គ្រួសារតារាកម្ពុជា កោតសរសើរ សកម្មភាពសមាគមសំនៀងតន្ត្រីជនពិការ

0

ក្នុងពិធីចែកអំណោយទ្រង់ទ្រាយធំ នៅខេត្តស្វាយរៀង កាលពីថ្ងៃទី៧ តុលា ឆ្នាំ២០២៣ សមាគមតន្ត្រីសំនៀងជនពិការ បានធ្វើអោយក្រុមសិល្បករ និង ថ្នាក់ដឹកនាំ ដែលបានចូលរួម បានបង្ហាញនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះ ឯកឧត្តមចាបតូ ប្រធានសមាគម ដែលគ្រាន់តែជនពិការភ្នែក តែអាចជម្នះតស៊ូ ក្លាយខ្លួនជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ និង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច និង អតីតយុវនិតិសម្បទា ដែលបានទាំងរួមចំណែកដឹកនាំសប្បុរសជន និង សិល្បករ ក្នុងការនាំយកអំណោយទៅប្រគល់ជូនដល់អ្នកខ្សត់ខ្សោយថែមទៀត។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន “ផ្ទះតារា” ដែលជាអ្នកដឹកនាំសិល្បករសិល្បការិនី ជាច្រើនរូបអោយចូលរួម បានលើកឡើងថា សកម្មភាពរបស់ ឯកឧត្តម ចាប តូ ក្នុងការពាំនាំជំនួយសប្បុរសធម៌នៅក្នុងពេលនេះ បង្ហាញកាន់តែច្បាស់ថា ជនដែលមានពិការភាព ក៏ជាគំរូគួរអោយសរសើរផងដែរ ក្នុងការងារសង្គម ជាក់ស្ដែងដូចជាសកម្មភាពរបស់ ឯកឧត្តម ចាប តូ និង សមាគមតន្ត្រីសំនៀងជនពិការ គឺជាភស្តតាងស្រាប់។

ក្នុងនោះ លោក ក៏សរសើរផងដែរ ចំពោះ លោកជំទាវ ញ៉ែម មរកត ប្រធានកិត្តិយសសមាគម ដែលតែងជ្រោមជ្រែងបងប្អូនជនពិការ ដោយដឹកនាំសមាគមសំនៀងតន្ត្រីជនពិការ អោយកាន់តែមានការទទួលស្គាល់ ក្នុងជួរថ្នាក់ដឹកនាំ។ លោក បានផុសនៅលើហ្វេសប៊ុកថា ” អរគុណលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច និង អតីតយុវនិតិសម្បទា ប្រធានសមាគមតន្ត្រីសំនៀងជនពិការ ដែលបានផ្ដល់កិត្តិយសដល់ សិល្បករគ្រួសារតារាកម្ពុជា បានរួមចំណែក ក្នុងពិធីចែកអំណោយ ទ្រង់ទ្រាយធំ ក្នុងឱកាសបុណ្យភ្ជុំ ដល់បងប្អូនគ្រួសារជនពិការ និង អ្នកខ្វះខាតជីវភាព ជាង៣០០គ្រួសារ នៅបាវិត”។

គួរបញ្ជាក់ផងដែរថា ពិធីដែលបានធ្វើឡើងនោះ ក៏មានវត្តមានគណអភិបាលរងខេត្តស្វាយរៀង ចំនួន២រូប និង ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធខេត្ត ចូលរួមផងដែរ៕