សាន ផានិត ប្រកាសគម្រោង ប៉ះម៉េម៉ាយសប្បាយចិត្ត លើទឹកដីកូរ៉េ (មានវីដេអូ)

0

នៅថ្ងៃទី៣១ ធ្នូ ដែលជាថ្ងៃដាច់ឆ្នាំដ៍ធំខាងមុខ នៅក្នុងប្រទេសកូរ៉េ នឹងរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំទ្រង់ទ្រាយធំ ជូនដល់ក្រុមពលករខ្មែរនៅក្នុងប្រទេសនោះ ដើម្បីអោយបងប្អូនខ្មែរបានចូលរួមសប្បាយរីករាយជាមួយនឹងការប្រលងចម្រៀង ការប្រលងសម្រស់ និងការសម្ដែងពីសំណាក់តារាល្បីរួមមានលោក ខេម និងកញ្ញារ៉ូលីនជាដើម។ ក្នុងនោះតារាចម្រៀង លោកសាន ផានិត និងម្ចាស់បទមេម៉ាយសប្បាយចិត្ត កញ្ញា រ័ត្ន រចនា ក៏ត្រូវបានគេអញ្ជើញអោយទៅច្រៀងរាំផងដែរ ដោយអ្នកទាំងពីរបានបង្ហាញអារម្មណ៍ក្នុងវេទិកាសន្និសីទកាសែត កាលពីថ្ងៃទី៨ ធ្នូ ថាខ្លួនសប្បាយចិត្តយ៉ាងខ្លាំងដែលបានចូលរួមក្នុងវេទិកាដ៏ធំមួយនេះ។

លោក សាន ផានិត និយាយថា លោកមានអារម្មណ៍រំភើបតាំងពីពេលដឹងថាអ្នករៀបចំកម្មវិធីចង់បានរូបលោកអោយចេញទៅច្រៀងនៅក្នុងកម្មវិធីឆ្លងឆ្នាំនោះម្ល៉េះ ខណៈដែលលោកកាន់តែមានអារម្មណ៍ត្រេកអរទៅទៀត ដែលបានឡើងឆាកនៅក្រៅប្រទេសឡើងវិញ ក្រោយពីរអិលធ្លាក់អស់មួយខ្យល់ធំ។

លោកថាវេទិកាដែលលោកនឹងទៅច្រៀងរាំនោះ គឺជាវេទិការៀបចំដោយស្ថានទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ ហើយមានការ សហការពីលោក ឡេង ណាវ៉ាត់ត្រា ដែលជាអ្នកជំនួញ និងជាម្ចាស់គម្រោងដីធ្លីល្បីឈ្មោះ។ លោកថ្លែងអោយអារម្មណ៍រំភើបចិត្តថា ដ្បិតតែលោកធ្លាប់បានចេញច្រៀងក្រៅប្រទេសកន្លងមក ប៉ុន្តែលោកចាត់ទុកថាឱកាសបានចេញប្រទេសកូរ៉េលើកនេះ គឺជារឿងមុខមាត់កម្រមាន ជាពិសេសក្នុងពេលដែលលោកខានបានបង្ហាញការរំពឹងថាខ្លួននឹងមានទីផ្សារចេញច្រៀងនៅក្រៅប្រទេសជាយូរមកហើយ។

លោកថាក្នុងចំណោមតារាទាំងអស់ដែលបានចេញទៅសម្ដែងនៅថ្ងៃទី៣១ ធ្នូនោះ តារាចម្រៀងខេម កញ្ញា រ៉ូលីន និងតារាចម្រៀងលោកសុទ្ធតែធ្លាប់ឡើងឆាកប៉ះគ្នាស្គាល់ចិត្ត និងស្គាល់ទេពកោលសល្យពីគ្នាទៅវិញទៅមករួចមកហើយ លើកលែងតែម្ចាស់បទម៉េម៉ាយសប្បាយចិត្ត ដែលលោកបានធ្វើជាដៃគូ ដែលលោកយល់ថាគឺជាអ្វីដែលលោកសប្បាយចិត្ត ជាពិសេសក្នុងពេលប៉ះគ្នាលើកដំបូង ហើយស្រាប់តែប៉ះនៅក្នុងប្រទេសកូរ៉េបែបនេះ។

មិនខុសគ្នាដែរ តារាចម្រៀងសាច់ទ្រលុកទ្រលន់ កញ្ញា រ័ត្ន រចនា ក៏បានបង្ហាញអាមរ្មណ៍រំភើបចិត្ត ដែលបានចាប់ដៃជាមួយលោក សាន ផានិត ទៅច្រៀងកំដរបងប្អូនក្រុមពលករខ្មែរនៅថ្ងៃឆ្លងឆ្នាំនោះផងដែរ។ កញ្ញាថាខ្លួននឹងបញ្ចេញសមត្ថភាពអោយអស់នៅលើវេទិកានោះ ដោយក្រៅពីច្រៀងបទចម្រៀងអាចរាំសប្បាយៗ ក៏នឹងការបង្ហាញនូវឈុតបែបខ្មែរដើម្បីលើកកម្ពស់អត្តសញ្ញាណខ្មែរនៅក្នុងវេទិកានោះដែរ។

លោក ឡេង ណាវ៉ាត់ត្រា ដែលជាដៃគូសហការក្នុងការរៀបចំព្រឹត្តិការណ៍នោះ បានអះអាងថា កម្មវិធីដែលគ្រោងធ្វើឡើងនោះ គឺជាការរៀបរបស់ឯកអគ្គរាជទូតរបស់ប្រទេសកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ ដើម្បីអោយបងប្អូនពលករកូរ៉េទូទាំងប្រទេសកូរ៉េ បានរីករាយជាមួយនឹងកម្មវិធីសិល្បៈ បន្ទាប់ពីធ្វើការហត់ពេញមួយឆ្នាំតាំងពីដើមខែមករា។ កម្មវិធីនេះ មានលក្ខណៈខុសប្លែកជាងមុនត្រង់មានការប្រលងចម្រៀង និងប្រលងបុរសឯកនារីឯក ដោយខាងស្ថានទូតកម្ពុជា បានដំណើរជ្រើសរើសអ្នកប្រលងចម្រៀង និងអ្នកប្រលងសម្រស់ជាបណ្ដើរៗមកហើយ ដើម្បីធ្វើការប្រកួតជម្រុះនៅថ្ងៃទី៣១ ធ្នូ ហើយពេលរាត្រីក៏មានការប្រគំតន្ត្រីរាំលេងពីតារាចម្រៀងពីកម្ពុជា ដែលរួមមានលោកសាន ផានិត និងលោកខេមជាដើមនោះ។

លោកថាសម្រាប់ការដាក់ពាក្យប្រលងចម្រៀង និងប្រលងសម្រស់ គឺក្រុមពលករមិនមានការចំណាយប្រាក់សូម្បីតែមួយរៀល ផ្ទុយទៅវិញគឺបានទទួលប្រាក់រង្វាន់ពីលេខ១ ដល់លេខ៥ សម្រាប់វិញ្ញាសារមួយៗ ពីក្រុមហ៊ុនឡេងណាវ៉ាត់ត្រា ដែលលោកប្រកាសថាមិនទាន់ចង់បង្ហើបដោយរង់ចាំកៀរគរការគាំទ្រអោយបានច្រើនបន្តិចទៀតសិន។ ប៉ុន្តែសម្រាប់កម្មវិធីរាត្រីសមោសរ និងការរាំកម្សាន្តនៅពេលយប់ ដែលមានតារាល្បីៗបង្ហាញខ្លួន គឺតម្រូវអោយទិញបុងញាំអាហារប៊ុហ្វេខ្លួនឯងក្នុងម្នាក់ប្រមាណជា២០ដុល្លារ ដោយសារតែលោករ៉ាប់រងតែរឿងនាំតារាចម្រៀងទៅ ផ្ដល់ប្រាក់រង្វាន់ដល់អ្នកឈ្នះ និងការចំណាយលើការជួយទីតាំង ក៏ដូចជាការរ៉ាប់រងលើសន្តិសុខនៅក្នុងពិធី ចំណែកការចំណាយលើអាហារគឺអ្នកចូលរួមត្រូវរ៉ាប់រងខ្លួនឯង។ កម្មវិធីមួយនេះគម្រោងទទួលអ្នកចូលរួម១៥០០នាក់ ដោយសារតម្រូវការសាល ខណៈដែលអ្នកប្រលងចម្រៀង និងប្រលងសម្រស់ជាប់ ក៏នឹងមានសកម្មភាពសិល្បៈតូចធំច្រៀងរាំនៅកូរ៉េក្រោមការរៀបចំរបស់ទូត ហើយពេលត្រលប់មកកាន់កម្ពុជាវិញ ក៏នឹងមានឱកាស ក្លាយជាតារាអាជីព៕

LEAVE A REPLY

Please enter your comment!
Please enter your name here