នៅថ្ងៃទី១៧ និង១៨ វិច្ឆិកានេះ ប្រទេសថៃក្នុងខេត្តសុរិន្ទនឹងធ្វើពិធីបុណ្យដំរីទ្រង់ទ្រាយធំប្រចាំឆ្នាំ ដោយមានហែរក្បួនដំរី និងមានការសម្ដែងសិល្បៈជាច្រើនបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ។ នៅក្នុងពិធីនោះបណ្ដាប្រទេសនៅអាស៊ាន រួមមានកម្ពុជាក៏ត្រូវបានអញ្ជើញអោយចូលរួម ដើម្បីអោយដើរជាក្បួន និងសម្ដែងសិល្បៈផងដែរ ខណៈដែលតារាសម្ដែង និងជាតារាចម្រៀងកញ្ញា វណ្ណា វត្តី ក៏នឹងមានវត្តមានតំណាងសិល្បការិនីខ្មែរដូចគ្នានឹងរំដួលលិចទឹក នៅក្នុងព្រឹត្តិការណ៍នោះ។
លោក នូ សុភេន អ្នកទទួលរៀបចំសិល្បករសិល្បការិនីពីប្រទេសកម្ពុជា បានថ្លែងបញ្ជាក់ថាក្រៅពីបានចាប់ដៃជាមួយ«គ្រួសារតារាកម្ពុជា»ដើម្បីអោយក្រុមមួយនេះចាត់ចែងអ្នកសិល្បៈមួយចំនួនចូលរួម លោកក៏បានសម្រេចជ្រើសយកកញ្ញាវណ្ណា វត្តី អោយចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយសារតែនាងគឺជាតារាប្រចាំនៅក្នុងស្ថានីយទូរទស្សន៍អប្សរា និងជាតារាតែម្នាក់ដែលលោកយល់ថាសក្ដិសមនឹងគ្រងសំលៀកបំពាក់ខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិ។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រៅពីមានក្បួនដំរីទ្រង់ទ្រាយធំ ដោយមានបណ្ដាប្រទេសជាច្រើនដើរជាក្បួន ក៏មានការសម្ដែងសិល្បៈតំណាងប្រទេសក្នុងកម្មវិធីធំមួយផ្សេងទៀតភ្ជាប់គ្នាផងដែរ គឺកម្មវិធីកន្ទ្រឹមអាស៊ាន ដែលលោកប្រកាសថានេះជាមោទនភាពធំមួយដែលសិល្បករសិល្បការិនីរបស់ប្រទេសកម្ពុជាត្រូវបានអញ្ជើញអោយចូលរួមបង្ហាញអត្តសញ្ញាណរបស់ខ្លួនចម្រុះគ្នានឹងប្រទេសផ្សេងទៀត។ លោកមិនទាន់ដឹងថាកញ្ញា វណ្ណា វត្តី នឹងត្រូវសម្ដែងបែបណាតាមការចាត់ចែងរបស់អ្នករៀបចំកម្មវិធីនៅខេត្តសុរិន្ទនោះទេ ប៉ុន្តែអ្វីដែលលោកច្បាស់គម្រោង គឺនាងនឹងគ្រងឈុតបែបខ្មែរដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរនៅក្នុងព្រឹត្តិការណ៍ទាំងពីរនោះ។
កញ្ញា វណ្ណា វត្តី បានថ្លែងបញ្ជាក់ថា កញ្ញាសប្បាយចិត្តយ៉ាងខ្លាំង ដែលត្រូវបានលោក នូ សុភេន ជ្រើសអោយបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នោះ ដោយនាងបានទាំងទម្លាក់ចោលការងារសិល្បៈ និងការងារជំនួញមួយចំនួនជាពិសេសគឺមុខរបរនាំចូលគោមស្អាតៗពីថៃ ដើម្បីត្រៀមខ្លួនក្នុងព្រឹត្តិការណ៍នេះផង។
កញ្ញាកន្លងមកនាងបានចេញចូលក្រៅប្រទេសច្រើន ប៉ុន្តែសម្រាប់ទៅក្នុងនាមជាតំណាងកម្ពុជាគឺមិនធ្លាប់នោះទេ ទើបកញ្ញានឹងប្រឹងធ្វើអោយបានល្អ ដើម្បីបង្ហាញអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិ។ នាងរំពឹងថានឹងទទួលបានការគាំទ្រច្រើន ដោយសារតែនៅសុរិន្ទ មានបងប្អូនខ្មែររស់នៅច្រើនស្រាប់ដែលពួកគាត់សុទ្ធសឹងតែមានដើមកំណើតខ្មែរ៕