ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃទី៨ ធ្នូ ដោយសារតែកំពូលតារាចម្រៀង២ដួងប្រចាំហង្សមាស និងតារាចម្រៀងប្រចាំផលិតកម្ម Galaxy គឺលោកឧកញ៉ា ឡេង ណាវ៉ា់ត់ត្រា បានបើកសន្និសិទកាសែតរួមគ្នាបង្ហាញពីជំហរក្នុងជំនួញដីធ្លី និងសង់បុរី ដែលគម្រោងរបស់តារាទាំង៣ គឺចំណាយអស់ជាង២០លានដុល្លារ និងធ្វើឲ្យកក្រើកយ៉ាងខ្លាំងក្នុងជំនួញអចលនទ្រព្យមួយនេះ។ តារាទាំងបីបានប្រកាសយ៉ាងមុខមាំថា នឹងធ្វើអោយជំនួញដីធ្លី និងបើកសាងសង់បុរីរបស់ខ្លួនក្លាយជាគម្រោងកាន់តែធំក្នុងពេលបន្តបន្ទាប់ ខណៈដែលក្រោយពីបើកគម្រោងយក្សនៅម្ដុំផ្សារព្រៃទទឹងលើបណ្ដោយផ្លូវជាតិលេខ៣នេះ ក៏នឹងមានគម្រោងបន្តបន្ទាប់ទៀត ដោយមិនបែកហ៊ុនគ្នាឡើយ ដើម្បីប្រកួតប្រជែង។
ថ្លែងក្នុងវេទិកាសន្និសីទកាសែតនៅលើទីតាំងដីឡូតិ៍ស្ថិតនៅផ្សារព្រៃទទឹង ចូលតាមច្រកវត្តអន្លង់គគីរ តាមបណ្ដោយផ្លូវជាតិលេខ៣ ដែលមានចំងាយប្រមាណជា១២គីឡូ ពីរង្វង់មូលចោមចៅ ស្ថិតនៅលើផ្លូវជាតិលេខ៣ ម្ដុំផ្សារព្រៃទទឹងចូលតាមច្រកវត្តអន្លង់គគី លោក ព្រាប សុវត្ថិ ថ្លែងថា គម្រោងចាប់ដៃជាមួយ លោក ខេមរៈ សិរីមន្ត និងលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លើកនេះ គឺជាគម្រោងធំមួយសម្រាប់គម្រោងពុះដីឡូតិ៍លក់ និងសាងសង់បុរី ដោយគម្រោងទាំងមូល ក្រៅពីស្ថិតនៅលើទីតាំងដែលជាទីប្រជុំជនល្អ ងាយស្រួលរស់នៅ មានតម្លៃធូរថ្លៃ ក៏ជាគម្រោងដែលបង្ហាញពីការសាមគ្គី និងយល់ចិត្តថ្លើមគ្នារវាងពួកលោកទាំង៣ ជាពិសេសគឺលោកខេមរៈ សិរីមន្ត កាន់តែល្អផងដែរ។
លោកថា រវាងលោក និងលោកខេមរៈ សិរីមន្ត គឺជាបងប្អូនគ្នាដ៏ល្អ តាំងពីមុនហក់ចូលហង្សមាសមកម្ល៉េះ ប៉ុន្តែមកពីពេលកន្លងមកមិនមានគម្រោងឯកជនរួមគ្នា ក្រៅពីប៉ះគ្នាលើឆាក ទើបធ្វើអោយម្នាក់ៗមានការយល់ច្រលំថាលោក និងលោកខេមរៈ សិរីមន្ត កុងគ្នា។ លោកថាសប្បាយចិត្ត ដែលលោក និងលោក ខេមរៈ សិរីមន្ត បានចាប់ដៃគ្នាក្នុងគម្រោងធំដុំ ខណៈដែលមុខជំនួញនេះ គឺបានកិច្ចសហការ និងការដុតដៃដុតជើងពីអ្នកជំនាញដីធ្លីគឺលោក ឡេង ណាវ៉ាត់ត្រា យ៉ាងយកចិត្តទុកដាក់។ លោករំពឹងយ៉ាងខ្លាំងថា គម្រោងធំមួយនេះ នឹងកក្រើក ហើយទទួលបានលទ្ធផលខ្លាំងជាងមុន ដោយសារតែគម្រោងមួយនេះក្រៅពីពុះជាឡូតិ៍ដាក់លក់ ក៏មានគម្រោងសង់ជាផ្ទះវីឡាសម្រាប់លក់ ហើយស្ថិតនៅក្នុងតំបន់សក្កានុពលនៅតាមបណ្ដោយផ្លូវជាតិលេខ៣។ លោកប្រកាសគ្មានថ្ងៃបែកហ៊ុនគ្នាពីគ្នានោះទេ បើទោះជាកាលៈទេសៈក្នុងពេលខាងមុខ មុខជំនួញមួយនេះអាចអោយលោកមានទុនអាចឈរម្នាក់ឯង។
លោក ខេមរៈ សិរីមន្ត ថ្លែងបញ្ជាក់ក្នុងវេទិកានោះថា បន្ទាប់ពីរំលេចគម្រោងយក្សមួយនេះ លោក និងលោក ព្រាប សុវត្ថិ នឹងមានគម្រោងយក្សធំៗបែបនេះបន្តបន្ទាប់ទៀត ដោយការបាក់បែកសាមគ្គីគឺមិនអាចមានឡើយ ជាពិសេសនៅក្នុងកាលៈទេសៈ ដែលលោកក៏ត្រូវការដៃគូសហការ និងត្រូវការបង្កើនដើមទុនជាមួយដៃគូអោយបានច្រើនកាន់តែដើម្បីប្រកួតប្រជែងនេះ។ លោកថាគម្រោងសង់បុរី និងពុះលក់លើទីតាំងថ្មីនៅម្ដុំផ្សារព្រៃទទឹងនេះ មិនត្រឹមតែផ្ដល់អោយអតិថិជននៅដីឡូតិ៍ល្អៗ និងសំណង់ផ្ទះរឹងមាំមិនអោយប៉ះពាល់មុខមាត់ជាតារាចម្រៀងរបស់ពួកលោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ដល់កាដូយ៉ាងពិសេសចំពោះអតិថិជនដែលជាវភ្លាមៗក្រោយប្រកាសសន្និសីទនេះផងដែរ។
លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកាសថាវត្តមានកំពូលតារាចម្រៀងទាំំងពីរជាដៃគូភាគហ៊ុន មិនត្រឹមតែទទួលបានដើមទុនកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយអោយមុខជំនួញទាំងមូលទទួលបានការចាប់អារម្មណ៍ក្នុងការប្រកួតប្រជែង។ ក្នុងនោះចំពោះជំនឿចិត្តសម្រាប់អតិថិជនក៏នឹងខ្ពស់ផងដែរ ដោយសារតែតារាចម្រៀងទាំងពីរគឺជាតារាល្បី ដែលអតិថិជនចង់ទិញដីឡូតិ៍ ឬទិញជាផ្ទះ មិនភ័យរឿងគម្រោងដីនេះជាគម្រោងដីមិនស្របច្បាប់ ឬសំណង់ផ្ទះខ្យល់។ គម្រោងទាំងមូលលោកថា ប្រើដើមច្រើនជាង២០លានដុល្លារ ដោយពួកលោកទាំង៣សុទ្ធតែមានភាគហ៊ុនជាចំណែក មិនមែន លោក ព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត មកក្នុងតំណែងជាតំណាងក្រុមហ៊ុននោះឡើយ។ លោកថាគម្រោងនេះ គ្រាន់តែផ្ទៃដីសម្រាប់ពុះឡូតិ៍ និងសង់ជាបុរី គឺមានរហូតដល់ប្រមាណ៥០ហិកតា ខណៈដែលទីតាំងទាំងមូលក៏ស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ៣ ម្ដុំផ្សារព្រៃទទឹង ត្រង់វត្តអន្លង់គគី ដែលមានចំណាយតែប្រមាណ១០គីឡូពីរង្វង់ចោមចៅ ងាយស្រួលអោយអតិថិជនស្វែងរកផលចំណេញពីការទិញលក់ ឬទិញសម្រាប់រស់នៅ៕