មិនខុសពីការគ្រោងទុក ពិព័រណ៌នៃក្ដីស្រលាញ់ ដែលបានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ និង ១៤ កុម្ភៈ នៅផ្សារទំនើបជីបម៉ុងផ្លូវ271 បានបញ្ចន់យ៉ាងជោគជ័យ ដោយនៅថ្ងៃបញ្ចប់គឺមានអ្នកមកទស្សនាយ៉ាងណែនតាន់តាប់តែម្ដង។ ពិព័រណ៌នេះ ក៏បានបង្កើតនូវមូលនិធិធំមួយ ដើម្បីប្រមូលថវិកាជួយកុមាររងគ្រោះមួយកន្លែង ដើម្បីចែកចាយក្ដីស្រលាញ់ផងដែរ។
លោកស្រី រ៉ា ចាន់ណារី អ្នកគ្រប់គ្រងពិព័រណ៌បានលើកឡើងថា កម្មវិធីដែលរៀបចំឡើងនេះ គឺដើម្បីបង្កើតវេទិកាតាំងពិព័រណ៌ និង បង្កើតកម្មវិធីកម្សាន្តដោយវត្តមានតារាល្បីៗ អោយបងប្អូនខ្មែរបានចូលរួមសប្បាយ។ លោកស្រីថា ក្រៅពីសប្បាយវេទិកានេះ ក៏បង្ហាញពីការបំផុសនូវក្ដីស្រលាញ់ទុកជាអនុស្សាវរីយ៍ផងដែរ ដូចជាបាន Surprise តារាចម្រៀងម្ចាស់ពាន Cambodian idol រដូវកាលទី4 លោក លឹម តិចម៉េង និង បានបង្កើតមូលនិធិជួយកុមារកំព្រាមួយកន្លែង ជាភស្តុតាងស្រាប់។ លោកស្រីក៏គម្រោងនឹងធ្វើព្រឹត្តិការណ៍នេះនៅឆ្នាំក្រោយអោយកាន់តែធំ និង កាន់តែមានប្រយោជន៍សម្រាប់កុមារកំព្រានៅឆ្នាំក្រោយផងដែរ។
លោកស្រីក៏មិនស្មានដូចគ្នាថា ព្រឹត្តិការណ៍នេះ កក្រើកអ្នកមកទស្សនា ដោយសូម្បីតែថ្ងៃទី១ក៏ច្រើន ហើយថ្ងៃបញ្ចប់ក៏រឹតតែច្រើន ដល់ថ្នាក់កកកុញពេញទីតាំងពិព័រណ៌ ជាពិសេសក្នុងពេលវត្តមាន អ្នកនាង កាតុ និង សុខ ពិសី ឡើងសម្ដែងលើឆាក។ លោកស្រីថា ព្រឹត្តិការណ៍នេះ កើតឡើងពីការរៀបចំរបស់ក្រុមហ៊ុន Personal Media Solution ក្រោមការសហការដោយក្រុមហ៊ុន Play Media Club និង ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល។ អ្នកស្ពុនស័រធំ នៅក្នុងកម្មវិធីនេះ ក៏ត្រូវគេដឹងថាបានពីក្រុមហ៊ុន ចាន់រស្មី MKM និង បណ្ដាក្រុមហ៊ុនជាច្រើនផ្សេងទៀត។