ម៉ឺនឯក សុភារិទ្ធ ប្រកាសច្បាមតំណែងតួឯកក្នុងរឿងថ្មី

0

បន្ទាប់ពីត្រូវមហាជនស្គាល់ច្រើនក្នុងរឿង«សុផាត» និងរឿង«ផ្កាថ្ម» តារាសម្ដែងលោក ម៉ឺនឯក សុភារិទ្ធ ត្រូវបានទទួលតំណែងតួឯកក្នុងរឿងថ្មីមួយទៀតភ្លាមកាលពីថ្ងៃទី១១ ធ្នូ កន្លងទៅ ដោយលោកប្រកាសថាតាមរយៈការសម្ដែងតួឯករឿងជាថ្មី នឹងធ្វើអោយលោកកាន់តែទទួលបានប្រជាប្រិយភាពកើនឡើង។ នេះជាស្នាដៃថ្មីរបស់ផលិតកម្មរ៉ក់ ដោយក្នុងសាច់រឿងក៏អោយលោកសម្ដែងយ៉ាងកម្សត់មិនខុសគ្នានឹងស្នាដៃរឿង«សុផាត» ដែលលោកធ្លាប់បានកញ្ជ្រោលអារម្មណ៍មហាជនផងដែរ។

លោក ម៉ឺនឯក សុភារិទ្ធ និយាយថា ភាពយន្តដែលលោកទើបតែបានទទួលតំណែងជាតួឯកថ្មីនេះ គឺមានចំណងជើងថា«ទាយាទបាប» ដោយក្នុងសាច់រឿងគឺលោកជាតួអង្គស្លូតដូចគ្នានឹងរឿង«សុផាត»ទៀតហើយ ទើបលោករំពឹងថានឹងទទួលបានការចាប់អារម្មណ៍ទៀតហើយ ដោយសារតែការសម្ដែងចរិតស្លូត គឺត្រូវនឹងត្រេមុខ និងចរិតខាងក្រៅរបស់លោក ដែលងាយអោយលោកសម្ដែងបានស្រួល។ ភាពយន្តនេះ មានចំនួន៥០ភាគ ដោយការចេញថតនឹងចាប់ផ្ដើមចេញថតក្នុងពេលឆាប់ៗ ខណៈដែលការទទួលភាពយន្តនេះ គឺធ្វើអោយលោករយាលចោលការងារសិល្បៈមួយចំនួន ដើម្បីកុំអោយប៉ះពាល់នឹងការសម្ដែងក្នុងរឿង«ទាយាទបាប» ដែលជាស្នាដៃដំបូងរបស់លោកនៅក្នុងផលិតកម្មរ៉ក់។

លោកអះអាងថានឹងប្រឹងសម្ដែងអោយអស់សមត្ថភាព ដើម្បីអោយស្នាដៃថ្មីទទួលបានជោគជ័យក្នុងពេលដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍មួយក្នុងពេលខាងមុខ។ យ៉ាងណាមិញ លោកថាភាពយន្តមួយនេះ ក៏មានឈុតឆាកលំបាកមិនតិចនោះដែរ ទើបលោកក៏មានការបារម្ភខ្លះដែរនៅពេលដែលការសម្ដែងកាន់តែកៀកជិតដល់។

លោកម៉ឺនឯក សុភារិទ្ធ ទទួលស្គាល់ថាការងារសិល្បៈនាពេលចុងក្រោយបានទទួលជោគជ័យយ៉ាងខ្លាំង ជាពិសេសការងារសម្ដែង និងការងារពិធីករ ទើបធ្វើអោយលោកកាន់តែមានកម្លាំងចិត្តសម្រាប់ការងារសិល្បៈ ដែលលោកបានហៅទីផ្សារចុងក្រោយថាជោគជ័យក្រោយពីតស៊ូយ៉ាងលំបាកអស់ច្រើនឆ្នាំ។
យ៉ាងណាមិញ លោកថាទោះការងារសិល្បៈជួយអោយលោកបានតំណែងតួឯក ប៉ុន្តែលោកនៅតែប្រកាន់ជំហរនៅតែទទួលសម្ដែងជាតួរាយរងដដែលទេ ដោយគ្រាន់តែកុំអោយតែតំណែងក្នុងភាពយន្តនោះ ជាតួតូចតាចខ្លាំងពេក៕