ការប្រកួត The Voice Kids Cambodia ក្នុងរដូវកាលទី២នេះ គេមើលឃើញថាកូនក្រុមតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា មានសមាសភាពសមនឹងទទួលពានជើងឯកនៅវគ្គផ្ដាច់ព្រ័ត្រច្រើនភាគរយជាងកូនក្រុមរបស់តារាចម្រៀងផ្សេង ខណៈដែលទីបំផុតកូនក្រុមរបស់នាងពិតជាបានក្លាយជាម្ចាស់ពានពិតមែន ដ្បិតតែមិនមែនបានទៅកុមារា រ៉េត រ៉ែម ដែលគេជឿថាមានភាគច្រើនខ្ពស់ តែបានទៅលើកុមារា ទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់នាងផងដែរ។ យ៉ាងណាមិញ កុមារារូបនេះ ត្រូវបានគេស្គាល់ថាបានប្រឡូកអាជីពចម្រៀងជាយូរមកហើយ ដោយប្អូនក៏មានបទបង្ហោះជាហូរហែរតាំងពីមុនប្រលងនោះផង។
មានការអបអរមិនតិចនោះទេ បន្ទាប់ពីកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា បានក្លាយជាអ្នកកាន់ពានតាមការគ្រោងទុក ខណៈដែលមានការទស្សន៍ទាយតាំងពីបញ្ចប់ការជ្រើសរើសកូនក្រុមថា ឆ្នាំនេះកូនក្រុមរបស់នាងនឹងមានសង្ឃឹមនាំមុខគេនោះ។ ការប្រកួតនៅវគ្គបញ្ចប់នោះ បានធ្វើអោយអ្នកទស្សនាជក់ចិត្តយ៉ាងខ្លាំង ដោយសារតែបេក្ខភាពតំណាងអោយកូនក្រុមរបស់ឱក សុគន្ធកញ្ញា លោក ព្រាប សុវត្ថិ និងកញ្ញា សួស វីហ្សា សុទ្ធតែមានសមត្ថភាពសំឡេងខ្ពស់ ហើយបើនិយាយពីស្ទីលច្រៀងរាំ គឺមិនធម្មតាមិនខុសគ្នា។ ការបញ្ចេញសមត្ថភាពនៅក្នុងយប់នោះ បេក្ខភាពម្នាក់ៗមិនខុសពីតារាចម្រៀងអាជីពនោះទេ ខណៈដែលកូនក្រុមរបស់ឱក សុគន្ធកញ្ញា គឺ រ៉េត រ៉ែម ដែលច្រៀងបានសំឡេង២ លេចធ្លោជាងគេ។
យ៉ាងណាក៏ដោយ ប្អូនប្រុស ទេព ពិសិដ្ឋ បានក្លាយជាម្ចាស់ពាន ដោយត្រូវហង្សមាស ប្រកាសថាមានអ្នកបោះឆ្នោតអោយច្រើនជាងគេ ថ្វីដ្បិតថាដ្យាក្រាមនៃការបោះឆ្នោត មិនត្រូវបានកម្មវិធីបង្ហាញដើម្បីអោយអ្នកគាំទ្រអស់ចិត្ត។ កុមារា ទេព ពិសិដ្ឋ ទទួលបានទឹកប្រាក់១០០លានរៀល ទទួលបានអាហារូបករណ៍នៅក្នុងសាលាអន្តរជាតិធំមួយ និងទទួលបានរង្វាន់ជាច្រើនទៀត ក្នុងពេលដែលប្អូនក៏ត្រូវបានហង្សមាសកុងត្រាអោយច្រៀងរយៈពេលមួយឆ្នាំ ដែលម្នាក់ៗរំពឹងថានឹងល្បីដោយមិនពិបាក។ កញ្ញា ឱក សុគន្ធកញ្ញា ញញឹមបិទមាត់មិនជិតនោះទេ បន្ទាប់ពីកូនក្រុមរបស់នាង បានក្លាយជាម្ចាស់ពាន ដែលនេះក៏មានន័យថានាងមានសមត្ថភាពខ្ពស់តាំងពីការជ្រើសរើសដណ្ដើមកូនក្រុមយកមកធ្វើជាកូនក្រុមរបស់ខ្លួន និងមានសមត្ថភាពខ្ពស់ក្នុងការបង្វឹក ទើបធ្វើអោយកូនក្រុមរបស់នាងបានក្លាយជាម្ចាស់ពានតាមការគ្រោងទុក។ នាងត្រូវគេឃើញសប្បាយ និងសើចទះដៃដល់ថ្នាក់ហូរទឹកភ្នែក ដែលមានន័យថារំភើបចង់ជាងសាមីខ្លួនទៅទៀត ព្រោះតែអរនឹងកូនក្រុមរបស់ខ្លួនកាន់ពាន៕