ឈួន ពន្លឺ ប្រកាសដកខ្លួនពីភោជនីយដ្ឋាន «សាន់ឡាយ»

0

ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មី តារាសម្ដែងដែលធ្លាប់លេចធ្លោរគួរសម លោកឈួន ពន្លឺ បានប្រកាសជំហរ ថាលោកនឹងសម្រេចដកខ្លួនពីភោជនីយដ្ឋាន«សាន់ឡាយ» ក្នុងពេលឆាប់ៗនេះហើយ ដើម្បីរកពេលដកខ្លួន ហើយមានសេរីភាពខ្លះក្នុងកិច្ចការដែលខ្លួនពេញចិត្ត។ លោកថាខ្លួនមិនចង់បន្តជាប់សម្ពាធហាងហើយរកពេលសូម្បីតែថតស្ពត និងសម្ដែងរឿងមិនបានដូចប៉ុន្មានខែចុងក្រោយ ក្រោយពីបានតំណែងជាថៅកែធំនោះទេ។

លោក ឈួន ពន្លឺ និយាយថា ប្រមាណច្រើនខែមកហើយដែលលោកច្រានចោលសកម្មភាពថតកុន ដោយទទួលថតតែរឿង«កូនពស់កេងកង»របស់លោកហ្វៃ សំអាង ព្រោះតែជាប់កុងត្រាប៉ុណ្ណោះ។ ប៉ុន្តែក្នុងពេលដ៏ខ្លី លោកនឹងទម្លាក់ហាងចោលអោយបងប្អូន និងដៃគូភាគហ៊ុន គឺលោក នាង វ៉ាងសាន់ មើលខុសត្រូវជំនួស ហើយលោកទទួលថតកុន និងទទួលការងារសិល្បៈអោយក្រាស់ក្រែលវិញ។ លោកថាខ្លួនចង់ទទួលថតកុនតាំងពីបើកហាងហើយភ្លាមៗម្លេះ ប៉ុន្តែមកពីភ្នែកនៅស្លក់ព្រោះតែអត់ងងុយខ្លាំងពេក ស្របគ្នាដែលមេចុងភៅមួយរូប ក៏ក្រឡុកលោកផង ទើបធ្វើអោយលោកមិនអាចចោលហាង ហើយមានតែចោលការទំនាក់ទំនងថតរឿង រហូតធ្វើអោយផលិតករមួយចំនួនស្មានថាលោកលែងថត ហើយផ្អាកការផ្ដល់ឱកាស។ មកទល់ពេលនេះ លោកថាភោជនីយដ្ឋាន«សាន់ឡាយ»ដែលស្ថិតនៅម្ដុំស្ដុបទួលទំពូងរបស់លោកដំណើរការបានស្រួលវិញហើយ ជាពិសេសបន្ទាប់ពីលោកក៏រកបានមេចុងភៅ ដែលមិនធ្វើបាបលោក ហើយការងារមើលខុសត្រូវហាង ក៏មានបុគ្គលិកជំនិតៗ អាចគ្រប់គ្រងបាន។

យ៉ាងណាមិញ លោកថាមិនចោលមុខជំនួញមួយនេះទាំងស្រុងដោយសារតែការថតកុននោះទេ គឺគ្រាន់តែលោកប្រកាសទទួលថតឡើងវិញ ដើម្បីកុំអោយស្ងប់ស្ងាត់ទីផ្សារក្នុងពេលដែលលោកមិនចង់បាត់ឈ្មោះប៉ុណ្ណោះ។ លោកថាខ្លួននឹងទទួលការងារសិល្បៈអោយខ្លាំងជាថ្មី ប៉ុន្តែបើចោលមួយអាទិត្យទៅមួយអាទិត្យ ពីមួយខែទៅមួយខែ ក៏មិនកើតនោះដែរ ដោយសារតែភាពជាក់ស្ដែងមុខជំនួញរបស់ខ្លួន បើលោកមិនចេញចូលត្រួតត្រា ក៏ប្រឈមនឹងការខាតបង់។

ឪលោក ឈួន ពន្លឺ ត្រូវគេកត់សម្គាល់ស្រកសាច់ជាងមុនច្រើន ចាប់តាំងពីលោកបានក្លាយជាម្ចាស់ហាងធំដុំ ដោយហេតុផលនោះគឺដោយសារតែលោកដើរតួជាម្ចាស់ហាងផង ជាមេការផង និងជាអ្នកដេគ័រហាងរាល់ពេលមានការថែមថយទៅទៀត ដោយសារតែលោកចេះជំនាញជាងស្រាប់។ លោកអះអាងថា អាជីវកម្មមានភ្ញៀវមួយយប់ទើសភ្លឺ ប៉ុន្តែចំណូលដែលខ្លួនទទួលបាន បានត្រឹមតែទប់តម្រូវការ និងបន្ថែមដើមលើការពង្រីកមុខរបរប៉ុណ្ណោះ គឺមិនអាចអោយលោកក្ដោបក្ដាប់ប្រាក់ចំណេញធ្វើមានធ្វើបាននៅឡើយទេ៕