នៅដើមឆ្នាំ២០១៩នេះ តារាសម្ដែងលោកម៉េង ប៊ុនឡូ នឹងបញ្ចេញស្នាដៃភាពយន្តរបស់ខ្លួនគឺរឿង«ចិញ្ចៀន»ដើម្បីដាក់បញ្ចាំងលក់សំបុត្រជាផ្លូវការហើយ ខណៈដែលស្នាដៃនេះគឺភាពយន្តដែលបង្ហាញថាលោកបានដើរតួជាផលិតករ បន្ថែមពីលើអាជីពដែលមានស្រាប់ ប៉ុន្តែតារាចម្រៀង និងជាតារាសម្ដែងរូបនេះ ប្រាប់ថាមិនដល់ថ្នាក់ចាប់អាជីពផលិតរឿង និងបញ្ចេញស្នាដៃ ហើយចោលការងារសម្ដែង និងអាជីពសិល្បៈ ដែលគេត្រូវការឡើយ។
លោកថាផលិតករភាគច្រើនរមែងបោះបង់ការងារដែលធ្លាប់ទទួលធ្វើនាពេលកន្លងមក ប៉ុន្តែសម្រាប់លោកកាបញ្ចេញស្នាដៃក៏ប្រឹងប្រែង ហើយការងាររួមមានពិធីករ សម្ដែង និងចម្រៀងក៏នៅតែសកម្ម។
លោក ម៉េង ប៊ុនឡូ បានថ្លែងបញ្ជាក់ថា លោកពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលភាពយន្តរឿង«ចិញ្ចៀន» ដែលលោកសម្ងំផលិតយ៉ាងលំបាកទាំំងការនិពន្ធ ទាំងការសម្ដែង និងការដឹកនាំតួជាដើម ត្រូវបានលេចចេញរូបរាងផ្លូវការ ដោយថែមទាំងត្រូវបានរោង និងនាយកដ្ឋានភាពយន្ត ផ្ដល់សិទ្ធិអោយដាក់បញ្ចាំងនៅថ្ងៃទី៣ មករា ឆ្នាំ២០១៩ខាងមុខ ដែលត្រូវបានលោកចាត់ទុកថាជាថ្ងៃល្អសម្រាប់អបអរឱកាសឆ្លងឆ្នាំថ្មី និងឱកាសបុណ្យជាតិ៧មករា។ លោករំពឹងយ៉ាងខ្លាំងថា ស្នាដៃនេះនឹងទទួលបានការគាំទ្រខ្ពស់ក្នុងចំណោមអ្នកស្នេហាវិស័យភាពយន្ត ដោយសារតែក្នុងភាពយន្តទាំងមូល លោកក៏បានរំលេចតួអង្គសំខាន់ៗដូចជាអ្នកនាង ទូច ស្រីលក្ខណ៍ កញ្ញា ដួង ម៉ានិច លោក លឹម រដ្ឋា លោក សុវណ្ណ គីរី និងអ្នកលេងក្បាច់គុនល្បុក្កតោច្រើនរូប ដែលលោកធានាថាតួអង្គសំខាន់ទាំងនេះ នឹងទាញអ្នកគាំទ្ររៀងៗខ្លួនបានច្រើន។
លោក ម៉េង ប៊ុនឡូ បញ្ជាក់ថា ខ្លួននឹងបញ្ចេញស្នាដៃថ្មីដែលជាការនិពន្ធ និងដឹកនាំសម្ដែងរបស់ខ្លួនក្នុងពេលបន្តបន្ទាប់ទៀត ដោយគម្រោងនឹងមានមហិច្ឆតាធ្វើជាផលិតករអោយជោគជ័យផង។ យ៉ាងណាមិញលោកថាខ្លួននៅតែទទួលច្រៀង ទទួសម្ដែង និងធ្វើពិធីករមិនអោយស្ងប់ស្ងាត់ទេ ដោយលោកនឹងលៃពេលទទួលការងារទាំំងនោះមិនអោយរបូតសូម្បីតែមួយ។ លោករំពឹងថាភាពយន្តរឿង«ចិញ្ចៀន»នឹងបើកទំព័របង្ហាញមហាជន អោយឃើញពីការប្រឹងប្រែងរបស់លោក ជាពិសេសគឺការផលិតរឿងដែលលោកយល់ថាវាដល់ពេលហើយ ដែលលោកត្រូវបញ្ចេញស្នាដៃក្នុងនាមជាផលិតករ៕