គ្មានអ្នកណាមិនដឹងនោះទេ ថាភាពយន្តរឿង”ឃ្លាតទៅសែនឆ្ងាយ” គឺជាភាពយន្តដែលលោក ឆាយ បូរ៉ា ម្ចាស់ផលិតកម្មដើមត្នោត សម្រិតសម្រាំងយ៉ាងល្អ រហូតទទួលបានដល់ទៅពានរង្វាន់៧ ក្នុងចំណោម៩ កាលពីក្នុងមហោស្រភាពយន្តថ្នាក់ជាតិ។ ស្នាដៃបានក្លាយជារឿងល្បីល្បាញក្នុងស្រទាប់មហាជន មិនអន់ជាងរឿង”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ” របស់អ្នកស្រី អែនជេលីណាជូលីនោះទេ ប៉ុន្តែបណ្ដាលមកពីខ្វះការផ្សព្វផ្សាយទូលំទូលាយ ទើបភាពយន្តនេះ កក្រើកក្នុងស្រុកតិចជាងក្រៅស្រុក។ យ៉ាងណាមិញ សម្រាប់ការដាក់បញ្ចាំងជាថ្មីកាលពីថ្ងៃទី១៩ វិច្ឆិកា ភាពយន្តមួយនេះ ត្រូវគេកត់សម្គាល់ថា មិនខុសពីគ្រាប់ផ្ទុះ ដែលអ្នកណាក៍ចាប់អារម្មណ៍នោះទេ ដោយក្រៅតារាសិល្បៈ ក៍មានវត្តមានសិស្សនិស្សិត មកចូលរួមសម្ពោធយ៉ាងកកកុញពេញពិធី ខុសពីកាលដាក់បញ្ចាំងលើកមុន។
កម្មវិធីដែលបានធ្វើឡើងយ៉ាងកក្រើកនេះ បានធ្វើអោយផ្ទុះការចាប់អារម្មណ៍ ក្នុងស្រទាប់មហាជនតែម្ដង ខណៈដែលភាពយន្តនេះក្នុងពេលដាក់បញ្ចាំងហាក់មិនសូវមានការគាំទ្រនោះទេ ព្រោះក្នុងពេលនោះខ្វះការផ្សព្វផ្សាយ តែដល់ពេលល្បីចេញពីប្រទេសខាងក្រៅ និងក្រោយជាប់ពានយ៉ាងមោទនភាព គឺចំពេលភាពយន្ត មិនមានការបញ្ចាំងលក់សំបុត្រ។ លោក ឆាយ បូរ៉ា បានថ្លែងបញ្ជាក់ថា ដោយសារតែភាពយន្តនេះ មានអ្នកអន្ទះសារចង់ទស្សនា បន្ទាប់ពីបានទម្លាក់ចេញពីរោង ទើបលោកសម្រេចដាក់បញ្ចាំងជាថ្មី ដោយរំពឹងថា រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូក ពិតជាទាក់ទាញអ្នកទស្សនាបានច្រើន ដោយសារក្នុងរយៈពេលនោះភាគច្រើនមនុស្សម្នាប្រមូលផ្ដុំគ្នានៅភ្នំពេញ និងតាមផ្សារទំនើប។ លោកសម្ដែងការសោកស្ដាយ ដែលរឿងរបស់លោក ទើបតែផ្ទុះក្រោយចូលរួមមហោស្រពភាពយន្តលើកទី៤ ដែលក្នុងពេលនោះ ជាដំណាក់កាលដែលរឿងរបស់លោក ទម្លាក់ចេញពីរោងយូរមកហើយ។ យ៉ាងណាមិញ លោកថាភាពយន្តរបស់ខ្លួន ក៍បានដាក់បញ្ចាំងអោយសិស្សនិស្សិតទស្សនាបានច្រើន មុនពេលទម្លាក់ចេញពីរោងផងដែរ ទើបលោកមានជំនឿថា សម្រាប់ការបង្ហាញខ្លួនលើកនេះ គឺពិតជាស្រូបទាញអ្នកទស្សនាបានច្រើន ដោយសារតែគ្រាន់តែយូធូប ក៍កើនអ្នកទស្សនារាប់សិបដង ដែលមានន័យថា មានការចាប់អារម្មណ៍ខ្ពស់ខុសពីពេលដាក់បញ្ចាំងលក់សំបុត្រលើកមុន។
ក្នុងពិធីបើកសម្ពោធជាថ្មីនោះ សិស្ស និស្សិត បុគ្គលិកអង្គការ និងតារាសិល្បៈត្រូវគេឃើញបង្ហាញវត្តយ៉ាងកុះករ ដោយគ្រាន់តែតារាៗមកពីគ្រួសារតារាកម្ពុជា ចូលរួមគាំទ្ររហូតដល់ជិត១០០នាក់ ដោយមិនទាន់រាប់បញ្ចូលតារាសិល្បៈផ្សេងទៀតផង។