តារាចម្រៀង ឱក សុគន្ឋកញ្ញា ជាអតីត សិស្សសាលា វិចិត្រសិល្បៈ ដែលរៀនជំនាញ របាំ ផង និងផ្នែកចម្រៀង មហោរីផង។ មានទុនសិល្បៈបុរាណបែបនេះហើយ ទើបធ្វើអោយ កំពូលតារាចម្រៀង ល្បីឈ្មោះរូបនេះ មានការយល់ដឹង ពីរបៀបលើកដាក់សំឡេង។ អ្នកនាងរមែងដឹង គុណសិល្បៈ ពិសេសគុណ គ្រូដែលបានបង្ហាត់បង្រៀននាង យល់ជ្រាប និងឧស្សាហ៍ ជូនជាកាដូផងដែរ។
កាលពីថ្ងៃទី២ មីនា មុននេះ សិល្បករ ជាង៤០០នាក់ បានជួបជុំគ្នា ញាំអាហារសាមគ្គី ក្នុងឱកាស ប្រារព្ឋខួប និងអបអរ ទិវាវប្បធម៌ជាតិ។ នាព្រឹត្តិការណ៍នោះ មានការអញ្ជើញចូលរួមពី សំណាក់ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ តារា និងសិល្បករគ្រប់ផ្នែក បានជួបជុំគ្នាសំណេះ សំណាល និង ចែករំលែក បទពិសោធន៍គ្នា ហើយ ត្រងយក ប្រសាសន៍ ដ៍មាន តម្លៃ ពីប្រមុខដឹកនាំ មកអភិវឌ្ឍន៍បន្ថែមទៀតលើ ផ្នែកសិល្បៈ និង វប្បធម៌ជាតិខ្មែរ។
ចំពោះ អ្នកនាង ឱក សុគន្ឋកញ្ញាវិញ ដែលមមាញឹក មិនបាន ចូលរួម ក៍បានបង្ហោះសារ អបអរថា «ស្រឡាញ់ អភិរក្ស រក្សានិងការពារ វប្បធម៌ជាតិ ផ្តើមចេញពីយើងទាំងអស់គ្នា ៕អបអរសាទទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ៕ ថ្ងៃ ៣មីនា ជាទិវារំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕