ពិតជាកញ្ជ្រោលពិធីទូងស្គរ អបអរល្ខោនខោលយប់មិញ! (មានវីដេអូ)

0

កាលពីយប់ថ្ងៃទី៣០ វិច្ឆិកា ពិធីទូងស្គរ និងការសម្ដែងសិល្បៈជាទ្រង់ទ្រាយធំរបស់ក្រុមល្ខោនខោលត្រូវបានធ្វើឡើងយ៉ាងអធឹកអធមនៅសាលមហោស្រពចតុមុខ ដោយមានមហាជនយ៉ាងច្រើនកុះករចូលរួមអបអរ។ ពិធីនោះកាន់តែកក្រើកថែមទៀត បន្ទាប់ពីវត្តមានតារាសិល្បៈមួយក្រុមធំមកពីគ្រួសារតារាកម្ពុជា បង្ហាញខ្លួន ហើយគ្រងដោយឈុតខ្មែរ មានក្រម៉ា និងមានទង់ជាតិគ្រប់ដៃ។

លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានថ្លែងបញ្ជាក់ថា ការប្រមូលកម្លាំងអ្នកសិល្បៈអោយចូលរួមអបអរ គឺបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយការប្រមូលផ្ដុំនោះ គឺឯកភាពគ្នាថាដើម្បីអោយមានកម្លាំងអ្នកសិល្បៈជំនាន់ក្រោយកាន់តែច្រើន នៅក្នុងពិធីទូងស្គរ បង្ហាញថាអ្នកសិល្បៈគ្រប់ជំនាន់ពិតមានការរំភើប និងពេញចិត្តអបអរជ័យជម្នះរបស់ល្ខោនខោលខ្មែរ ដែលត្រូវបានអន្តរជាតិចុះក្នុងបញ្ជីពិភពលោកប៉ុណ្ណោះ។

យ៉ាងណាមិញ នៅក្នុងពិធីទូងស្គរនោះ គេបែរជាកត់សម្គាល់ថាក្រៅពីក្រុមដែលដឹកនាំដោយ«គ្រួសារតារាកម្ពុជា»គឺមានអ្នកសិល្បៈតិចណាស់បង្ហាញខ្លួនដែលអាចមកពីពេលវេលាយប់ពេក និងអាចបណ្ដាលមកពីតារាសិល្បៈភាគច្រើនគេទៅអបអរនៅក្នុងកន្លែងផ្សេងរៀងខ្លួន។ តារាសិល្បៈ រួមមាន អ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារ ដោយអ្នកនាងបានទាំងលើកក្រុមរាំយកទៅអបអរផង, អ្នកនាងចាន់ សុផានី អតីតពិធីការិនី, ផលិតករល្បីឈ្មោះ លោកហង្ស សុវណ្ណារ៉ា និងក្រុមតារាប្រចាំក្លិប, លោកឌុច សារួន តារាសិល្បៈជើងចាស់, ក្រុមបង្ហាញម៉ូដ BN របស់អ្នកនាង បូរ៉ានិច, លោកស៊ឹម ស៊ីណាត តារាចម្រៀង, កញ្ញា វណ្ណា វត្តី តារាចម្រៀង, លោក សន សុវណ្ណារា ពិធីករ, លោក ឃីម រតនៈ តារាសម្ដែង, អ្នកនាង សាង សុរិយា តារាសម្ដែង, លោក ខៀវ ប៊ុនលាភ តារាចម្រៀង, លោកដួង តារាផាឌីន តារាចម្រៀង, កញ្ញា អ៊ុង នីនិច្ច តារាចម្រៀង, លោកឆាលី តារាសម្ដែង, កញ្ញា ទេព មុន្នីរក្សា តារាសម្ដែង, កញ្ញាព្រះអាទិត្យតូច ពិធីការិនី កញ្ញា សោភា ចំរើន តារាសម្ដែង និងជាម្ចាស់ហាងផ្កាស្រស់ Eden Florist, លោកពិសាលស័ក្ដ តារាសម្ដែង និងតារាសិល្បៈជាច្រើនរូបសរុបប្រមាណជាង៥០នាក់ សុទ្ធតែជួយធ្វើអោយពិធីទូងស្គរ កាន់តែមានការចាប់អារម្មណ៍ជាពិសេសពីសំណាក់អ្នកកាសែត និងមហាជនដែលនៅទស្សនាដោយផ្ទាល់។

លោក ហង្ស វណ្ណារ៉ា ផលិតកររឿង ដែលបានចូលរួមតាមរយៈការប្រមូលផ្ដុំរបស់«គ្រួសារតារាកម្ពុជា»បានអះអាងថា កម្មវិធីថ្នាក់ជាតិមួយនេះ ប្រសិនបើមានតារាសិល្បៈចូលរួមកុះករ គឺមិនដឹងថាប្រទេសជិតខាងនឹងខ្មាស់កម្ពុជាកម្រិតណានោះទេ អ៊ីចឹងហើយទើបកញ្ញាសោកស្ដាយដែលមានតារាសិល្បៈមិនច្រើនបង្ហាញខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here