ពិតជាភ្ញាក់ផ្អើលទៀតហើយ ក្នុងពេលដែលមានដំណឹងថា តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត បានដាក់ហ៊ុនរួមគ្នារហូតដល់រាប់លានដុល្លារក្នុងគម្រោងបើកលក់ដីធ្លី និងសង់បុរីដាក់លក់តែម្ដង ដែលគម្រោងមួយនេះ មានការចូលរួមជាមួយលោក ឡេង ណាវ៉ាត់ត្រា ដែលត្រូវគេអះអាងថាប្រើទុនរហូតដល់ជាង២០លានដុល្លារ។ នេះជាគម្រោងបើកជំនួញធំដំបូងរបស់តារាទាំងពីរ ខណៈដែលមុខជំនួញដែលត្រូវបានទម្លាយចេញនេះ ក៏ជាគម្រោងបើកជំនួញលំដាប់សេដ្ឋី ដែលកាន់តែធ្វើអោយតារាទាំងពីរទទួលបានការចាប់អារម្មណ៍ខ្លាំងថែមទៀត ក្នុងពេលដែលអ្នកទាំងពីរគឺជាកំពូលតារា ដែលត្រូវគេប្រដូចថាជាខ្លាឈ្មោល២លើភ្នំសិល្បៈតែមួយទៅហើយ។
ក្រោយការបង្ហោះរូបពាក់ព័ន្ធនឹងគម្រោងបណ្ដាក់ទុននេះ ធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីមានការអះអាងថាលោកព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត សម្រេចចិត្តរួមគ្នាបណ្ដាក់ទុនបើកគម្រោងពុះលក់ដីឡូតិ៍រួមគ្នា បន្ទាប់ពីទទួលបានជោគជ័យក្នុងគម្រោងប្រកាស់លក់ដីធ្លីពុះកន្លងមកលក់រៀងខ្លួន ដែលកាលនោះពួកលោកចូលហ៊ុនត្រឹមទ្វេរភាគីម្ខាងៗជាមួយនឹងលោកឡេង ណាវ៉ាត់ត្រា ដែលជាឧកញ៉ាវ័យក្មេង។ យោងតាមការបង្ហោះ អ្នកទាំងពីរមិនត្រឹមតែក្លាយជាតារាមានជំនួញកម្រិតសេដ្ឋីប៉ុណ្ណោះទេ តែក៏ធ្វើអោយមន្ទិលដែលថាអ្នកទាំងពីរបានកាច់កុងគ្នា និងមិនសូវត្រូវគ្នាត្រូវបានបញ្ចប់ផងដែរ ដ្បិតបើអ្នកទាំងពីរខ្វែងគំនិតមិនសូវស៊ីសង្វាក់គ្នានៅក្នុងសិល្បៈ គឺពិតជាមិនអាចធ្វើជាដៃគូជំនួញនឹងគ្នាបានទេ។
ពាក់ព័ន្ធនឹងការទម្លាយនេះ លោក ឡេង ណាវ៉ាត់ត្រា បានទទួលស្គាល់ថា លោក ព្រាប សុវត្ថិ និង លោកខេមរៈ សិរីមន្ត ពិតជាបានបោះទុនរួមគ្នាបើកគម្រោងរកស៊ីដាក់លក់ដីធ្លីរួមគ្នា និងមានទាំងគម្រោងសាងសង់វីឡាដាក់លក់រួមគ្នាពិតមែន ដោយគម្រោងថ្មីនេះ គឺក្រៅពីមានការដាក់ហ៊ុនពីអ្នកទាំងពីរ គឺមានរូបលោកជាភាគហ៊ុនធំមួយផងដែរ ដែលមានន័យថា នេះជាគម្រោងបោះទុនរួមគ្នា៣នាក់លោកដំបូងរវាង លោក លោកព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត។ លោកថាគម្រោងដែលបានប្រកាសឡើងនេះ នឹងដំណើរការបើកសម្ពោធនៅអំឡុងចុងសប្ដាហ៍ទី១ ខែធ្នូនេះ ដោយគម្រោងនេះ គឺផ្ដោតជាធំលើសាងសង់វីឡាដាក់លក់ នៅលើផ្ទៃដីរហូតដល់ជាង៥០ហិកតារ នៅម្ដុំផ្សារព្រៃទទឹង ផ្លូវជាតិលេខ៣ ក្បែរៗនឹងគម្រោងចាស់ ដែលគម្រោងសង់វីឡា និងពុះឡូតិ៍រួមគ្នាលើផ្ទៃដីតែមួយនេះ គឺចំណាយរហូតដល់ជាង២០លានដុល្លារ ដែលទុនទាំងនោះគឺពួកលោកទាំង៣ដាក់ចំណែករួមគ្នា។
លោកថាគម្រោងលើផ្ទៃដីជាង៥០ហិកតានេះ នឹងក្លាយជាគម្រោងយក្សលើមុខជំនួញដីធ្លីនៅកម្ពុជា ខណៈដែលលោករំពឹងយ៉ាងខ្លាំងថាគម្រោងសង់បុរីដាក់លក់សម្រាប់គម្រោងថ្មីនេះ នឹងទទួលជោគជ័យ ដោយសារតែនោះគឺជាគម្រោងបើកឆាក ដែលលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានចំណាយដើមទុនរួមគ្នា ដែលមិនពិបាកនឹងអោយមហាជនជឿទុកចិត្ត៕