រងការរិះគន់ភ្លាមៗ ក្រោយក្មេងអក្សរសាស្រ្ត ស៊ាប ឈៀងហៀង មិនជាប់សូម្បីក្នុងវគ្គ៦ក្រុម

0

ក្នុងកម្មវិធី Cambodia’s Got Talent កាលពីរដូវកាលទី១មានការរិះគន់ ឡើងកក្រើកហ្វេសប៊ុកម្ដងហើយ បន្ទាប់ពីបេក្ខភាពក្មេងពិការភ្នែក ដែលគ្រាន់តែអាចច្រៀងបានពីរោះគួរសម បានក្លាយជាម្ចាស់ពាន។ ដោយឡែកសម្រាប់រដូវកាលទី២នេះ ការរិះគន់បានផ្ទុះឡើងជាថ្មី បន្ទាប់ពីក្មេងប្រុស ស៊ាប ឈៀងហេង ដែលត្រូវគេកត់សម្គាល់មានសមត្ថភាពពិសេសផ្នែកអក្សរសាស្រ្ត និងកំណាព្យយ៉ាងកម្រ ស្រាប់តែមិនជាប់សូម្បីតែក្នុងវគ្គ៦ក្រុមចុងក្រោយ។

យ៉ាងណាមិញ ពិធីករគឺលោក សុខ រ៉ាស៊ី និងលោក ជា វិបុល បានអះអាងហើយថា លទ្ធផលដែលបានស្ដែងឡើងមិនមែនជាការកំណត់របស់គណកម្មការ ឬអ្នករៀបចំកម្មវិធីនោះទេ ដោយអ្នកវិនិច្ឆ័យពិតប្រាកដគឺអ្នកបោះឆ្នោតតាមរយៈទូរស័ព្ទប៉ុណ្ណោះ។

អ្នកទស្សនាការផ្សាយផ្ទាល់លើផេកកម្មវិធី Cambodia’s Got Talent ជាច្រើនបានបង្ហាញការរិះគន់ភ្លាមៗ ដោយគ្រាន់តែ៦ក្រុមដែលបានប្រកាសឡើងថាជាក្រុមអាចបន្តអោយមានការបោះឆ្នោតសម្រាប់ដំណាក់កាលទី២ ដើម្បីក្លាយជាម្ចាស់ពាន មិនមានបេក្ខភាពកុមារា ស៊ាប ឈៀងហេង ដែលគេយល់ថាជាសមត្ថភាពយ៉ាងកម្រ មិនមានអ្នកត្រាប់តាម។ ៦ក្រុមដែលត្រូវបានប្រកាសឡើង សុទ្ធតែត្រូវបានគេលើកឡើងថា អ្នកហ្វឹកហាត់គ្រប់គ្នាអាចធ្វើត្រាប់បាន តែសម្រាប់សមត្ថភាពរបស់ក្មេងប្រុសម្នាក់ ដែលអាចចេះចាំកំណាព្យ និងយល់ដឹងអក្សរសាស្រ្តលើសពីអ្នកសិក្សាជ្រៅជ្រះភាគច្រើន ហើយអាចនិយាយបានថាជាសមត្ថភាពកម្រនោះ គឺមិនបានកាន់ពាន ហើយថែមទាំំងមិនជាប់ក្នុងការបោះឆ្នោតដំណាក់កាលទី២ទៀត។ អ្នកខ្លះបានបញ្ចេញយោបល់ថា ឈប់មើលកម្មវិធីហង្សមាសហើយ និងថាការទម្លាក់កុមារា ស៊ាប ឈៀងហេង គឺដើម្បីកុំអោយការប្រគល់ពានដល់ក្រុមអ្នកដែលគេចោទថាមានការរៀបចំទុក្ខ ពិបាកកាន់ពាន។ ម្នាក់ៗបញ្ចេញប្រតិកម្មថា ក្រុម The King គ្រាន់តែរាំសម័យស្រុះគ្នា ដែលក្រុមណាក៏ហាត់ត្រាប់បាន ស្រាប់តែក្លាយជាម្ចាស់ពាន ដែលមិនទំនង និងមិនសមនឹងឈ្មោះកម្មវិធី លំដាប់ពិភពលោក មិនខុសពីការរិះគន់កាលពីរដូវកាលទី១។

មានការបង្ហាញពីការសោកស្ដាយយ៉ាងខ្លាំង ដែលក្រុមច្រៀង រាំ និងលេងសៀក បានក្លាយជា៦ក្រុមចុងក្រោយ សម្រាប់ឆ្ពោះទៅការកាន់ពាន ក្នុងពេលដែលបច្ចេកទេសចេះចាំកំណាព្យ និងការយល់ដឹងខ្ពស់ពីអក្សរសាស្ត្រខ្មែររបស់ក្មេងប្រុសម្នាក់ បែរជាមិនជាប់សូម្បីតែក្នុងវគ្គជម្រុះ៦ក្រុម។ អ្នកលេងហ្វេសប៊ុក បានទាំងរិះគន់ថា បើជ្រុលមិនជាប់កុមារា ស៊ាប ឈៀងហេង ក៏គួរតែជាប់ក្រុមសិល្បៈបុរាណនោះដែរ មិនគួរជាប់ក្រុមរាំសម័យនោះទេ។

យ៉ាងណាមិញ អ្វីដែលបានកើតឡើង ត្រូវបានគេប្រកាសយ៉ាងខ្លីថា កើតឡើងដោយសារតែអ្នកបោះឆ្នោតតែប៉ុណ្ណោះ។