ការប្រកួត Cambodia’s Got Talent រដូវកាលទី២វគ្គបញ្ចប់ កាលពីយប់ថ្ងៃទី៤ វិច្ឆិកា ក្រុមរាំយុវវ័យ The King ដែលត្រូវគេស្គាល់ថាជាក្រុមរាំប្រចាំរបស់លោក ណុប បាយ៉ារិទ្ធ បានក្លាយជាម្ចាស់ពានគួរអោយភ្ញាក់ផ្អើល បើទោះជាក្នុងការប្រកួតដ៏ធំមួយនោះ មានក្រុមដែលមានទេពកោសល្យខ្ពស់មិនធម្មតាប្រកួតប្រជែង។
យ៉ាងណាមិញ គេនៅតែមើលឃើញថាបើគ្មានការជ្រោមជ្រែង និងដុតដៃដុតជើងពីតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ ទេ ក៏ក្រុមមួយនេះ មិនអាចទទួលបានសារឈ្នះគេបានដែរ។
យោងតាមអ្នកគាំទ្របានបញ្ជាក់ថា តារាចម្រៀង លោក ណុប បាយ៉ារិទ្ធិ បានទៅអង្គុយគាំទ្រក្រុមរាំ The King ដល់ស្ទីឌីយោប្រកួតដោយផ្ទាល់ដល់ពាក់កណ្ដាលអាធ្រាតុតែម្ដង ដែលសកម្មភាពនេះ មិនងាយកើតមានទេ សម្រាប់តារាចម្រៀងល្បីឈ្មោះមួយរូប ដែលត្រូវគេដឹងថាមិនសូវមានពេលទំនេរ។ លោកត្រូវគេឃើញខ្វែងដៃខ្វែងជើងជួយផ្ដល់កម្លាំងចិត្តដល់ក្រុមរាំទាំងមូល ដែលមានន័យថាទោះជាលោករវល់ប៉ុណ្ណា ក៏នៅតែទៅលើកទឹកចិត្ត បើទោះជាសមាជិកក្រុមរាំ The King ពេលខ្លះក៏ឃើញរាំអោយតារាចម្រៀងហង្សមាសផ្សេងទៀត ដូចជារាំអោយ កញ្ញា សួស វីហ្សា និង ផន ស្រីខួច ជាដើម។ ម្នាក់ៗសរសើរថាក្រុមរាំ The King ពិតជាមានសំណាងណាស់ ដែលបានកម្លាំងចិត្តយ៉ាងធំធេងពីតារាចម្រៀងល្បីល្បាញ ខណៈដែលលោកក៏ជាចលករមិនអាចខ្វះបាន ដែលជួយអោយក្រុមThe King លើកពាន Cambodia’s Got Talent ឈ្នះលើក្រុមខ្លាំង។
ងាកទៅមើល គណនេយ្យផ្លូវការរបស់លោកវិញ ក៏លោកដើរតួជ្រោមជ្រែងក្រុមនេះចាប់តាំងពីក្រុមរបស់ខ្លួនចូលប្រកួតផងដែរ ដោយលោក ស្ទើរតែផុស និងចែកចាយតែព័ត៌មានរបស់ក្រុមរាំ The King អមដោយពាក្យទទូចអោយចូលរួមបោះឆ្នោត។
ម្នាក់ៗសុទ្ធតែមើលឃើញថា បើគ្មានការលះបង់ និងចលនាបំផុសរបស់លោក ណុប បាយ៉ារិទ្ធិ ដើម្បីអោយអ្នកគាំទ្ររបស់លោកជួយបោះឆ្នោតអោយទេ ប្រហែលជា ក្រុមរាំមួយនេះ មិនអាចកាន់ពានលំដាប់ថ្នាក់ពិភពលោកបែបនេះបានទេ ដោយសារតែទេពកោសល្យរាំស្រុះគ្នា ត្រូវគេមើលឃើញថាមិនមានអ្វីអស្ចារ្យបើធៀបនឹងទេពកោសល្យរបស់បេក្ខជន និងក្រុមប្រកួតប្រជែងផ្សេងទៀត។ ឱកាសកាន់ពានរបស់ក្រុម The King ដ្បិតថាមានការរិះគន់ថាមិនទំនងកាន់ពានមួយនេះបន្តិចមែន ប៉ុន្តែក៏នឹងជួយអោយក្រុមរាំទាំងមូល អាចសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ បន្ទាប់ពីមានស្នាដៃរាំអោយលោក ណុប បាយ៉ារិទ្ធ និងតារាមួយចំនួន ដែលត្រូវគេទទួលស្គាល់ពីសមត្ថភាព និងទេពកោសល្យរួចទៅហើយនោះផងដែរ៕