យោងតាមការប្រកាសរបស់ស្ថាបនិកគ្រួសារតារាកម្ពុជា និង ប្រធានសមាគមសំនៀងតន្ត្រីជនពិការ គឺតំណាងសមាគម និង សិល្បករខ្មែរ នឹងចុះទៅចែកអំណោយដោយផ្ទាល់ នៅខេត្តចំនួន២ គឺព្រៃវែង និង ស្វាយរៀង ដោយក្រៅពីសកម្មភាពចែកអំណោយ ក៏មានសកម្មភាពទស្សនកិច្ចក្នុងខេត្តទាំងពីរផងដែរ។
ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា និង ជាប្រធានសមាគមសំនៀងតន្ត្រីជនពិការ បានលើកឡើងថា នៅថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ តុលានេះ សមាគមនឹងដឹកនាំសមាជិក ចុះទស្សនកិច្ច និង នាំយកអំណោយទៅចែកជូនដល់ពលរដ្ឋមួយកន្លែង នៅខេត្តព្រៃវែង និង មានសកម្មភាពបន្តទៅខេត្តស្វាយរផង។
សកម្មភាពនេះក៏មានការដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការក្រសួង កិច្ចការនារី ជាប្រធានកិត្តយស ញ៉ែម មរកត ផងដែរ ទើបសមាគមឈានដល់ការអញ្ជើញសិល្បករពីគ្រួសារតារាកម្ពុជា ដើម្បីចូលរួមអមដំណើរ។ ឯកឧត្តមថា វត្តមានសិល្បករគឺមានសារសំខាន់បំផុត ក្នុងការចូលរួម ទើបរាល់សកម្មភាពរបស់សមាគម គឺតែងតែស្នើរអោយមានចូលរួមពីសិល្បករ។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា នឹងគ្រោងដឹកនាំសិល្បករចំនួន២០រូប អោយចូលរួមដោយផ្ទាល់ ដោយក្នុងចំណោមសមាសភាពជាសិល្បករ ដែលចូលរួមទាំងនោះ ក៏មានការបរិច្ចាគជាថវិកា និង ជាសំលៀកបំពាក់ជាដើម ដើម្បីជូនដល់សមាគម អោយសមាគម បានយកទៅប្រគល់ជូនក្នុងការចែកអំណោយនោះផងដែរ។
លោក ផាត់ តារារដ្ឋ លើកឡើងថា សិល្បករមិនសុទ្ធតែសកម្មនឹងការរកចំណូលនោះទេ ការងារសង្គម ដូចជាការចូលរួមជាមួយសមាគមសំនៀងតន្ត្រីជនពិការ និង ជាមួយសកម្មភាពសង្គមរបស់លោកជំទាវ ញ៉ែម មរកត ក៏រមែងតែងតែចូលរួមផងដែរ ដើម្បីជាប្រយោជន៍ដល់សង្គមទាំងមូល។ ជាគម្រោងសិល្បកររបស់គ្រួសារតារាកម្ពុជា ក៏នឹងបង្កើតបរិយសកាសសប្បាយនៅក្នុងឱកាសនោះផងដែរ ដើម្បីអោយសកម្មភាពរបស់សមាគមជនពិការ កាន់តែទទួលបានការចាប់អារម្មណ៍។