មិនមែនជាលើកទី១នោះទេ ដែលតារាសម្ដែងលោក អូន ឧស្សាហ៍ ទទួលបានតំណែងតួឯកក្នុងខ្សែភាពយន្តភាគទូរទស្សន៍ ប៉ុន្តែគេកត់សម្គាល់ថាឱកាសបានសម្ដែងជាតួឯកក្នុងរឿង«កាំបិតមុខ២» ដែលជាភាពយន្តថ្មីគ្រោងនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍PNN គឺជាស្នាដៃថ្មីដែលជួយអោយអោយទទួលបានការចាប់អារម្មណ៍ជាងរឿងមុនៗ ដោយសារតែភាពយន្តនេះ ត្រូវបានPNN សម្រិតសម្រាំងគុណភាពខុសពីភាពយន្តដែលលោកធ្លាប់បានសម្ដែងតួឯកមុនៗ ដោយសូម្បីតែសាច់រឿង និងតារាសម្ដែងក៏ទាក់ទាញមិនសល់នឹងតួរាយរងផងដែរ។
យោងតាមការទម្លាយ លោក អូន ឧស្សាហ៍ ដែលជាតួឯកប្រុស គឺសម្ដែងជាតួប្រុសដែលមានភរិយាហើយ ប៉ុន្តែកំពូលខិល មហាខូច ហើយជាតួដែលសំបូរដោយមន្តស្នេហ៍ក្នុងការទាក់ទាញស្រីៗក្នុងរឿងអោយឈ្លក់វង្វេងណាស់ដែរ ដោយលោកជ្រើសយកស្រីកំណាន់គឺជាមនុស្សសំខាន់បើទោះជារៀបការហើយក៏ដោយ។ លោកត្រូវខាងផលិតករអោយរៀបការជាមួយក្រមុំចាស់ គឺអ្នកនាង កែវ ស្រីនាង ដោយអ្នកទាំងពីរសម្ដែងជាប្ដីប្រពន្ធកាច់កុងគ្នាគ្រប់ឈុតតែម្ដង ដែលគ្រាន់តែបានអានសាច់រឿង ក៏ធ្វើអោយអ្នកទស្សនាជក់ចិត្តទៅហើយ។
នេះជាភាពយន្តដែលនិពន្ធរួមគ្នាដោយលោក អ៊ិន សុភិន និងលោក វិឆ័យ សុភី ខណៈដែលសាច់រឿងទាំងមូលតម្រូវអោយលោក អូន ឧស្សាហ៍ សម្ដែងជាតួចរឹតចចែស និងខិលខូចគ្មាន២ ដែលគ្រាន់តែស្ដាប់សាច់រឿង ក៏ពិតជាមានអ្នកស្អប់ចរឹតសម្ដែងរបស់លោកជាក់ជាមិនខាន ជាពិសេសសុភាពៗនារី ដែលមិនត្រូវការបុរសជាស្វាមីមានចរឹតដូចលោក។
លោក អូន ឧស្សាហ៍ ធ្លាប់បាននិយាយថាខ្លួនសម្ដែងតួឯកក្នុងរឿង«កាំបិតមុខ២»នេះ គឺដឹងតែអ្នកទស្សនាជេរលោកគ្រប់ឈុតយ៉ាងកប់ៗមាត់ជាមិនខាននោះទេ ជាពិសេសនៅពេលដែលអ្នកទស្សនាទស្សនាដល់ឈុតលោករៀបការហើយ ប៉ុន្តែបានធ្វើបាបភរិយា ដោយក្រៅពីមិនយកចិត្តទុក មិនលួងលោម គឺមានតែបង្កជម្លោះកាច់កុងជាមួយនាង និងមានស្រីក្រៅបញ្ឈឺនាងជាប្រចាំ។ លោកថាមួយរឿងនេះ លោកពិតជាពិតជាពិបាកលេងចរឹតយ៉ាងខ្លាំង បើទោះជាលោកគឺជាបុរសដែលគួរតែស្រួលនឹងការសម្ដែងបែបនេះ។ យ៉ាងណាមិញ លោកថាមិនមែនជាការលំបាកនោះទេ ដោយសារតែលោកធ្លាប់សម្ដែងជាតួប្ដីខូចខិលបែបនេះខ្លះៗមកដែរ ស្របគ្នាដែលលោក និងតួឯកស្រីគឺអ្នកនាង កែវ ស្រីនាង ក៏សម្ដែងប៉ះគ្នាច្រើនលើក។
លោកបង្ហាញការរំពឹងយ៉ាងខ្លាំងថា ភាពយន្តរឿង«កាំបិតមុខ២» នឹងផ្ទុះលើកញ្ចក់ទូរទស្សន៍PNN ក្នុងពេលដែលភាពយន្តនេះបានថតជិតចប់ទៅហើយ៕