កាលពីរសៀលថ្ងៃទី 18 ខែមីនា មុននេះសិល្បករសិល្បការិនីល្បីៗជាច្រើនដួងបានបង្ហាញវត្តមានដើរលើកម្រាលព្រំក្រហមដ៏អស្ចារ្យធំបំផុតប្រចាំឆ្នាំនៅក្នុងកម្មវិធី Pleng Music Awards 2023 by Smart Asiata ដែលប្រារព្ធធ្វើឡើងយ៉ាងសម្បើមនៅក្នុងបរិវេណ PH Grand Hall។
វត្តមានតារាសិល្បៈក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនបង្ហាញឈុតសម្លៀកបំពាក់បែប Fashion ពិសេសប្លែកៗ សុទ្ធតែស្រស់ស្អាត និង ទាក់ទាញមិនធម្មតាបានមកចូលរួមអបអរដល់ម្ចាស់ពានទាំង14រូប ដែលត្រូវបានជ្រើសរើស និង សុទ្ធសឹងតែទទួលបានការ vote ព្រមទាំងទទួលបានការចូលស្ដាប់យ៉ាងច្រើនសន្ធឹកនៅក្នុង App Pleng ជំនាន់ថ្មីរបស់ Smart Asiata។
ក្នុងនោះការប្រគល់ពានរង្វាន់ក៏មានបែងចែកតាមផ្នែកនីមួយៗ មិនត្រឹមតែប្រគល់ពានដល់សិល្បៈជំនាន់ថ្មីនោះទេ ក្នុងនោះអ្នកនាង ខាត់ សុឃីម ក៏ដូចជា ពូ ឃ្លាំង ក៏ទទួលបាននូវពានកិត្តិយស ដែលសបញ្ជាក់ថាកម្មវិធី PMA ឆ្នាំទី2នេះឱ្យតម្លៃចំពោះសិល្បៈជំនាន់មុនៗគួរឱ្យសរសើរក៏ចាត់ទុកថាជាភាពជោគជ័យដ៏ធំមួយសម្រាប់កម្មវិធីទាំងមូលនៅក្នុងឆ្នាំ2023នេះផងដែរ។
អ្វីដែលកាន់តែពិសេសក្រៅពីកម្មវិធីប្រគលពានរង្វាន់ ក៏មានការសម្ដែងពិសេសៗ ជាច្រើនពីសិល្បករ សិល្បការីគ្រប់ជំនាន់ ក៏ដូចជាការចូលរួមពីភ្ញៀវកិត្តិយស និង ទស្សនិកជនជាច្រើនកុះករ។