រំដួលលិចទឹក តំណាង«គ្រួសារតារាកម្ពុជា» បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កន្ទ្រឹមអាស៊ាន និងបុណ្យដំរី នៅថៃ

0

នៅថ្ងៃទី១៧ និង១៨ ខែវិច្ឆិកាចុងសប្ដាហ៍នេះ នៅប្រទេសថៃ ក្នុងខេត្តសុរិន្ទ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កន្ទ្រឹមអាស៊នាទ្រង់ទ្រាយធំ អមដោយពិធីបុណ្យដំរីប្រចាំឆ្នាំធំមួយផ្សេងទៀត ដោយមានការប្រកាសនឹងចូលរួមភាគច្រើនពីអ្នកទេសចរណ៍ និងតំណាងមកពីប្រទេសជាច្រើន។

ក្នុងចំណោមប្រទេសឡាវ និងប្រទេសមួយចំនួន កម្ពុជាក៏ត្រូវបានអញ្ជើញអោយដឹកនាំសិល្បករសិល្បការិនីអោយចូលរួមសម្ដែងសិល្បៈ និងបង្ហាញខ្លួនផងដែរ ខណៈដែល កញ្ញា រំដួលលិចទឹក ដែលត្រូវគេស្គាល់ថាល្បីល្បាញខាងផ្នែកកែច្នៃម៉ូដជាទម្រង់ខ្មែរ ត្រូវបាន«គ្រួសារតារាកម្ពុជា»ចាត់អោយធ្វើជាតំណាងចូលរួមក្នុងព្រឹត្តិការណ៍ធំទាំងពីរនេះ។

លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានថ្លែងបញ្ជាក់ថា ការពិតភាគីខាងខេត្តសុរិន្ទ ដែលជាម្ចាស់ផ្ទះ មិនបានអញ្ជើញសិល្បករសិល្បការិនីរបស់«គ្រួសារតារាកម្ពុជា»ដោយផ្ទាល់នោះទេ ប៉ុន្តែដោយសារតែលោក នូ សុភេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា ដែលត្រូវបានភាគីថៃស្នើអោយដឹកនាំតារាពីកម្ពុជា ហើយផលិតកររូបនេះបានស្នើបន្តអោយ«គ្រួសារតារាកម្ពុជា»ចាត់ចែងតំណាងក្រុមមួយរូប ឬ២រូបអោយចូលរួមក្នុងព្រឹត្តិការណ៍នេះ ទើប«គ្រួសារតារាកម្ពុជា»បានចាត់កញ្ញា ប៊េប៊ី និងកញ្ញា រំដួលលិចទឹកអោយចូលរួមដើម្បីតំណាងក្រុម។ យ៉ាងណាមិញ កញ្ញា ប៊េបី បែរជាមានធុរះបន្ទាន់មិនអាចទៅបាន ទើបសម្រាប់«គ្រួសារតារាកម្ពុជា»មានតែកញ្ញា រំដួលលិចទឹក ម្នាក់ជាតំណាងសិល្បករក្នុងការចូលរួម។

លោកថាខ្លួនដឹកនាំកញ្ញាអោយចូលរួមក្នុងព្រឹត្តិការណ៍នេះ ជាមួយនឹងសិល្បករមួយក្រុមផ្សេងទៀត ដែលជ្រើសរើសដោយ លោក នូ សុភេន ដោយតាមគម្រោងក្រុមសិល្បករតំណាងពីកម្ពុជាទាំងអស់ ក្រៅពីបង្ហាញខ្លួនជាតំណាងប្រទេស ក៏មានការសម្ដែងផងដែរ។

លោក នូ សុភេន នេះជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា ដោយឱកាសដឹកនាំតារាសិល្បៈអោយចូលរួម គឺដោយសារតែបានការស្វះស្វែងរបស់សិល្បការិនីរៀមច្បងគឺអ្នកស្រី រាជនីកន្ទ្រឹម ដែលចង់ឃើញតំណាងសិល្បករខ្មែរបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ទាំំងពីរ។ លោកថាសប្បាយចិត្តដែលបានការសហការចាប់ដៃជាមួយ«គ្រួសារតារាកម្ពុជា»សម្រាប់ការបញ្ជូនសិល្បករលើកនេះ ដោយលោករំពឹងថាសិល្បករទាំងអស់ នឹងធ្វើអោយប្រទេសថៃ និងបណ្ដាអ្នកភ្ញៀវចូលរួមនៅក្នុងពិធីកាន់តែអោយកិត្តិយសដល់សិល្បៈកម្ពុជានោះផង។ ព្រឹត្តិការណ៍នេះនឹងបើកដំណើរចាប់ពី រសៀលថ្ងៃសៅរ៍ទី១៧ វិច្ឆិកា និង ពេញមួយថ្ងៃ នៅថ្ងៃទី១៨ វិច្ឆិកា ក្នុងខេត្តសុរិន្ទ ដោយប្រតិភូរបស់កម្ពុជា និងពីប្រទេសផ្សេងៗ នឹងទៅដល់ប្រទេសថៃមិនអោយលើសពីព្រឹកថ្ងៃទី១៧ វិច្ឆិកា។

កញ្ញា រំដួលលិចទឹក ប្រកាសថានាងត្រៀមសំលៀកបំពាក់៣ឈុតសម្រាប់ព្រឹត្តិការណ៍កម្រិតអាស៊ានមួយនេះ តែនាងមិនទាន់ដឹងថា ក្រៅពីគ្រងឈុតបែបខ្មែរបង្អួតក្រសែភ្នែកម្ចាស់ផ្ទះ និងភ្ញៀវដែលចូលរួមតំណាងអោយកម្ពុជា តើនាងនឹងត្រូវសម្ដែងបែបណាបន្ថែមទៀតនៅឡើយទេ។