មិនខុសពីការអះអាងថា ដែលលោកស្រី កែវ ភីរ៉ាន់យ៉ា ថានឹងលើកទឹកចិត្តដល់សមាជិកកំប្លែងរបស់ពូណុយ គឺអូយ៉ា និង អូនខ្ចុប អោយមានការងារធ្វើអោយបានច្រើន ដោយមិនរើសអើងមុខមាត់នោះ ពេលនេះ អគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងដ៏ល្បី Rothaya Brand រូបនេះ បានធ្វើហើយ ដោយលោកស្រី បានផ្ដល់ឱកាសអោយតារាទាំងពីរ ទៅ Live ផលិតផល កាលពីថ្ងៃ ១ កញ្ញា និងបានពន្យល់ចំពោះអ្នករិះគន់មុខមាត់តារាទាំងពីរ កុំអោយបន្តរើសអើង ជាពិសេសអ្នកថា មុខមាត់ពួកនាង មិនសមយកមកប្រូម៉ូតគ្រឿងសម្អាង។
វត្តមានចូល Live របស់អូនយ៉ា និង អូនខ្ចុប នៅលើផេកផ្លូវការរបស់អ្នកនាង បានធ្វើអោយផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឃើញមានអ្នកទស្សនាកើនឡើងច្រើន K ហើយក៏មានការសរសើរចំពោះទឹកចិត្តរបស់ លោកស្រី កែវ ភីរ៉ាន់យ៉ា ផងដែរ ដែលមិនខ្វល់ពីការរិះគន់ ហើយបន្តយកអូនយ៉ា និង អូនខ្ចុប អោយធ្វើសកម្មភាពជាមួយគ្រឿងសម្អាងរបស់ខ្លួន ដើម្បីជំរុញអោយមានការចាប់អារម្មណ៍លើតារាទាំងពីរទ្វេរដង។
លោកស្រី ក៏ប្រកាសជំហរយកពួកនាង ទៅ Live ដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកទាំងពីរផងដែរ បន្ទាប់ពីលោកស្រីថា នៅតែមានការរើសអើងលើមុខមាត់ពួកនាង និង ដឹងថា តារាទាំងពីរត្រូវការផ្គត់ផ្គង់គ្រួសារយ៉ាងលំបាក ហើយពឹងតែការងារថតប្រូម៉ូតនេះ។