មួយរយៈពេលមុន មានការភ្ញាក់ផ្អើលមិនតិចឡើយ ក្រោយពេលស្ត្រីខ្មែរម្នាក់ ដែលបានទៅវះកាត់កែចង្ការ និង ធ្វើភ្នែក តាមរយៈលោកស្រី ស្រេង ចិន្តា ដែលជាអ្នកបកប្រែ នៅមជ្ឈមណ្ឌលកែសម្ផស្ស Bujeong Surgern Center នៅបាងកក ហើយអះអាងថា ធ្វើអោយខ្លួនខូចចង្ការ និង ភ្នែក រហូតដល់ដាច់ប្រព័ន្ធប្រាសាទ។ ក្នុងជំនួបដោយផ្ទាល់ ជាមួយផ្ទះតារា ដល់ទីតាំងកែសម្ផស្ស កាលពីថ្ងៃ១៦ កញ្ញា ២០២៣ លោកស្រី ស្រេង ចិន្តា និង លោកគ្រូពេទ្យជាអ្នកវះកាត់ដោយផ្ទាល់ បានចេញមុខបំភ្លឺ។
លោកស្រី ស្រេង ចិន្តា ដែលជាស្ត្រីខ្មែរ មានអាជីពជាអ្នកនាំភ្ញៀវទៅវះកាត់នៅតាមគ្លីនិក និង មន្ទីរពេទ្យកែសម្ផស្សរបស់ថៃ បានលើកឡើងថា បើទោះជាមានការចេញលិខិត ដើម្បីសុំទោសពីសំណាក់ស្ត្រីម្នាក់នោះ តែលោកស្រីនៅមិនទាន់ដកពាក្យបណ្ដឹងនៅឡើយទេ ដោយសារតែការ Live វាយប្រហារ និង ការផ្ដល់សម្ភាសន៍ ដល់សារព័ត៌មាននៅស្រុកខ្មែរ គឺបានប៉ះពាល់ធ្ងន់ធ្ងរពេកដល់កិត្តិយសរបស់ខ្លួន។ លោកស្រីថា ខ្លួនគ្រាន់តែជាអ្នកនាំទៅវះកាត់ប៉ុណ្ណោះ ដូច្នេះប្រសិនបើមានបញ្ហាអ្វី ហេតុអ្វីមិនពិភាក្សារកគន្លឹះដើម្បីអោយគ្លីនិកដោះស្រាយ បែរជាវ៉ៃប្រហារដល់កិត្តិយសរបស់លោកស្រីទៅវិញ។
ម្យ៉ាងករណីចង្ការដែលវះកាត់នោះ គឺស្ត្រីដែលអះអាងថាជាជនរងគ្រោះ ធ្លាប់ខូចចង្ការពីកន្លែងផ្សេងចំនួន២លើករួចមកហើយ ហើយបើមានផលប៉ះពាល់មែន គឺមិនគួរធ្វើហើយទាល់តែរយៈពេលឆ្នាំ ទើបតែដឹងថាមានបញ្ហានោះទេ។ ដូច្នេះហើយទើបលោកស្រី មិនព្រមដកពាក្យបណ្ដឹង ដោយទាមទារអោយមានការបង្ហោះសុំជាវីដេអូឃ្លីប នៅលើហ្វេសប៊ុកជាមុនសិន ដើម្បីលុបលាងកិត្តិយសរបស់ខ្លួនដែលប៉ះទង្កិច។
លោកវេជ្ជបណ្ឌិត Sumet Bunyajetpong
ដែលជាអ្នកវះកាត់ចង្ការស្ត្រីម្នាក់នោះដោយផ្ទាល់ បានបកស្រាយថា ករណីវះកាត់កែចង្ការ មិនមានករណីណាមួយ ដែលទៅប៉ះពាល់ប្រព័ន្ធប្រាសាទ ដូចអ្វីដែលស្ត្រីនោះ បានវាយប្រហារនោះឡើយ។ រយៈពេលមួយឆ្នាំ ក្រោយពីវះកាត់ លោកវេជ្ជបណ្ឌិតថា វាអាចបណ្ដាលមកពីស្ត្រីនោះទៅវះកាត់កន្លែងផ្សេង ឬ មានបញ្ហាផ្សេងនោះទេ ដោយមិនអាចវះកាត់ចង្ការទៅដាច់ប្រព័ន្ធប្រាសាទ ហើយរហូតដល់មួយឆ្នាំទៅហើយ ទើបមានផលប៉ះពាល់នោះឡើយ។
លោកវេជ្ជបណ្ឌិតថា ខ្លួនបានស្វាគមន៍ក្នុងការកែបញ្ហាអោយ គ្រាន់តែឮថាមានបញ្ហាបើទោះជាផុតរយៈពេលក្នុងការថែទាំ ប៉ុន្តែស្ត្រីម្នាក់នោះទៅវិញទេ ដែលមិនព្រមទទួលការណាត់ ហើយបែរជាទៅបំភ្លៃការពិត។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិតថា មិនទាន់ពិចារណាក្នុងការប្ដឹងតបនោះទេ ដោយសារតែការ Live បរិហារកេរ្តិ៍ គឺស្ត្រីម្នាក់នោះ សំដៅវាយប្រហារលើលោកស្រី ស្រេង ចិន្តា ច្រើនជាង។ លោកវេជ្ជបណ្ឌិតថា បើទោះជាមានភាពល្អក់កករទៅហើយ តែក្នុងនាមជាគ្លីនិកដែលមានការទទួលខុសត្រូវ និង ក្នុងនាមជាអ្នកវះកាត់ដោយផ្ទាល់ លោកនៅតែទទួលខុសត្រូវ ប្រសិនបើស្ត្រីដែលផ្ទុះប្រតិកម្មនោះ នៅតែត្រូវការអោយលោក និង គ្លីនិកមើលថែ។
បទសម្ភាសន៍ស៊ីជម្រៅ កុំភ្លេចទស្សនាក្នុងពេលឆាប់ នៅផេក ផ្ទះតារា Home Star តាមរយៈវីដេអូព័ត៌មាន។