មិនត្រឹមតែមានបានឡើងយីអ៊ុនក្នុងក្រុមហ៊ុនManulife តាមរយៈបានឡើងតំណែងជាប្រធានប្រឹក្សាប៉ុណ្ណោះទេ តារាសម្ដែងលោក សឿន វីតា ក៏ត្រូវគេអះអាងថាបានឡើងតំណែងជាបុគ្គលរបស់ផលិតកម្មLD ក្រោយពីមានឱកាសបានសម្ដែងនៅក្នុងផលិតកម្មមួយនេះផងដែរ។
លោកត្រូវគេឃើញចេញមុខជ្រើសតួ រាល់ពេលផលិតកម្មប្រកាសជ្រើសតួនោះទេ ទើបធ្វើអោយមានការភាន់ច្រលំថាលោកកំពុងក្ដោមក្ដាប់តំណែងខាងផ្នែកផលិត តែត្រូវតារាសម្ដែងរូបនេះបដិសេធ បើទោះជាលោកទទួលស្គាល់ថាខ្លួនពិតជាមានតំណែងនៅLD។
ឆ្លងឆ្លើយតាមឆាតហ្វេសប៊ុក លោក សឿន វីតា បានអះអាងថាលោកពិតជាមានតំណែងនៅក្នុងផលិតកម្មធំ គឺ LD ប្រាកដមែន ប៉ុន្តែតួនាទីរបស់លោកមិនមែនជាអ្នកជ្រើសតួ និងជាអ្នកចាត់ចែងការផលិតនោះទេ ដោយលោកគ្រាន់តែជួយក្នុងកិច្ចការនោះ ដើម្បីជួយសម្រូលដល់ក្រុមផលិតករប៉ុណ្ណោះ។ លោកថាតំណែងរបស់លោកនៅក្នុងផលិតកម្ម LD គឺជាបុគ្គលិកផ្នែកទីផ្សារ តែដោយសារតែលោកគឺជាតួសម្ដែង ហើយលោកក៏យល់ដឹងការងារពីការជ្រើសរើសតួច្រើន ទើបលោករមែងប្រកាសជ្រើសតួ រាល់ពេលផលិតករមានតម្រូវការតួ ដើម្បីអោយខាងផលិតកម្មក៏មានភាពងាយស្រួល។ លោកថាខ្លួននឹងចាប់ផ្ដើមបំពេញការងារខាងផ្នែកទីផ្សារចាប់ពីដើមខែធ្នូតទៅ ដោយការងាររបស់លោកគឺជួយពង្រីកទីផ្សារ និងសកម្មភាពរបស់ផលិតកម្ម ដោយលោកមិនទាន់ដឹងថាតើនឹងអាចទទួលជោគជ័យកម្រិតណានៅឡើយទេ។
យ៉ាងណាមិញ លោកបង្ហាញពីការរំពឹង ដោយសារតែក្នុងពេលកន្លងមក លោកក៏ទទួលជោគជ័យក្នុងការងារទីផ្សារនៅក្នុងក្រុមហ៊ុនធានារ៉ាប់រង Manulife ដល់ថ្នាក់បានឡើងតំណែងជាប្រធានប្រឹក្សាដែលអាចរកចំណូលបានមិនក្រោម២ពាន់ដុល្លារក្នុងមួយខែផងដែរ។
លោក សឿន វីតា និយាយថា វាដល់ពេលហើយ ដែលលោកត្រូវស្រវាតំណែង និងការងាររឹងមាំ ជំនួសអោយការសម្ដែង បើទោះជាការងារសម្ដែងនាពេលចុងក្រោយ លោកបានទទួលជោគជ័យគួរអោយកត់សម្គាល់។
លោកថាការសម្ដែងមិនអាចអោយលោកបានចំណូលក្លាយជាមានបានកើតទេ អ៊ីចឹងហើយទើបលោកសម្រេចចិត្តធ្វើការក្នុងក្រុមហ៊ុនធានារ៉ាប់រង និងបោះជំហានធ្វើជាទីផ្សារអោយផលិតកម្ម LD ដោយលោកប្រកាសថានឹងធ្វើតំណែងទាំំងពីរក្រៅពីការសម្ដែងរបស់ខ្លួនរឹងមាំ។ យ៉ាងណាមិញ លោកថាមិនចោលការសម្ដែងនោះទេ ដោយនៅតែទទួលការសម្ដែងជាប្រចាំ ជាពិសេសការសម្ដែងភាពយន្តថ្មីៗរបស់ផលិតកម្មLD។
តំណែងទាំងពីររបស់លោក បានធ្វើអោយកត់សម្គាល់ថា លោកសឿន វីតា គឺជាតារាសម្ដែងឆ្លាតម្នាក់ ដែលផ្ទុយពីតារាសម្ដែងខ្លះរង់ចាំតែដង្ហើមពីការសម្ដែង ដោយមិនបានវិវត្តន៍សមត្ថភាពបន្ថែមដើម្បីលើកកម្ពស់ជីវភាព៕