មកកម្ពុជា១ខែ កូនខ្មែរ The Voice Kids Canada រំលេចស្នាដៃបានដល់ម្លឹង

0

ក្រោយមកដល់ប្រទេសកម្ពុជារយៈពេលប្រមាណមួយខែ អតីត The Voice Kids Canada វ័យ១៤ឆ្នាំ ប្អូនប្រុស ឃុន អែនឌី ទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការរំលេចស្នាដៃមុនពេលត្រលប់មកវិញ។ តារាចម្រៀងវ័យក្មេងរូបនេះ សង្ឃឹមយ៉ាងខ្លាំងខ្លួននឹងកាន់តែជោគជ័យនៅលើទឹកដីកាណាដា ស្របគ្នាដែលប្អូនក៏ត្រៀមបង្ហាញបទចម្រៀងដែលខ្លួនថតបានជាភាសាខ្មែរ យកទៅបង្អួតនៅទីនោះផង។

អ្នកស្រី ឃុន វណ្ណា អតីតតារាចម្រៀងល្បីឈ្មោះ និងជាម្ដាយបង្កើត បានអះអាងថា រយៈពេលមួយខែមកនេះ កូនប្រុសរបស់អ្នកស្រី ដែលជាប់លេខ២ក្នុងព្រឹត្តិការណ៍ The Voice Kids នៅកាណាដា នឹងជាកូនខ្មែរសញ្ជាតិកាណាដាតែម្នាក់ ដែលបានល្បីឈ្មោះក្នុងកម្មវិធីនោះ ទទួលបានបទពិសោធន៍នៅកម្ពុជាច្រើនណាស់ បើទោះជាកូនរបស់អ្នកស្រីធំធាត់លើទឹកដីកាណាដា។ អ្នកស្រីថាប្អូនប្រុស ឃុន អែនឌី ជាកូនប្រុសត្រូវបានអ្នកស្រីនាំដើរកម្សាន្ត អមដោយការថតសកម្មភាពទុកច្រើនណាស់ នៅតាមបណ្ដាខេត្តសំខាន់ៗដូចជាខេត្តសៀមរាប បាត់ដំបង ខេត្តតាកែវ កំពត និងពីរបីខេត្តទៀត ដើម្បីទុកសកម្មភាពទាំំងនោះផលិតជាMV ប្រសិនបើមិនអាចចុះមកថតដោយផ្ទាល់នៅកម្ពុជាម្ដងទៀត។ អ្នកស្រីថា រយៈពេល១ខែមកនេះ កូនប្រុសរបស់អ្នកស្រីថតបាន១១បទ ដោយក្នុងចំណោមបទទាំងនោះរួមមានបទនិពន្ធថ្មី បទកន្រ្ទឹម បទខ្មែរលាយអង់គ្លេស និងបទពីដើមច្រៀងឡើងវិញ ដើម្បីអោយកូនប្រុសមានបទជាដើមកំណើតជាតិខ្លួនយកទៅកាណាដា។

ប្អូនប្រុស ឃុន អែនឌី បញ្ជាក់ថាក្នុងចំណោមទឹកដីកម្ពុជាទាំងអស់ដែលប្អូនបានទៅដល់ ប្អូនដិតដាមអារម្មណ៍នឹងខេត្តសៀមរាបជាងគេ ដោយសារតែទឹកដីនោះជាលើកដំបូងដែលប្អូនបានឃើញ ខណៈដែលប្អូនក៏ថតពីសកម្មភាពរបស់ខ្លួននៅលើទឹកដីអង្គរច្រើនជាងគេផងដែរ ដើម្បីទុកបញ្ចូលក្នុងបទចម្រៀង។ នៅលើទឹកដីកាណាដា ប្អូនថាមានការងារច្រៀងច្រើនដោយសារតែក្រោយបញ្ចប់កម្មវិធី ប្អូននៅតែជាប់កុងត្រា ហើយត្រូវចេញច្រៀងក្នុងកម្មវិធីខនសឺតតូចធំច្រើនដែលរៀបចំដោយអ្នករៀបចំការប្រគំតន្ត្រីផ្សេងៗ និងរៀបចំដោយម្ចាស់ទូរទស្សន៍ផង។ អ៊ីចឹងហើយ ទើបប្អូនសម្រុកថតបទចម្រៀងត្រលប់ទៅវិញ ដើម្បីពង្រីកទីផ្សារ៕