Oliva Kong ទទួលបានភាពជោគជ័យជាលើកទី2លើឆាកអន្តរជាតិ ក្នុងនាមជាម្ចាស់ពានរង្វាន់ TOP FASHION DESIGNER AWARD 2023 នៅ Italy

0

បន្ទាប់ពីព្រឹត្តិការណ៍ Milan Fashion Week 2023 ត្រូវបានបញ្ចប់អ្នកច្នៃម៉ូដដែលជាកូនខ្មែរគឺលោក Oliva Kong ត្រូវបានគេកត់សម្គាល់ថា មានភាពលេចធ្លោ និង ទទួលបានភាពជោគជ័យជាថ្មីម្ដងទៀតហើយជូនមាតុភូមិកម្ពុជា ដោយលោកទទួលបានពាន TOP FASHION DESIGNER AWARD 2023 ពីកម្មវិធីនេះជាលើកដំបូងបង្អស់។

អ្វីដែលគួរឱ្យស្ញប់ស្ញែងជាងនេះទៅទៀតនោះគឺ លោកបាននាំយកឈុតសម្លៀកបំពាក់ចំនួន16 ឈុតពីប្រេន KALKIN|The Royalty ដែលអត្ថន័យនៃឈុតបង្ហាញពី ស្ត្រីភាពជាអ្នកដឹកនាំ ឬអំណាចស្រ្តី ឱ្យតារាម៉ូដែលក្នុងនោះមាន2រូបជាជនជាតិខ្មែរ និង 14រូបផ្សេងទៀតជាជនបរទេសដើរបង្ហាញក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ។

អ្វីដែលជាតឹកតាងចំពោះភាពជោគជ័យដ៏កម្រមួយនេះ លោក Oliva Kong ក៏បានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកថា «ខ្ញុំបាទ ពិតជារំភើប សំរាប់ជោគជ័យមួយនេះ ក្នុងនាមខ្ញុំបាទជា Designer កូនខ្មែរមួយរូបដែលបានឃើញកម្ពុជា មានវត្តមាននៅលើឆាកអន្តរជាតិ ហើយទទួលបាននូូវការគោរព កោតសរសើរយ៉ាងខ្លាំង។»

លោកបន្តថា « ជាពិសេស ខ្ញុំបាទបានដកស្រង់ម៉ូតសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសំលៀកបំពាក់បែបហ្វេសសិនច្នៃដោយខ្ញុំបាទផ្ទាល់មកបង្ហាញនៅលើឆាកអន្តរជាតិដែលមាន ប្រទេសល្បីៗចូលរួមចំនួន16ប្រទេស ហើយជាលទ្ធផលពិតជាទទួលបាននូវមហាកិត្តយស TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិធីMilan Fashion Week មួយនេះសំរាប់ប្រទេសជាតិខ្ញុំ។»

ជាចុងក្រោយលោកក៏បានថ្លែងអំណរគុណចំពោះ និង សាទរចំពោះភាពជោគជ័យរបស់ខ្លួនជូនដល់ប្រជាជនកម្ពុជាយើងទាំងអស់ថា « សូមអគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាព្រមទាំងក្រុមការងារទាំងអស់សំរាប់ការរួមចំណែកជោគជ័យដ៏ត្រចះត្រចង់មួយនេះ គាំទ្រនូវជោគជ័យមួយនេះផងដែរកម្ពុជា កូនខ្មែរ ធ្វើបានហើយ អរគុណសន្តិភាព អគុណកម្ពុជា។