ស្ងាត់ពីសិល្បៈមួយរយៈ សុខ ហ្វីយ៉ា ក្លាយជាថៅកែស្រីយ៉ាងហ៊ឹកហ៊ាក់

0

ទើបតែបាត់មុខពីវិថីសិល្បៈប្រមាណជារង្វង់មួយឆ្នាំសោះ ស្រាប់តែម្ចាស់បទ«អស់ចិត្តស្រឡាញ់ហើយមែនទែន» របស់ផលិតកម្មE Nation មានដំណឹងក្លាយជាម្ចាស់ហាងយ៉ាងហ៊ឹកហ៊ាក់នៅភ្នំពេញថ្មី ដោយអាជីវកម្មរបស់អ្នកនាងត្រូវបានគេកត់សម្គាល់ជាភោជនីយដ្ឋានមានតូបបណ្ដែតទឹក និងស្ទូចត្រី ដែលមានភ្ញៀវ និងអ្នកដំណើរចេញចូលគគ្រឹគគ្រេង មិនអន់ជាងអតីតបឹងបៃតង ដែលនៅក្បែរហាងអ្នកនាងនោះផង។ អ្នកនាងប្រកាសថាបណ្ដាលមកពីមុខជំនួញ និងជីវិតឯកជនទទួលបានផ្លែផ្កាជាងមុន ទើបសម្រេចចិត្តដកខ្លួនពីសិល្បៈ តែមិនទាន់បប្រកាសជំហរបោះបង់នោះទេ គឺរង់ចាំអោយការងារមុខជំនួញរយាលដៃសិន។

អ្នកនាង សុខ ហ្វីយ៉ា បានអះអាងថា ហេតុផលដែលអ្នកនាងបាត់មុខលែងទទួលច្រៀងបទចម្រៀងថ្មីៗរបស់ផលិតកម្ម E Nation ក្រោយចេញបានមួយបទ«អស់ស្រឡាញ់ហើយមែនទេ!» ហើយទទួលបានការចាប់អារម្មណ៍ពីស្រទាប់មហាជន អ្នកនាងក៏សម្រេចចិត្តរៀបការជាមួយអ្នកជំនួញម្នាក់ ដោយចាប់ដៃគ្នាយ៉ាងលំបាកទម្រាំទទួលបានជោគជ័យក្នុងការបើកភោជនីយដ្ឋានផ្ទះបណ្ដែតទឹក និងស្ទូចស្រីធម្មជាតិយីហោ«ម្អមស្រែ»ក្នុងពេលនេះ។

អ្នកនាងថាខ្លួន និងស្វាមីបានបោះទុនប្រមាណជាង១០ម៉ឺនដុល្លារ បន្ទាប់ពីឃើញដីស្រះមួយកន្លែងស្ថិតនៅភូមិច្រែស ជិតតំបន់កម្សាន្តបឹងបៃតង និងតំបន់កម្សាន្តចម្ការព្រីងមានភាពអំណោយផលអាចអោយអ្នកនាងសាងសង់ជាខ្យុះបណ្ដែតទឹកដើម្បីអោយភ្ញៀវអង្គុយទទួលអាហារ និងស្ទូចស្រីលេងបាន។

ភោជនីយដ្ឋាន«ម្អមស្រែ»នេះ អ្នកនាងទើបតែបើកបានប្រមាណជាកន្លះឆ្នាំប៉ុណ្ណោះ តែទទួលបានការគាំទ្រខ្លាំង ដោយមានភ្ញៀវគ្រប់ស្រទាប់វណ្ណៈ ដោយសារតែទេសភាពជាផ្ទះបណ្ដែតទឹក ហើយសម្រាប់ត្រីដែលអាចអោយភ្ញៀវស្ទូចត្រីលេងបាន ក៏ជាត្រីបឹងធម្មជាតិ ដែលមានស្រាប់ក្នុងបឹងមិនមែនជាត្រីចិញ្ចឹម។

ម្យ៉ាងអាចមកទីតាំងនេះស្ថិតនៅភូមិច្រែសក្នុងតំបន់បឹងបៃតង ដែលមានការអភិវឌ្ឍន៍ខ្លាំងផង ទើបហាងរបស់អ្នកនាងគ្រាន់តែបើកដំណើរការភ្លាមក៏មានសន្ទុះភ្ញៀវចេញចូលគគ្រឹកគគ្រេង។ អ្នកនាងគម្រោងរៀបចំការសម្ដែងផ្សេងៗ ជាពិសេសក្នុងឱកាសឆ្លងឆ្នាំ ឬក្នុងកម្មវិធីជាតិធំៗ ដើម្បីអោយហាងទាំងមូលកាន់តែមានសកម្មភាពសប្បាយៗ ក៏ដូចជាដើម្បីអោយអាជីវកម្មរបស់ខ្លួនកាន់តែមានការសាយភាយ។ យ៉ាងណាមិញ អ្នកនាងថាភោជនីយដ្ឋាន«ម្អមស្រែ»នៅជិតបឹងបៃតង ក្នុងភូមិច្រែស មិនមែនជាអាជីវកម្មលើកចុងក្រោយរបស់ខ្លួននោះទេ គឺនឹងមានគម្រោងបើកជំនួញផ្សេងទៀត ដោយគ្រាន់តែអ្នកនាងមិនទាន់ចង់បង្ហើប។

ដោយឡែកសម្រាប់អាជីពសិល្បៈវិញ អ្នកនាងថាពិតជារឿងគួរអោយស្ដាយ ដោយសារតែក្នុងពេលអ្នកនាងឡើងកូដជាតារាចម្រៀងរបស់ផលិតកម្ម E Nation អ្នកនាងក៏មានទីផ្សារថតបទចម្រៀង ថតរឿង និងធ្វើពិធីការិនីល្អបប្រសើរផងដែរ ប៉ុន្តែអ្នកនាងនៅតែសម្រេចចិត្តបាត់មុខ ដើម្បីចាប់ដៃជាមួយស្វាមីពង្រឹងជីវិតក្នុងពេលមានរឿងបរាជ័យមុខជំនួញមួយរយៈ។ អ្នកនាងប្រកាសថាសិល្បៈ នៅតែស្រឡាញ់ប៉ុន្តែបើអោយអ្នកនាងបោះបង់មុខជំនួញធ្វើអោយស្វាមីអន់ចិត្ត គឺអ្នកនាងមិនធ្វើនោះទេ ប៉ុន្តែអ្នកនាងនឹងឆ្លៀតពេលបង្ហាញមុខម្ដងម្កាល ដើម្បីកុំអោយមហាជនភ្លេចមុខ៕