លាំង ដែលតម្រូវអោយលោកត្រូវតែប្រើមធ្យោបាយស្វះស្វែងរកជំនួយមកបន្ថែម។

លោក កង ឧត្តមមុន្នីនាថ បញ្ជាក់ថានេះជាមូលហេតុដែលនាំអោយលោក និងក្រុមការងារពន្យារពេលមិនបញ្ចេញតួលេខ ប៉ុន្តែក្រោយការកំណត់បានមូលនិធិសមរម្យគឺលោកនឹងធ្វើសន្និសីទប្រកាសអោយដឹងជាចំហរ។ លោកថាព្រឹត្តិការណ៍ទាំងមូល មិនទទួលបានលទ្ធផលល្អនោះទេ ប៉ុន្តែលោកនៅតែប្រកាន់ជំហររៀបចំមួយឆ្នាំម្ដង ដោយនៅឆ្នាំក្រោយក៏នឹងធ្វើសកម្មភាពដដែលនេះអោយផុលផុសតែម្ដង ដើម្បីអោយទទួលបានកញ្ចប់មូលនិធិច្រើនខុសឆ្ងាយពីឆ្នាំនេះ។ លោកនឹងប្រកាសអោយដឹងពីតួលេខជាចំណែករបស់គន្ធបុប្ផា និងមណ្ឌលកុមារកំព្រាណាមួយចំនួនប៉ុន្មានមុនពេលចុះជួយ ដើម្បីអោយអ្នកចូលរួមទស្សនាបាល់ទាត់កាលពីពេលដំណើរ និងសប្បុរសជន បានដឹងថាកញ្ចប់លុយដែលពួកគាត់បានចំណាយថាបានទៅដល់ដៃកុមារៗរងការខ្វះខាត៕