ទីបំផុត វណ្ណា វត្តី ចូលក្នុងផលិតកម្មថ្មី

0

មុននេះបន្តិចអតីតតារាចម្រៀងផលិតកម្មBN តារាចម្រៀង និងជាតារាសម្ដែងកញ្ញា វណ្ណា វត្តី បានអះអាងថាក្រោយពីចាកចេញពីផលិតកម្ម BN កញ្ញា នឹងមិនចូលច្រៀងអោយផលិតកម្មណាទៀត ដោយនាងចង់សាកល្បងអាជីពរបស់ខ្លួនក្នុងនាមជាតារាចម្រៀងឯករាជ្យវិញម្ដង។ យ៉ាងណាមិញ នាងស្រាប់តែបញ្ចេញបទថ្មីសន្លាងរបស់ខ្លួននៅក្នុងផលិតកម្ម Gold Production ដែលជាផលិតកម្មថ្មីយ៉ាងព្រងើយ ដោយបទចម្រៀងរបស់នាងបានធ្វើអោយអ្នកគាំទ្រកត់សម្គាល់នោះផង។

បទចម្រៀងក្រោមចំណងជើងថា«បងចង់ប្លែកអារម្មណ៍»របស់នាង អាចចាត់ទុកថាជាបទបើកទំព័រសិល្បៈចម្រៀងនៅក្នុងផលិតកម្មជាថ្មីរបស់តារាស្រីរូបនេះ បន្ទាប់ពីនាងសម្រេចចិត្តដើរចេញពីផលិតកម្មBN ហើយបានប្រកាសថានឹងប្រហែលមិនចូលច្រៀងអោយផលិតកម្មណាមួយទៀតទេ ព្រោះចង់ឯករាជ្យ។

ការបញ្ចេញស្នាដៃចម្រៀងរបស់នាង ត្រូវបានធ្វើឡើងស្របគ្នានឹងការសម្ដែងរបស់នាងក្នុងរឿង«កូនពស់កេងកង»របស់នាង ដែលនាងបានសម្ដែងជាមួយផលិតករលោកហ្វៃ សំអាង ត្រូវបានប្រកាសដាក់បញ្ចាំងផ្លូវការដូចគ្នានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។

នេះក៏ជាបញ្ចេញស្នាដៃក្នុងពេលដែលកម្មវិធី«Star Award» របស់ទូរទស្សន៍អប្សរា ដែលនាងចូលប្រកួត ជាមួយនឹងតារាសរុប២៥រូបនៅក្នុងវិថីសិល្បៈត្រៀមនឹងចេញប្រកួតនៅដើមខែមករាខាងមុខ។

អ្នកគាំទ្រជាច្រើនបានបង្ហាញការចាប់អារម្មណ៍ចំពោះវត្តមានបទថ្មីរបស់នាង ដោយសារតែចម្រៀងមួយបទនេះ ក៏ជាបទបើកឆាកនៅក្នុងផលិតកម្មថ្មី ក្រោយពេលនាងចាកចេញពីផលិតកម្មចាស់។ ម្នាក់ៗកំពុងចាំមើលថា តើវណ្ណា វត្តី នៅក្នុងផលិតកម្មថ្មីនឹងស្ទុះឡើងកម្រិតណាធៀបនឹងផលិតកម្មដែលនាងធ្លាប់ជ្រក តែក៏មានការប៉ាន់ស្មានថានាងនឹងឡើងកូដជាងមុន ដោយសារតែនាងបង្ហាញខ្លួនជាមួយនឹងបទចម្រៀងថ្មីក្នុងផលិតកម្ម ស្របគ្នាដែលស្នាដៃសម្ដែងរបស់នាង និងការប្រកួតក្នុងកម្មវិធីលំដាប់ប្រទេសរបស់នាងលេចឡើងស្របគ្នា។

មានការទម្លាយថា កញ្ញា វណ្ណា វត្តី មិនបានកុងត្រាផ្ដាច់មុខជាមួយផលិតកម្ម Gold Production នោះទេ ដោយនាងនឹងមានសិទ្ធិទទួលធ្វើពិធីការិនី និងសម្ដែង អោយគ្រប់ផលិតកម្មជាធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here