មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយថាសាស្រ្តាចារ្យល្បីឈ្មោះ អ្នកគ្រូ គង់ ណារី ដែលមានជំងឺក្រិនថ្លើម និងជំងឺទឹកក្នុងថ្លើមធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ ដោយអ្នកជិតស្និទ្ធិបានអះអាងថា សភាពជំងឺរបស់អ្នកគ្រូធ្លាក់ដល់ដំណាក់ចុងក្រោយហើយ ដោយសូម្បីតែក្រុមគ្រូពេទ្យក៏បង្ហាញភាពអស់សង្ឃឹម។ អ្នកគ្រូកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យព្រះកុសមៈ(ពេទ្យលោកសង្ឃ) ដោយក្នុងពេលនេះមានការបញ្ជាក់ថាអ្នកគ្រូមានធ្លាក់ឈាមគួរអោយបារម្ភ ហើយត្រូវក្រុមគ្រូពេទ្យដាក់អុកស៊ីហ្សែនអោយ ដើម្បីសម្រួលការដកដង្ហើម។
ពិធីករ លោក សន សុវណ្ណារ៉ា កូនសិស្សជំនិតរបស់អ្នកគ្រូ ដែលបានដឹកអ្នកគ្រូទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបានថ្លែងប្រាប់ថា ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់ជាថ្មីកាលពីល្ងាចថ្ងៃទី២៣ វិច្ឆិកា អ្នកគ្រូគង់ ណារី ត្រូវបានគ្រូពេទ្យជំនាញបង្ហាញភាពអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារតែប្រព័ន្ធសរីរាង្គខាងក្នុងរបស់អ្នកគ្រូត្រូវបានដុំសាច់ដែលបង្កអោយក្រិនថ្លើមស៊ីប្រព័ន្ធភាពស៊ាំស្ទើរអស់ទៅហើយ ទើបធ្វើអោយសរីរាង្គខាងក្នុងរបស់អ្នកគ្រូ មិនអាចដំណើរការ ហើយបណ្ដាលអោយជំងឺកាន់តែធ្លាក់ដល់សភាពធ្ងន់ធ្ងរ។ លោកអះអាងថាអ្នកគ្រូស្ថិតក្នុងការបារម្ភយ៉ាងខ្លាំង ដោយខាងគ្រូពេទ្យបានអះអាងថា ជំងឺរបស់អ្នកគ្រូមានតែទៅមុខហើយ ដោយសារតែអ្នកគ្រូបណ្ដោយអោយជំងឺដល់ដំណាក់ចុងក្រោយព្រោះមិនមានកូនចៅមើលខុសត្រូវដិតដល់។
លោកនិយាយថា«គ្រូពេទ្យគាត់អោយត្រៀមចិត្ត ដោយសារជំងឺអ្នកគ្រូធ្ងន់ហើយ ហើយអ្នកគ្រូក៏ដឹងខ្លួនគាត់ដែរ តែគាត់នៅតែមានស្មារតីមិនតក់ស្លុត!»។
លោក សន សុវណ្ណារ៉ា និយាយថាជំងឺរបស់អ្នកគ្រូ គង់ ណារី កើតមានជាយូរឆ្នាំមកហើយ ប៉ុន្តែអាចមកពីអ្នកគ្រូមិនមានកូនចៅ ហើយការតាមដានសុខភាពក៏មិនមានបម្រុងប្រយ័ត្នក្នុងពេលដំបូងៗ ទើបជំងឺដែលបង្កឡើងកើតជាក្រិនថ្លើម និងមានទឹកក្នុងថ្លើម ដោយក្នុងពេលសង្គ្រោះបន្ទាន់ គឺអ្នកគ្រូមានសភាពធ្លាក់ឈាម និងមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោកថ្លែងយ៉ាងខ្លីថា នៅក្នុងពេលនេះ សាច់ញាតិរបស់អ្នកគ្រូបានទទួលយកលទ្ធផលដែលបានស្ដែងឡើងហើយ ដោយមិនមានគម្រោងដឹកអ្នកគ្រូទៅព្យាបាលនៅក្រៅប្រទេសជម្នះអោយការវាយតម្លៃអវិជ្ជមានរបស់គ្រូពេទ្យក្នុងស្រុកនោះឡើយ ដោយសារតែក្រុមគ្រួសារយល់ថាសភាពជំងឺរបស់អ្នកគ្រូ ទោះជាខាងវេជ្ជបណ្ឌិតទំនើបនៅក្រៅប្រទេសក៏ពិបាកព្យាបាល៕