បង្ហាញខ្លួនមិនដល់១ម៉ោងផង ព្រាប សុវត្ថិ ស៊ីថ្លៃពាន់ដុល្លារពី 2 ND

0

កាលពីយប់ថ្ងៃទី១១ ឩសភា ម្សិលមិញ តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ បានធ្វើអោយកក្រើកក្លិបរាត្រី 2ND ស្ថិតនៅបណ្ដោយផ្លូវប៉ាស្ទ័រ ជិតវិទ្យាល័យអនុវត្តន៍ ដោយក្នុងពិធីនោះ ក៍មានវត្តមានតារាល្បីៗចូលរួមផងដែរ។ មានការទម្លាយថា គ្រាន់លោកបង្ហាញខ្លួននៅក្នុងរាត្រីនោះ មិនដល់មួយម៉ោងស្រួលបួលផង តែតម្លៃខ្លួនរបស់លោកឡើងកប់តែម្ដង។

លោក ចេង វណ្ណា ម្ចាស់ភាគហ៊ុននធំមួយប្រចាំក្លិប 2ND បានអះអាងថា ការបង្ហាញខ្លួនរបស់លោក ព្រាប សុវត្ថិ ក្នុងពិធីបើកសម្ពោធផ្លូវការរបស់ក្លិបនោះ មានតម្លៃមិនថោកនោះទេ តែលោកបដិសេធទម្លាយអោយដឹងពីតួលេខនៃទឹកប្រាក់ ដោយលោកបញ្ជាក់ថាជាកិច្ចព្រមព្រៀង និងថាអាចប្រាប់បានត្រឹមច្រើនពាន់ដុល្លារ ដោយគ្រាន់តែបង្ហាញខ្លួនមិនដល់មួយម៉ោងនោះ។ លោកថាព្រាប សុវត្ថិ ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីកាត់ខ្សែបូរ និងច្រៀងរាំប្រមាណជា៤បទប៉ុណ្ណោះ ដើម្បីជាកិត្តិយសរបស់ក្លិប តែដោយសារតែលោកគឺជាតារាល្បី ហើយក៏បានដឹកនាំក្រុមរាំអោយមកច្រៀងឡើងកក្រើកក្នុងរាត្រីនោះផង ទើបស័ក្ដសមនឹងខ្ទង់ពាន់ដុល្លារដែលលោកត្រូវបាន។ លោកនៅតែចាត់ទុកថាវត្តមានរបស់លោកព្រាប សុវត្ថិ គឺជាមុខមាត់របស់ក្លិបដ៏ធំ ដោយសារតែតារាចម្រៀងរូបនេះ កម្រទទួលច្រៀងតាមក្លិបរាត្រីខ្លាំងណាស់ ចាប់តាំងពីលោកឡើងកូដ និងមានទីផ្សារវ៉ាដាច់តារាចម្រៀងលំបាប់ប្រទេសផ្សេងទៀត។ នៅក្នុងពិធីសម្ពោធទ្រង់ទ្រាយធំនោះ លោកថាបានអញ្ជើញតារាសិល្បៈច្រើននាក់ ហើយលោកក៏មានអារម្មណ៍សប្បាយចិត្តណាស់ដែរ ដែលឃើញវត្តមានតារាសិល្បៈយ៉ាងច្រើនកុះករចូលរួមក្នុងពិធីសម្ពោធនាយប់នោះ។

លោក ព្រាប សុវត្ថិ ត្រូវគេឃើញច្រៀងកូរក្នុងក្លិប បន្ទាប់ពីបង្ហាញវត្តមានឈរកាត់ខ្សែបូរណ៍ ខណៈដែលពេលដែលលោកបកស្រាយបទចម្រៀង គឺទោះជាបទទាំងនោះត្រូវបានគេស្ដាប់ឡើងស៊ាំត្រចៀកទៅហើយក្ដី ក៏អ្នកគាំទ្រនៅតែកញ្ជ្រោលនឹងការគាំទ្រចំពោះលោករហូតដល់ចប់។ លោកថាខ្លួនមិនសូវមានចំណូលចិត្តក្នុងការបង្ហាញខ្លួនចេញច្រៀងតាំងក្លិបរាត្រីនោះទេ ប៉ុន្តែបណ្ដាលមកពីម្ចាស់ក្លិបសុទ្ធតែមានទំនាក់ទំនងស្គាល់លោកជាយូរមកហើយ ទើបលោកទទួលច្រៀង។ យ៉ាងណាមិញ លោកទទួលស្គាល់ថាចំពោះតម្លៃក៏ត្រូវតែខ្ពស់ផងដែរ ដោយសារតែពេលលោកចេញច្រៀងបែបនេះម្ដងៗ ក៏ត្រូវចំណាយលើក្រុមការងារ ក្រុមរាំ និងត្រូវទទួលបាននូវកម្រៃអោយសមនឹងតម្លៃដែលលោកគឺជាតារាចម្រៀងម្នាក់របស់ហង្សមាស៕