ដំណើរមកដល់របស់តារាសម្ដែងជើងចាស់លោក យស បូវណ្ណៈ ពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៨ មុននេះ បានធ្វើអោយមហាជនមានការចាប់អារម្មណ៍ចំពោះវត្តមានរបស់លោកយ៉ាងខ្លាំង ដោយសារតែលោកគឺជាអតីតតារាសម្ដែងល្បីល្បាញក្នុងជំនាន់អ្នកនាង អម្ពរ ទេវី ហើយបានប្រកាសត្រលប់មកកសាងស្នាដៃជាមួយនឹងផលិតកម្មមហាហង្ស ក្នុងពេលដែលលោកបាត់មុខពីការថតកុនប្រមាណជាង២០ឆ្នាំមកហើយ។
លោកថាខ្លួននឹងរំលេចស្នាដៃថតរឿង«លោកឪពុក»អោយលោកអ៊ិន សុភិន ដោយរំពឹងថាស្នាដៃរបស់ខ្លួននឹងទទួលការបានជោគជ័យក្រោយពេលថតចប់ ដើម្បីកុំអោយការសម្រេចចិត្តចុះមកពីអាមេរិករបស់ខ្លួនក្លាយជារឿងខកចិត្ត។
លោក យស បូវណ្ណៈ និយាយថា លោកខានថតកុនតាំងពីឆ្នាំ១៩៩៤ ស្របគ្នាដែលលោកបានចេញទៅរស់នៅសហរដ្ឋអាមេរិក ដោយលោកបង្ហាញសេចក្ដីនឹករលឹកចំពោះការងារមួយនេះយ៉ាងខ្លាំង ទើបលោករមែងរកឱកាសត្រលប់មកថតនៅថ្ងៃណាមួយអោយខានតែបាន ខណៈដែលលោកប្រាប់ថាការត្រលប់មកថតរឿងជាថ្មីលើកនេះ គឺជារឿងដែលធ្វើអោយលោកសប្បាយចិត្ត។ លោកថាលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានស្នើអោយលោកមកធ្វើជាតួឯកក្នុងរឿង«លោកឳពុក»ដែលជាប្រភេទរឿងដុំ ហើយដោយសារតែលោកក៏ចង់រំលេចស្នាដៃមុនពេលខ្លួនចាស់ កុំអោយមហាជនភ្លេចមុខផង ទើបលោកទទួលថតភ្លាម ខណៈដែលបញ្ហាតម្លៃខ្លួនលោកថាគឺជារឿងទី២។ លោកបានសម្រេចចិត្តដាក់ច្បាប់ចំនួន៣សប្ដាហ៍ដើម្បីមកថតរឿង«លោកឪពុក»នេះ ដោយតាមគម្រោងលោកនឹងចំណាយពេលជាមួយផលិតកម្មមហាហង្សយ៉ាងយូរ២០ថ្ងៃ និងមិនអាចទទួលការងារថតអោយផលិតកម្មណាមួយផ្សេងទៀតបានទេ ប៉ុន្តែក៏មិនមានមានន័យថានឹងធ្វើការបដិសេធនោះដែរ ដោយគ្រាន់តែបើមានការព្រមព្រៀង គឺនឹងសម្រេចចិត្តចុះមកលើកក្រោយៗទើបអាចទទួលថតបាន។
លោកថាសប្បាយចិត្តដែលនៅប្រទេសកម្ពុជាមានការស្វាគមន៍និងចង់ឃើញការសម្ដែងជាថ្មីរបស់លោក ក្នុងពេលដែលនៅអាមេរិកលោកក៏មិនដែលបោះបង់សិល្បៈ ដោយនៅតែទទួលសម្ដែង និងច្រៀងជារឿយៗនៅថ្ងៃសៅរ៍អាទិត្យ និងថ្ងៃបុណ្យជាតិខ្មែរធំតូច បើទោះជាលោករវល់នឹងការងារផ្ទាល់ខ្លួននៅលើទឹកដីថ្មីនោះ។
លោកថាជាលើកទី១ ដែលលោកចុះមកថតភាពយន្តខ្មែរ ហើយមានបណ្ដាតារាសិល្បៈ និងក្មេងជំនាន់ក្រោយទទួលស្វាគមន៍នៅបរិវេណព្រលានយន្តហោះ ក្នុងពេលដែលខាងផលិតកម្មមហាហង្សក៏ផ្ដល់កិត្តិយសអោយលោក ដោយរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន និងការស្វាគមន៍យ៉ាងកក់ក្ដៅនៅភោជនីយដ្ឋានវ័នម័រ ក្នុងថ្ងៃលោកចុះពីលើយន្តហោះ។ លោកមិនមានគម្រោងដើរលេងនោះ ដោយសារតែលោកសម្រុកថតរឿង«លោកឪពុក»អោយឆាប់ចប់ ដើម្បីប្រញាប់ត្រឡប់ទៅអាមេរិកវិញតាមកាលកំណត់។
លោក អ៊ិន សុភិន បញ្ជាក់ថាដោយសារតែសាច់រឿង«លោកឪពុក»តម្រូវអោយតារាដែលមានកេរ្តិ៍ឈ្មោះបោះសំលេងជាតួអង្គឯក ហើយគាប់ជួនជា លោក យស បូវណ្ណៈ ក៏យល់ព្រមទទួលសម្ដែងផង ទើបលោកកាន់តែនិពន្ធសាច់រឿងតម្រូវ ដើម្បីអោយតារាសម្ដែងជើងចាស់រូបនេះ កាន់តែលេចធ្លោរក្នុងភាពយន្ត។
លោកថាភាពយន្តរឿង«លោកឪពុក»គឺជាភាពយន្តខ្នាតធំ ហើយលោកក៏គម្រោងផលិតរឿងនេះ ដើម្បីចូលរួមប្រកួតប្រជែងក្នុងមហោស្រពភាពយន្តថ្នាក់ជាតិផងដែរ ទើបលោកនឹងធ្វើអោយមានស្ដង់ដារ៕