ខណៈរឿង«ឆន្ទា»ដាក់បញ្ចាំង ផលិតរករមានដំណឹងអកុសល

0

មុននេះបន្តិចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ថាអ្នកដឹកនាំខ្សែភាពយន្តរឿង«ឆន្ទា» លោក ជា ឌីណាង មានគ្រោះថ្នាក់ចរាចរណ៍មួយដ៍រន្ធត់ ក្នុងពេលដែលចេញបេសកកម្មទៅថតរឿងនៅភ្នំបាសិត ហើយបានទទួលមរណភាពក្នុងហេតុការណ៍នោះ។ ដំណឹងនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈស្នាដៃរបស់លោកគឺរឿង«ឆន្ទា»ទទួលបានការចាប់អារម្មណ៍លើកញ្ចក់ទូរទស្សន៍ CTN ក្រោយការចាក់បញ្ចាំង។

ប្រភពពីដែលលេចចេញដំណឹងនេះបានបង្ហើរថា អ្នកដឹកនាំរឿងលោក ជា ឌីណាង បានជ្រុលចង្កូតរថយន្តបុកអ្នកដំណើរម្នាក់ ហើយដោយសារតែលោកមិនព្រមរត់គេច ទើបត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយហើយបណ្ដាលអោយស្លាប់ ដំណឹងនេះក្រោយមកក៏លេចឮតៗគ្នា ដោយអះអាងថាលោក ជា ឌីណាង ត្រូវបានស្លាប់ក្នុងហេតុការណ៍នោះ។ ប្រភពបានបញ្ជាក់ថា«ខ្ញុំគិតថាប្រហែលជាគាត់ ព្រោះធ្លាប់ស្គាល់ដែរនាពេលកន្លងទៅ ពេលគាត់ចុះថតរឿងមួយចំនួននៅម្ដុំនោះ(ភ្នំបាសិត)»។ ប៉ុន្តែភ្លាមៗបន្ទាប់ពីព័ត៌មានសុះសាយ លោក ជា ឌីណាង ជាអ្នកដឹកនាំរឿង«ឆន្ទា» ដែលមានតារាសម្ដែងល្បីល្បាញអ្នកនាង អម្ពរ ទេវី សម្ដែងជាតួអង្គធំ បានចេញមុខប្រកាសថានោះគឺជារឿងភាន់ច្រលំប៉ុណ្ណោះ។

លោកនិយាយថា«ពិតជាមានការយល់ច្រឡំ ព្រោះមួយរយៈហ្នឹងមានគេសួរខ្ញុំពីរឿងសឹងរាល់ថ្ងៃ តែខ្ញុំសូមបញ្ជាក់ថានោះជាការយល់ច្រឡំតែប៉ុណ្ណោះ»។

លោកថាការលើកឡើងថាលោកស្លាប់ និងជួបហេតុការណ៍នោះ គឺដោយសារតែលោក និងក្រុមការងារ បានចុះថតវីដេអូអប់រំមួយនៅម្ដុំភ្នំបាសិត ហើយអាចបណ្ដាលមកពីក្រុមការងារថតមួយចំនួនក៏បានបង្កប់ខ្លួនឆ្ងាយៗ ទើបធ្វើអោយអ្នកខ្លះដែលមិនគិតថានោះជាការងាររឿងខ្លី ដើរទម្លាយតៗគ្នាថាលោកត្រូវស្លាប់ក្នុងហេតុការណ៍វាយដោយតួសម្ដែងដែលជាអ្នកភូមិនាពេលនោះ។ ជាមួយនឹងការបកស្រាយនេះ លោកអះអាងថានឹងធ្វើអោយម្នាក់ៗស្ងប់ចិត្ត ក្នុងពេលដែលលោកក៏មិនចង់ល្បីល្បាញនឹងព័ត៌មានអកុសលនេះឡើយ។ យ៉ាងណាមិញ លោកថាទំនងជាឈុតចុះថតពីការអប់រំស្ដីពីគ្រោះថ្នាក់ចរាចរណ៍ និងករណីវាយសម្លាប់ជនបង្កហេតុពីសំណាក់អ្នកភូមិ ទទួលបានការចាប់អារម្មណ៍ ទើបធ្វើអោយលោកត្រូវបានគេយល់ច្រលំដល់ថ្នាក់នេះ ខណៈដែលលោករំពឹងថាឈុតអប់រំរបស់លោកដែលនាំអោយមានដំណឹងអាក្រក់នោះ នឹងផ្ទុះនៅពេលបង្ហោះផ្លូវការ។

គួរបញ្ជាក់ថា លោក ជា ឌីណាង គឺជាផលិតករម្នាក់មានប្រភពមកពីខេត្តសៀមរាប ដោយលោកធ្លាប់មានស្នាដៃផលិតរឿងជាច្រើន ដោយស្នាដៃចុងក្រោយគឺរឿង«ឆន្ទា»កំពុងចាក់ផ្សាយនៅ CTN នាពេលនេះ៕