កម្ពុជាធ្វើជាកិត្តិយស ក្នុងពិធីបុណ្យដំរីប្រចាំឆ្នាំ នៅប្រទេសថៃ

0

កាលពីថ្ងៃទី១៨ វិច្ឆិកា នៅខេត្តសុរិន្ទប្រទេសថៃ បានរៀបចំព្រឹត្តិការណ៍បុណ្យដំរីទ្រង់ទ្រាយធំ ដោយមានការសម្ដែងឈុតឆាកពីសត្វបុរីរហូតដល់៣០០ក្បាល សរុបទាំងដំរីទាំងតូចទាំងធំ និងដំរីដែលចែកវេណគ្នាត្រូវសម្ដែងខុសៗម៉ោងៗនោះផង។ នៅក្នុងពិធីនេះ តារាខ្មែរមកពីស្ថាប័នទូរទស្សន៍អប្សរា និងគ្រួសារតារាកម្ពុជា ក៍ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសតំណាងអោយប្រទេសកម្ពុជាផងដែរ ដោយតារាខ្មែររួមមានកញ្ញា រំដួលលិចទឹក តំណាងអោយគ្រួសារតារាកម្ពុជា ក៍បានគ្រង់ឈុតផ្ការំដួលប្រចាំទឹកដីអច្ឆរិយក្រុងអង្គរ និងតារាពីររូបទៀត គឺលោក សំអឿន និង កញ្ញា វណ្ណា វត្តី មកពីស្ថាប័នទូរទស្សន៍អប្សរា បានគ្រងឈុតសម័យអង្គរអង្គុយទស្សនារហូតដល់ចប់ ខណៈដែលរាជិនីកន្រ្ទឹម អ្នកនាង រិន រ័កដា ដែលតំណាងអោយតារាកន្រ្ទឹមខ្មែរ ក៍បានគ្រងឈុតស្រស់ស្អាតនៅក្នុងថ្ងៃនោះដែរ។

ពិធីដែលមានអ្នកទស្សនា ដល់រាប់ពាន់នាក់ និងមានទាំងតំណាងមកពីប្រទេសមួយចំនួននេះ បានបង្ហាញពីការសម្ដែង និងឈុតឆាកយ៉ាងអស្ចារ្យរបស់សត្វដំរី ដោយមានឆាកសង្រ្គាម និងពិធីទាក់ដំរីជាដើម ដោយឈុតឆាកធំៗទាំង៩វគ្គ ត្រូវបានគេឃើញសត្វដំរី ដែលជាតួអង្គសំខាន់ បង្ហាញសមត្ថភាពអស្ចារ្យគួរអោយសរសើរ។ យ៉ាងណាមិញ ឆាកសង្រ្គាម មួយចំនួនក៍មានពាក់ព័ន្ធនឹងប្រវត្តសាស្ត្រកាលពីអតីកាលរវាងសៀម និងកម្ពុជា ផងដែរ។

លោក នូ សុភេន អ្នកដឹកនាំតារាខ្មែរអោយចូលរួមក្នុងព្រឹត្តិការណ៍នេះ និងស្ថាបនិក”គ្រួសារតារាកម្ពុជា” បានបង្ហាញការចាប់អារម្មណ៍ពីពិធីបុណ្យនេះយ៉ាងខ្លាំង ជាពិសេសក្នុងពេលសិល្បករតំណាងអោយប្រទេសកម្ពុជា ត្រូវបានស្វាគមន៍គួរអោយសរសើរពីជនជាតិថៃ ដែលអង្គុយទស្សនា។ នេះជាព្រឹត្តិការណ៍ ដែលប្រទេសថៃរៀបចំមួយឆ្នាំម្ដង ដោយការសម្ដែងរបស់ដំរី គឺមានរយៈពេល២ថ្ងៃ រៀងរាល់ចុងអាទិត្យសប្ដាហ៍ទី៣ ខែ១១ ហើយបែងចែកការសម្ដែងជាច្រើនវេណ ដោយការសម្ដែងមួយលើកៗ ទាក់ទាញអ្នកទេសចរណ៍ដល់ខ្ទង់មុឺននាក់។

ខាងក្រោមនេះជាទិដ្ឋភាពខ្លះ ក្នុងពិធីបុណ្យដំរី និងការចូលរួមរបស់ក្រុមសិល្បករខ្មែរ៖