កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តារាសម្ដែង និងជាពិធីការិនី អ្នកនាង ស៊ឹម សូលីកា បានប្រារព្ធពិធីខួបកំណើតគម្រប់១៨ឆ្នាំអោយកូនស្រីយ៉ាងអធឹកអធម ដោយគេឃើញអ្នកនាងអញ្ជើញតារាសិល្បៈច្រើនដួង អោយចូលរួមអបអរផង។ ពិធីខួបកំណើតនេះ ត្រូវអ្នកនាងធ្វើជាទ្រង់ទ្រាយធំ ដោយម្ចាស់ពិធីប្រកាសថានោះជាពិធីធំដុំសម្រាប់កូនស្រីរបស់ខ្លួនដែលទើបគ្រប់គម្រប់អាយុ១៨ឆ្នាំ ពេញវ័យនោះផង។
នៅក្នុងពិធីនោះ គេឃើញអ្នកនាង ស៊ឹម សូលីកា និងកូនស្រី ស៊ឹម សូលីនណា មានសម្រស់មិនចាញ់គ្នានោះទេ ខណៈដែលកូនស្រីរបស់អ្នកនាងក្រៅពីស្រស់ស្អាត ក៏មានសមត្ថភាពអាចនិយាយភាសាអង់គ្លេសបានល្អ ដោយទើបតែបញ្ចប់ការប្រកួតភាសាអង់គ្លេស នៅក្នុងប្រទេសអូស្រ្តាលីមុននេះ។
ពិធីខួបកំណើតនេះ ដ្បិតថាមិនត្រូវបានប្រកូកប្រកាសអោយមានការដឹងឮជាសាធារណៈ ប៉ុន្តែពិធីទាំងមូលគឺមានការរៀបចំធំដុំ ដោយមានការអញ្ជើញភ្ញៀវវរហូតដល់ខ្ទង់រយនាក់ចូលរួម។
ក្នុងនោះតារាចម្រៀង តារាសម្ដែង និងពិធីករច្រើននាក់ ដែលមានទំនាក់ទំនងជាមួយអ្នកនាង ស៊ឹម សូលីកា សុទ្ធតែបានបង្ហាញខ្លួន ដោយក្នុងចំណោមនោះក៏មានភ្ញៀវជាអ្នកលំដាប់ជំទាវចូលរួមផងដែរ។ មិនទាន់ដឹងថាអ្នកនាងស៊ឹម សូលីកា មានបំណងអោយកូនស្រីស្រស់ស្អាតរបស់ខ្លួនស្នងបន្តអាជីពសិល្បៈ ឬយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលគេកោតសរសើរ គឺតាំងពីអ្នកនាង សម្រេចចិត្តរួមរស់ជាមួយលោក អេង រិទ្ធី ជាដៃគូពិធីករ គឺអ្នកនាងកាន់តែមានសេចក្ដីសុខ ដោយសារអេង រិទ្ធី ចុះសម្រុងជាមួយកូនអ្នកនាង បើទោះជាក្នុងពេលនេះ អ្នកនាងត្រូវគេកត់សម្គាល់ថាមិនសូវមានកម្មវិធីធំៗចេញមុខដូចមុន៕