យោងតាមកាបញ្ជាក់នៅក្នុងសាលាស្រណោះតន្ត្រីកាលពីល្ងាចថ្ងៃទី២ ធ្នូ លោកសូ ស្រណោះ ដែលជានាយកសាលា និងជាអ្នកបង្វឹកសិស្សដោយផ្ទាល់ បានអះអាងថាលោក នឹងបញ្ជូនកូនសិស្សប្រចាំសាលាប្រមាណជាង៣០រូប អោយចេញទៅប្រកួតតន្ត្រី និងចម្រៀងជាថ្មីទៀតហើយនៅក្នុងប្រទេសវៀតណាម ដោយដំណើរចេញទៅគឺនឹងត្រូវកំណត់ឡើងនៅថ្ងៃទី១៨ ធ្នូនេះ។ លោកបានទាំងរំពឹងពីការឈ្នះពានបានច្រើនជាងមុន ព្រោះតែសម្អាងថាសមត្ថភាពរបស់អ្នកមានឈ្មោះចេញប្រកួតសុទ្ធតែបានពង្រឹង និងមានទេពកោសល្យច្បាស់លាស់ខុសពីមុននោះផង។
លោក សូ ស្រណោះ នៅថ្ងៃទី១៩ និង២០ ធ្នូខាងមុខ ប្រទេសវៀតណាមក្នុងក្រុងហូជីមិញ នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតតន្ត្រី និងចម្រៀងអាស៊ានបូកកូរ៉េជាផ្លូវការហើយ ដោយការបប្រកួតនេះដ្បិតថាសាលារបស់លោកធ្លាប់បានបញ្ជូនសិស្សអោយទៅដណ្ដើមពានបាន២លើករួចមកហើយ ប៉ុន្តែសម្រាប់លើកនេះ គឺលោកហាក់មានជំនឿចិត្តជាងមុន។
លោកថាកូនសិស្សដែលមានឈ្មោះចេញប្រកួតគឺមាន៣៨នាក់ មាន៤វិញ្ញាសារ ដោយវិញ្ញាសារ២គឺតន្ត្រី និងព្យាណូ លោករំពឹងជាងគេថានឹងឈ្នះពានមាសច្រើន ហើយមិនស្រួលវិញ្ញាសារទាំងពីរក៏នឹងក្លាយជាចលករជួយអោយតំណាងកម្ពុជាដណ្ដើមបានពានជើងឯកប្រចាំឆ្នាំដូចអ្វីដែលលោករំពឹងទុកនោះផង។
លោកនឹងដឹកនាំកូនសិស្សផ្នែកតន្ត្រីចាកចេញដំណើរទៅនៅថ្ងៃទី១៨ និងត្រលប់មកវិញនៅថ្ងៃទី២១ ធ្នូ អ៊ីចឹងហើយទើបការប្រលងកាន់តែកៀកជិតដល់ គឺតម្រូវអោយលោកចំណាយពេលអោយអស់ពីសមត្ថភាព ដើម្បីបង្វឹកសិស្សអោយកាន់តែមានសមត្ថភាពច្បាស់លាស់ មុនចេញទៅប្រកួតនៅវៀតណាម។
ធៀបនឹងការចេញប្រកួតមុនៗ កូនសិស្សរបស់សាលាស្រណោះតន្ត្រី មិនមែនចេញទៅប្រកួតនៅក្រៅប្រទេសនៅក្នុងស្ថានភាពមិនច្បាស់លាស់ដូចមុនទៀតទេ ដោយសារតែមុនជ្រើសអោយចេញប្រកួតគឺជ្រើសចេញពីសិស្សដែលមានសមត្ថភាពខ្លាំងស្រាប់ ហើយសម្រាប់ការបង្វឹកក៏ម៉ត់ចត់ខ្លាំង ដើម្បីទៅប្រកួតអោយឈ្នះពានតែម្ដងកុំអោយអាម៉ាស់លើឆាកអន្តរជាតិ។ នៅក្នុងព្រឹត្តិការណ៍ទាំងមូល លោកត្រូវគេផ្ដល់សិទ្ធិអោយធ្វើជាគណកម្មការដាក់ពិន្ទុ ដោយគ្រាន់តែមិនអនុញ្ញាតិអោយដាក់ពិន្ទុអោយបេក្ខភាពកម្ពុជា ក្នុងការប្រកួតប្រជែងផ្លូវការ។
មិនខុសពីដំណើរចេញទៅប្រកួតមុនៗ លោក សូ ស្រណោះ បញ្ជាក់ថា សម្រាប់ដំណើរចេញប្រកួតលើកនេះ លោកនឹងតម្រូវអោយបង្ហាញអត្តសញ្ញាខ្មែរដោយការច្រៀងបទចម្រៀងជាតិរួមគ្នា តម្រូវអោយសិស្សស្លៀកឈុតហូលផាមួង និងបង់ករក្រម៉ាខ្មែរអោយកាន់តែល្អជាងមុន ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ លើឆាកអន្តរជាតិ៕