រឿង«ព្រាយ»សាហាវដល់ថ្នាក់ ក្រសួងចេញបម្រាម

0

នៅថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៨នេះ ភាពយន្តខ្នាតធំរឿង«ព្រាយ»របស់ផលិតកម្មបដិហារ្យ ដែលត្រូវបានគេដឹងថាបានចំណាយការផលិតខ្ពស់ និងបានប្រើពេលផលិតអស់យ៉ាងយូរ នឹងសម្រេចដាក់បញ្ចាំងលក់សំបុត្រជាផ្លូវការហើយ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺភាពយន្តនេះ បែរជាត្រូវបាននាយកដ្ឋានភាពចេញបម្រាមមិនអោយមនុស្ស២ក្រុមទៅទស្សនា ក្នុងពេលដែលមនុស្សដែលរងបម្រាមទាំងនោះ សុទ្ធតែត្រូវបានគេអះអាងថាចូលចិត្តទស្សនាភាពយន្តខ្មែរតាមរោងទំនើប។
យោងតាមការបង្ហោះរបស់ផេកបដិហារ្យភាពយន្ត បានសរសេរថា នាយកដ្ឋានភាពយន្ត មិនអនុញ្ញាតអោយក្មេងអាយុក្រោម15ឆ្នាំ ចូលទស្សនាភាពយន្តរឿង«ព្រាយ»នោះទេ ដោយនាយកដ្ឋានក៏មិនអោយអ្នកមានជំងឺបេះដូងចូលទស្សនាដូចគ្នាផងដែរ ព្រោះតែអះអាងថាភាពយន្តនេះមានឈុតឆាកច្រើនបង្ហាញពីភាពរន្ធត់ខ្លាំង ហើយអាចបណ្ដាលអោយអ្នកមានជំងឺបេះដូងមានបញ្ហាជាយថាហេតុតនៅក្នុងរោងកុន។ យ៉ាងណាមិញបើដឹងថាខ្លួនមានបញ្ហាបេះដូង ហើយចង់ទស្សនាក៏ទាមទារអោយមានមនុស្សពីរនាក់នៅទស្សនាជាមួយផងដែរ ដើម្បីការពារកុំអោយមានរឿងកើតឡើង។ ផលិតភាពយន្តយល់ថាបម្រាមដែលបានដាក់ចេញនឹងមិនធ្វើអោយភាពយន្តរបស់ខ្លួន បាត់ចំណូល និងបាត់ចំនួនអ្នកគាំទ្រនោះទេ ផ្ទុយទៅវិញ បែរជាយល់ឃើញថានឹងក្លាយជារឿងផ្ទុះទៅវិញ សម្រាប់អ្នកចង់ទស្សនាភាពយន្តរន្ធត់ខ្លាំង ហើយមិនស្ថិតក្នុងជំពូកជាអ្នកទស្សនាជាប់បម្រាម។លោក ស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យបានអះអាងថា អ្វីដែលខាងនាយកដ្ឋានភាពយន្តដាក់បម្រាម រូបលោកមានប្រតិកម្មនោះទេ ផ្ទុយទៅវិញលោកក៏គាំទ្រមិនអោយក្មេងក្រោម១៥ឆ្នាំ និងអ្នកមានបញ្ហាបេះដូងចូលទស្សនានោះដែរ ដោយលោកបញ្ជាក់ថាមិនអាចគ្រាន់តែចង់បានផលចំណេញហើយមិនគិតពីផលប៉ះពាល់។ លោកអះអាងថាក្នុងភាពយន្តរឿង«ព្រាយ»នេះត្រូវបានសម្រិតសម្រាំង និងផលិតឡើងដោយយកចិត្តទុកដាក់លើគុណភាពរឿងយ៉ាងខ្លាំង ទើបលោកនៅតែរំពឹងថានឹងមានអ្នកទស្សនាចាប់អារម្មណ៍ ព្រោះតែភាពយន្តទាំំងមូល គឺផ្ដោតលើគុណភាព ស្ដង់ដារ និងពោរពេញដោយឈុតភ័យរន្ធត់។
ជាមួយនឹងបកស្រាយ គេកត់សម្គាល់ថាភាពយន្តមួយនេះ ពិតជាពោរពេញដោយប្លង់សាហាវៗ និងគួរអោយភ័យរន្ធត់ប្រាកដមែន ប៉ុន្តែគេនៅតែរំពឹងថាការដាក់បញ្ចាំងផ្លូវការនៅថ្ងៃទី១៣ ធ្នូនេះ នឹងកញ្ជ្រោលអ្នកចូលចិត្តភាពយន្តរន្ធត់ៗ អោយសម្រុកទៅទស្សនាស្របគ្នានឹងឱកាសជិតដាច់ឆ្នាំ គឺមានមនុស្សចូលចិត្តលម្ហែកាយច្រើនជាពិសេសអ្នកចូលចិត្តមើលកុន។