បេក្ខភាព35រូប បង្ហាញខ្លួន និង ទទួលឈាង ផ្លូវការនៃកម្មវិធី Miss Universe Cambodia 2023

0

ពិតជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយការប្រកាសជាផ្លូវការណ៍នៃអ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia ជំនាន់ថ្មី គឺលោក អ៉ិន សុភិន ដែលត្រូវបានគេស្គាល់ថាជាអតីតអ្នកដឹកនាំកម្មវិធីប្រកួតបវរកញ្ញាលំដាប់អន្តរជាតិ Missgrand Cambodia នាឆ្នាំកន្លងទៅ និង ត្រូវបានគេទទួលស្គាល់ថា លោកពិតជាមានស្នាដៃក៏ដូចជាមានភាពជោគជ័យនៅក្នុងការបញ្ជូនបវរកញ្ញាតំណាងប្រទេសទៅប្រកួតលើឆាកអន្តរជាតិ ថែមទាំងមានភាពលេចធ្លោមិនធម្មតាពីមួយឆ្នាំទៅមួយឆ្នាំ។

ជាក់ស្ដែងនៅក្នុងឆ្នាំ 2023 នេះលោក អ៉ិន សុភិន ក៏ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការរៀបចំកម្មវិធីប្រកួត Miss Universe Cambodia 2023 ហើយក៏ជាឆ្នាំមួយដ៏ពិសេសដែលត្រូវបានម្ចាស់ក្រុមហ៊ុនធំនៅក្រៅប្រទេសបើកឱកាសឱ្យបេក្ខភាពដែលជាបុរសកែភេទ ( បេក្ខភាពភេទទី3) បានចូលប្រកួតជាមួយនឹងបេក្ខនារី ព្រមទាំងចម្រាញ់បានបវរកញ្ញាឆ្នើមៗចំនួន 35រូប មកបង្ហាញខ្លួន និង បំពាក់ឈៀងតំណាងខេត្ត ព្រមទាំងចែកលេខរៀងបេក្ខភាពប្រកួតជាផ្លូវការផងដែរកាលពីថ្ងៃទី 27 ខែកក្កដា ឆ្នាំ2023 មុននេះ។

លោក អ៉ិន សុភិន អ្នករៀបចំកម្មវិធី MUC2022 ជំនាន់ថ្មីបានឱ្យដឹងថា លោកពិតជាមានក្ដីរំភើបដែលទទួលបានសិទ្ធិផ្ដាច់មុខក្នុងការរៀបចំកម្មវិធីបវរកញ្ញាចក្រវាឡ នារដូវកាលថ្មីនេះ។ ស្របពេលដែលវិស័យបវរកញ្ញានៅក្នុងប្រទេសកម្ពុជាយើងគឺកំពុងមានសន្ទុះខ្លាំងមិនធម្មតាពេលឈានជើងទៅឆាកអន្តរជាតិ មិនតែប៉ុណ្នោះលោកក៏ពេញចិត្តនូវកំណែទម្រង់ថ្មីដែលខាងក្រុមហ៊ុន Miss Universe បានបើកឱកាសឱ្យបេក្ខភាពជាបវរកញ្ញាភេទទី3 បានចូលរួមប្រកួតនៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ ប្រៀបដូចជាការលើកកម្ពស់សមភាពយេនឌ័រ និង ការគោរពដល់ភេទផ្ទុយដែលពួកគាត់មានបំណងចង់ក្លាយជាបវរកញ្ញា បញ្ចេញសមត្ថភាពប្រកួតប្រជែងសម្ថភាពជាមួយនឹងបេក្ខនារីដ៏ទៃទៀតដែរ។

លោកបន្តថា ថ្វីត្បិតបេក្ខនារីទាំង35រូប សុទ្ធសឹងតែមានចំណុចខ្លាំងរៀងៗខ្លួន តែប្រសិនបើឱកាសនៃការទទួលបានមកុដឯកបានទៅលើបវរកញ្ញាភេទទី3ណាមួយនោះ លោកគិតថាវាមិនមែនជារឿងដែលមិនសមស្របនោះទេខណៈការប្រកួតគឺមានការដាក់ពិន្ទុយ៉ាងម៉ត់ចត់ក្រោមការសង្កេតពីគណកម្មការដែលមានបទពិសោធន៍លើវិស័យនេះ ដូច្នេះរាល់ការបញ្ចេញសម្ថភាព និង សកម្មភាពផ្សេងៗគឺសុទ្ធសឹងតែស្ថិតក្រោមការតាមដានពីគណកម្មការដើម្បីចម្រាញ់យកនូវបវកញ្ញាមួយរូបដ៏សាកសម តំណាងប្រទេសកម្ពុជាឈ្ពោះទៅកាន់ឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះដែលមានបេក្ខភាពចូលរួមជាង90ប្រទេស។

គួរបញ្ជាក់ផងដែរថាកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ2023 នេះ នឹងប៊ចាប់ផ្ដើមប្រកួតនៅពាក់កណ្ដាលខែ សីហា ខាងមុខនេះ។ ខាងក្រោមនេះគឺជារូបភាពបេក្ខនារីទាំង35រូប ដែលបានបង្ហាញខ្លួននៅក្នុងថ្ងៃបំពាក់ឈៀងជាផ្លូវការនៃកម្មវិធី Miss Universe Cambodia 2023៖


LEAVE A REPLY

Please enter your comment!
Please enter your name here