រឿង«កាំបិតមុខ២» ជិតលេចចេញរូបរាង ផ្លូវការ

0

យោងតាមការបង្ហោះរបស់ផេកមហាហង្ស ខ្សែភាពយន្តភាគប្រចាំរបស់ផលិតកម្មនេះដែលត្រូវបានគេអះអាងថាសម្រិតសម្រាំង និងចំណាយទុនអស់ច្រើនរឿង«កាំបិតមុខ២»ត្រៀមនឹងលេចចេញរូបរាងហើយ ដោយគ្រាន់តែចេញបង្ហោះផុសស្ទ័រ គឺធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍តែម្ដង។

អ្វីដែលគេកត់សម្គាល់នេះ គឺភាពយន្តនេះត្រូវបានលេចមុខសម្ដែងសុទ្ធសឹងតែតារាសម្ដែងចាស់ថ្មីល្បីឈ្មោះ និងឡើងកូដនៅក្នុងពិភពសិល្បៈ ដោយស្ថាប័នទូរទស្សន៍ដែលទទួលដាក់បញ្ចាំងភាពយន្តនេះគឺPNN ក៏ជាស្ថាប័នដែលងាយទាក់ទាញអ្នកទស្សនាមិនធម្មតាទៅទៀត។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានសារភាពថាភាពយន្តរឿង«កាំបិតមុខ២»ពិតជាជិតនឹងបញ្ចប់សកម្មភាពថតប្រាកដមែដោយនៅសល់តែ១០ភាគរយទៀតប៉ុណ្ណោះ ទើបឈានដល់ការហៅតួអោយចេញថតផុសស្ទ័រ ដើម្បីប្រូម៉ូដសាច់រឿងមួយនេះ។ លោកថាភាពយន្តនេះទម្រាំតែថតដល់ជាង៩០ភាគរយ គឺក្រុមការងារ និងតារាសម្ដែងទាំងអស់មានភាពលំបាកយ៉ាងខ្លាំង ជាពិសេសក្នុងការសម្រិតសម្រាំងប្លង់ ដើម្បីអោយមានគុណភាពគ្រប់គ្រាន់ អោយត្រូវនឹងស្ថាប័នPNN ដែលត្រូវការភាពយន្តដែលមានគុណភាពពេញលេញ។ យ៉ាងណាមិញ លោកថាភាពយន្តមួយនេះ នៅមិនទាន់ដឹងថានឹងត្រូវបានPNN ដាក់បញ្ចាំងនៅពេលណានោះទេដោយគ្រាន់តែគ្រោងចាក់ផ្សាយនៅអំឡុងឆ្នាំ២០១៩ ប៉ុណ្ណោះ។ លោកថាភាពយន្តមួយនេះ ក្រៅមានសាច់រឿងទាក់ចិត្ត និងប្រទាក់ក្រឡា ក៏ជាការជួបគ្នាដោយតារាសម្ដែងល្បីៗបប្រចាំផលិតកម្មដើម្បីរំលេចផ្ទៃរឿងអោយកក្រើកស្រទាប់អ្នកទស្សនាផងដែរ ជាពិសេសគឺវត្តមានអ្នកនាង កែវ ស្រីនាង ដែលជាតារាសម្ដែងជើងចាស់មិនងាយទទួលការសម្ដែងនៅក្នុងរយៈពេលចុងក្រោយ។ ភាពយន្តមួយនេះ នឹងចំណាយពេលកាត់តអោយមានគុណភាពជាពិសេសគឺការបញ្ចូលបទភ្លេង និងសំឡេងតួសម្ដែង ដើម្បីអោយសាច់រឿងទាំងមូលប្រទាក់ក្រឡា។

លោកសប្បាយចិត្តយ៉ាងខ្លាំង ដែលរឿង«កាំបិតមុខ២» ជិតចេញរូបរាង ខណៈដែលលោករំពឹងយ៉ាងខ្លាំងថាភាពយន្តនេះនឹងផ្ទុះនៅPNN ដូចគ្នានឹងរឿងមរតកបេះដូង ដែលធ្លាប់ទទួលបានការគាំទ្រខ្ពស់។ អ្វីដែលលោកជំនឿចិត្តខ្លាំង គឺវត្តមានតារាសម្ដែងបាត់មុខយូរដូចជាអ្នកនាង កែវស្រីនាង ដែលធ្វើអោយភាពយន្តមួយនេះទទួលបានការចាប់អារម្មណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here