ពីប្រលោមលោកដ៏ល្បីល្បាញ ក្លាយជាភាពយន្ត រឿង « សង្សា14ថ្ងៃ » ពីអ្នកនិពន្ធ សុខ ចាន់ផល ចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី…

0

អត្ថបទ៖ Neath
« សង្សា14ថ្ងៃ » នាំមកជូនដោយផលិតកម្ម អន្ទ្រិយហ្វៀម គឺជាភាពយន្តដកស្រង់ចេញពីសៀវភៅប្រលោមលោកដ៏ល្បីមួយ ក្រោមស្នាដៃរបស់អ្នកនិពន្ធឆ្នើមលោក សុខ ចាន់ផល ដែលលោកអ្នកធ្លាប់ទទួលជ្រាបនូវស្នាដៃរបស់លោកតាមរយៈការនិពន្ធបទចម្រៀងពិរោះៗល្បីៗដល់កំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម រស្មីហង្សមាស ជាពិសេសនោះគឺនៅក្នុង Album ចម្រៀងរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា នៅក្នុងសាច់រឿង « កញ្ញាគ្រាប់កាហ្វេរ » ។

វណ្ណកម្មថ្មីរបស់លោកនេះផងដែរត្រូវបានសម្រេចដាក់បញ្ចាំងជាផ្លូវការណ៍នៅថ្ងៃទី 19 ខែតុលា នៅគ្រប់រោងភាពយន្តទូទាំងខេត្តក្រុង បន្ទាប់ពីអាក់ខានមិនបានដាក់បញ្ចាំងនារដូវកាលកូវីដមួយរយៈពេលមុននេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ រឿងនេះគឺសម្បូរទៅដោយឃ្លាប្រយោគដ៏មានអត្ថន័យ និង មានតម្លៃអប់រំបង្កប់យ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងពីជីវិតស្នេហាគ្រាដំបូងរបស់តួអង្គស្រី ដែលទទួលរងនូការឈឺចាប់ ប៉ុន្តែបទពិសោធន៍ដែលនាងបានទទួល ក៏ប្រែក្លាយទៅជាជោគជ័យដ៏អស្ចារ្យមួយនៅក្នុងជីវិត ដោយនាងបានកែប្រែពីការឈឺចាប់ មកស្គាល់ខ្លួនឯងឱ្យច្បាស់ រហូតនាងក្លាយទៅជានារីរឹងមាំ ទទួលបានផលតបស្នងនៃជីវិតមកវិញបានយ៉ាងប្រសើរ។

ភាពយន្តនេះត្រូវបានដឹកនាំផលិតដោយលោក បាន ឌីម៉ង់ និង ផលិតដោយផលិតកម្ម ឥន្ទ្រិយហ្វីម ក្រុមការងារចាយពេល ថតយូរខែ ដើម្បីធ្វើយ៉ាងណា ធានាឱ្យបាននូវគុណភាព និង សាច់រឿងទៅតាមលំដាប់លំដោយ មិនឲ្យអ្នកទស្សនាពិបាកយល់នោះទេ។ ហើយតួអង្គសម្ដែងក៏សុទ្ធសឹងតែមានបទពិសោធន៍ និង មានរូបសម្រស់ស្រស់ស្អាតក្នុងនោះរួមមាន កញ្ញា ស៊ឹម ស្រីនិច្ច លោក ហូ សារៈ លោក សាន់នី លោក លី សុខណេត និងតារា សម្ដែង ជា ច្រើនរូបទៀត។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ផ្ទៃរឿងក៏មានការចូលរួមសម្ដែងពីសំណាក់តារាចម្រៀងកញ្ញា ឈិត សុវណ្ណបញ្ញា ដែលលោកអ្នកធ្លាប់តែបានស្ដាប់នូវសម្លេង និង កាយវិការសម្ដែងខ្លះៗនៅក្នុងបទចម្រៀង ប៉ុន្តែនៅក្នុងពេលនេះកញ្ញាក៏បានមកពញ៉ាក់អារម្មណ៍ហ្វេនៗជាថ្មីម្ដងទៀតតាមរយៈការសម្ដែងរឿង ក្រោយរយាលពីការងារសិល្បៈមួយរយៈពេលកន្លងមកនេះ។ ចំពោះប្លង់ថតទៀតសោត ផលិតករបានជ្រើសយកទីតាំងនៅខេត្តមណ្ឌលគិរី ភាគឦសាន្តនៃប្រទេសកម្ពុជាយើង ជាមួយនឹងទិដ្ឋភាពដ៏ត្រកាល កាន់តែធ្វើឱ្យទស្សនីយ៍ភាពនៃរឿងកាន់តែត្រជាក់ភ្នែក។