ប៊ូ សុនីតា ឡើងយីអ៊ុន ក្រោយរួចជីវិត ពីជម្ងឺមហារីក

0

មិនត្រឹមតែតស៊ូពីជម្ងឺមហារីកមាត់ស្បូន ដ៏កាចសាហាវ ដែលធ្លាប់គំរាមកំហែងអាយុជីវិត កាលពីមួយរយៈមុនប៉ុណ្ណោះទេ តារាចម្រៀង កញ្ញា ប៊ូ សុនីតា ពេលនេះ ក៏មានឱកាសបានក្លាយជាសមាជិកក្រុមចម្រៀង របស់វង់តន្ត្រីធំមួយ ដែលអាចអោយនាងរកឃើញបង្អែកសិល្បៈ និង មានប្រាក់ចំណូលជាទៀងទាត់នោះផង។

យោងតាមកុងត្រាដែលកញ្ញា និង ប្រធានក្រុមតន្ត្រីនោះ បានព្រមព្រៀងគ្នា គឺប៊ូ សុនិតា ដែលគេស្គាល់ថា គឺម្ចាស់ជ័យលាភីវគ្គចុងក្រោយមួយរូប ក្នុងកម្មវិធីប្រលងចម្រៀង Asian នៅ CTN នឹងត្រូវចាត់អោយចេញច្រៀងគ្រប់លើក រាល់ពេលវង់តន្ត្រីដែលនាងច្រៀងប្រចាំ មានអាហ្វែផ្សេងៗ។ ស្របពេលដែលវង់តន្ត្រីនេះ ក៏មានទីផ្សារ មិនសូវទំនេរស្រាប់ គឺច្បាស់ណាស់ថា ប៊ូ សុនិតា នឹងមានការងារចេញច្រៀងជាប្រចាំ ដែលអាចនឹងមានប្រាក់ចំណូលជាប្រចាំ។

ប៊ូ សុនិតា និយាយថា ការងារសិល្បៈរបស់ខ្លួនកន្លងមក គឺបានតែសម្ដែង និង ថតផ្សាយផលិតផលតិចតួចប៉ុណ្ណោះ តែមិនសូវបានច្រើនទេ ទើបធ្វើអោយនាងតែងតែប្រឈមនឹថជីវភាព ក្រោយពេលជម្ងឺក៏នៅធ្វើទុក្ខម្ដង។ ជាពិសេសរាល់ពេលដែលនាងគិតច្រើន គឺតែតែមានបញ្ហាសុខភាព ទើបនាងចាត់ទុកថា ឱកាសបានច្រៀងនៅក្នុងវង់តន្ត្រីធំមួយ ដែលមានទីផ្សារស្រាប់ នៅគ្រប់មង្គលការ និង ពិធីធំៗនាពេលនេះ គឺជាបង្អែកធំមួយ ដែលអាចអោយមានលំនឹងក្នុងសិល្បៈ។

នាងក៏សូមអរគុណដល់ម្ចាស់តន្ត្រីផងដែរ ដែលបានផ្ដល់ឱកាសអោយនាងនៅក្នុងពេលនេះ ខណៈដែលនាងក៏យល់ស្របថា ក្នុងអំឡុងខែប្រាំងខាងមុខ គឺវង់តន្ត្រីដែលនាងកុងត្រាក៏នាងមមាញឹកខ្លាំង ហើយចំណូលពីការច្រៀងរបស់នាង ក៏ពិតជាអាចទប់ទល់កង្វះខាតបាន។ នាងថាបើខ្លួនសប្បាយចិត្ត ជម្ងឺមហារីកដែលធ្លាប់កើតឡើងមិនធ្វើទុក្ខទេ ទើបនាងយល់ថា ការមានការងារសិល្បៈច្បាស់លាស់ គឺជាឱសថដ៏ធំ ដើម្បីអោយនាងមានស្នាមញញឹមយូរអង្វែង។