ទម្លាយរឿងមន្ត្រីស្អុយនៅក្រសួងវប្បធម៌ ធ្វើអោយប្រធានសមាគមភាពយន្ត ប្រកាសលាឈប់

0

មុននេះបន្តិចមានត្រឹមតែការសារភាពថាបញ្ហាសុខភាព និងការចង់ត្រលប់មកដឹកនាំផលិតកម្មដើមត្នោតអោយបានល្អជាថ្មី ទើបជាមូលហេតុធ្វើអោយលោក ឆាយ បូរ៉ា សម្រេចចិត្តលាចេញពីតំណែងប្រធានសមាគមភាពយន្តកម្ពុជាប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពេលនេះ ដំណឹងអាចទុកចិត្តបានបានអះអាងថាហេតុផលសំខាន់ដែលធ្វើអោយផលិតកររូបនេះលាតំណែងមិនខ្ចីស្ដាយតំណែង គឺដោយសារតែមូលហេតុ នៅក្នុងក្រសួងវប្បធម៌មានមន្ត្រីស្អុយជាច្រើន ដែលជាដើមចមនៅពីក្រោយ។ ដំណឹងធ្លាយចេញបានអះអាងថា សមាគមមួយនេះ នឹងមិនអាចរីកចំរើនទៅមុខបានទេ ប្រសិនបើមូលហេតុដែលធ្វើអោយលោក ឆាយ បូរ៉ា សម្រេចចិត្តដើរចេញ មិនត្រូវបានកំចាត់ចេញ។

ប្រភពផ្លូវការបានថ្លែងអោយដឹងថា នៅក្នុងសមាគមភាពយន្តកម្ពុជាកន្លងមក ដ្បិតថាមានក្រុមប្រឹក្សាទទួលខុសត្រូវគ្រប់ផ្នែក និងមានសមាជិកច្រើននាក់ ប៉ុន្តែអ្នកមានឆន្ទៈ និងសកម្មជាមួយការងារជួយដល់សមាគមពិតប្រាកដ គឺមានតែពីរបីនាក់ប៉ុណ្ណោះ ខណៈដែលក្នុងក្រុមគណកម្មការក៏មានថ្នាក់ដឹកនាំមិនសូវស៊ីសង្វាក់គ្នា។ ប្រភពមួយទម្លាយថា«អោយគាត់( ឆាយ បូរ៉ា) តស៊ូធ្វើអី បើគ្រាន់តែសមាជិកមិនទាំងចេះជួយគ្នាផងដែរ ឧទាហរណ៍ផលិតករខ្លះពេលគាត់អត់សប្បាយចិត្ត គាត់ខឹងក្រសួងគាត់រិះគន់មន្ត្រីនេះមន្ត្រីនោះក្ដែង ខឹងក្រសួងមិនជួយដោះស្រាយ ប៉ុន្តែដល់ពេលប្រធានគាត់យកបញ្ហានឹងទៅស្នើអោយថ្នាក់លើដោះស្រាយ បែរជាអ្នកអស់នឹងយករួចខ្លួន ដោយធ្វើអោយក្រសួងមើលឃើញថា ប្រធានគឺជាអ្នកបំផុសបញ្ហាហ្នឹងតែឯង ធ្វើអោយក្រសួងទៅស្អប់តែគាត់វិញ! និយាយឆាប់ចប់រាប់ពេលមានបញ្ហាគឺប្រធានជាអ្នកចេញមុខតស៊ូមតិដើម្បីប្រយោជន៍រួម ប៉ុន្តែដល់ពេលក្រសួងថាតើពិតជាមានបញ្ហានេះកើតឡើងមែនអត់ គឺបែរជារងអ្នកគាំទ្រប្រធានអត់ឃើញ!»។ យ៉ាងណាមិញ ប្រភពដដែលបន្តថា ហេតុផលសមាជិកមិនសូវចេះសាមគ្គីគ្នាមិនមែនជាបញ្ហាចោទសំខាន់ពេកទេ ប៉ុន្តែបុព្វហេតុដែលនាំអោយលោក ឆាយ បូរ៉ា ប្រកាសលាចេញ គឺដោយសារតែក្នុងក្រសួងវប្បធម៌មានសុទ្ធតែមន្ត្រីស្អុយ ដែលបានរាំងស្ទះដល់ដំណើរការទៅមុខរបស់សមាគមតែម្ដង។

ប្រភពដែលទុកចិត្តបន្តថា រាល់សំណើរ និងការឯកភាពរបស់សមាគមភាពយន្ត អោយតែប៉ះពាល់នឹងផលប្រយោជន៍របស់ក្រសួង គឺមន្ត្រីទាំងនោះមិនដែលយកសំណើររបស់សមាគមទៅដល់ដៃរដ្ឋមន្ត្រីទេ ដោយរុញដាក់គ្នាជាប្រចាំថាបាត់ឯកសារនៅផ្នែកនេះនៅផ្នែកនោះ បង្ហាញពីអសមត្ថភាពក្នុងប្រព័ន្ធការងារ ហើយធ្វើអោយវិស័យសិល្បៈ និងភាពយន្តនៅតែមានប្រឈមដដែលជាដដែល។ អ៊ីចឹងហើយទើបរយៈពេលប៉ុន្មានឆ្នាំនេះ សមាគមស្នើអ្វី ក៍គ្មានដំណោះស្រាយ បើទោះជារឿងរ៉ាវនោះ កំពុងសម្លាប់ផលិតករក្នុងស្រុកអោយដួលម្ដងមួយៗ ដោយក្រសួងមិនខ្វល់អើពើ។

ប្រភពនោះទម្លាយរឿងហួសចិត្តថា ក្រសួងកោះហៅសមាគមដោយបានប្រាប់ថានឹងទទួលបានដំណោះស្រាយជុំវិញសំណើរសុំពន្យារពេលការកំណត់ពន្ធដែលមូលហេតុសម្លាប់ភាពយន្តខ្មែរ ប៉ុន្តែនៅថ្ងៃប្រជុំបែរជាក្រសួងកំណត់អោយជួយតវ៉ារឿងរដ្ឋាភិបាលសម្រេចលុបពន្ធរឿងភាគទូរទស្សន៍ ដែលក្រសួងធ្លាប់យកលុយបានពីកិច្ចការនេះទៅវិញ។

នៅមានរឿងពីក្រោយច្រើនទៀត ដែលបណ្ដាលថ្នាក់ដឹកនាំរបស់សមាគមមួយនេះលែងចង់បន្តការងារស្ម័គ្រចិត្តរបស់ខ្លួន ជាពិសេសគឺការប្រឹងប្រែងដើម្បីប្រយោជន៍ផលិតករ និងភាពយន្តខ្មែរនៅក្នុងកន្លងមក គឺមន្ត្រីក្រសួងពាក់ព័ន្ធតិចណាស់ ខ្នះខ្នែងចេញមុខដោះស្រាយ ដោយប្រភពនោះបន្តថា ដរាបណាក្រសួងនៅតែបន្តទុកមន្ត្រីស្អុយទាំងនោះអោយកាន់តំណែង កង្វល់ដែលបានកើតឡើងពាក់ព័ន្ធនឹងវិស័យភាពយន្ត និងសិល្បៈវប្បធម៌ដែលធ្លាប់មាន ពិតជាមានដំណោះស្រាយតិចណាស់នោះផង។

ពាក់ព័ន្ធនឹងការទម្លាយនេះ នៅមិនទាន់សុំការបកស្រាយណាមួយពីមន្ត្រីពាក់ព័ន្ធរបស់ក្រសួងវប្បធម៌នៅឡើយទេ ប៉ុន្តែផ្អែកតាមការកត់សម្គាល់ថាគឺលុះត្រាតែមានប្រតិកម្មខ្លាំងៗពាក់ព័ន្ធនឹងបទចម្រៀង ការស្លៀកពាក់មិនសមរម្យ និងឥរិយាបថអវិជ្ជមានណាមួយពីសិល្បករ ទើបឃើញក្រសួងវប្បធម៌ចេញមុខដោះស្រាយ រហូតរងការរិះគន់ថា មន្ត្រីក្រសួងរវល់ធ្វើអ្វីខ្លះទើបរមែងដឹងពីបញ្ហាប៉ះពាល់ ក្រោយប្រតិកម្មពីសំណាក់មហាជនជាប្រចាំកន្លងមក។