អត្ថបទ៖ Neath
តារាសម្ដែងសាច់សខ្ចីកញ្ញា នីតា វរវង្ស ដែលត្រូវបានគេស្គាល់ថាជាតារាសិល្បៈមួយរូបមានសម្រស់ស្រស់ស្អាត ហើយថ្មីៗកញ្ញាក៏ក្លាយជាតួអង្គលេចធ្លោមួយរូបនៅក្នុងរឿង « ជីវិតក្មេងវត្ត » ដែលជាខ្សែររឿងជីវិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ កាលពីព្រឹកថ្ងៃទី17 ខែធ្នូ ឆ្នាំ2022 មុននេះ ក៏ឃើញវត្តមានកញ្ញា និង អ្នកម្ដាយបានចូលរួមនៅក្នុងកម្មវិធីផ្លូវការធំមួយក្រោមការអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ នាឱកាសបុណ្យឆ្លងកុដិ អភិសេកព្រះពុទ្ធថ្មរកែវ28អង្គ និង សម្ភោធសម្មិទ្ធិផលនានានៅក្នុងវត្ត តាំងក្រសាំងខាងជើងដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់កាកាបទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងកម្មវិធីនេះដែរ កញ្ញា នីតា វរវង្ស ក៏បានទទួលឈាងឥស្សរយសដែលបំពាក់ដោយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹត្តសភា នៅចំពោះមុខអ្នកមុខអ្នកមាត់តំណាងឱ្យអភិបាលខណ្ឌ និង ស្រុក ក្នុងតំបន់ពោធិ៍សែនជ័យ ដែលនេះចាត់ទុកជាកិត្តិយសមួយដ៏ឧត្តុង្គឧត្តមដែលកញ្ញាបានចូលរួមជួយក្នុងសង្គមជាតិតាមរយៈការផ្សព្វផ្សាយផ្នែកសាសនាយើងផង ហើយក៏ជាគម្រូដ៏ល្អមួយដល់អ្នកសិល្បៈយើងគ្រប់រូបពុំគួរមើលរំលង។ ចំពោះគ្រឿងឥស្សរយសដែលកញ្ញាទទួលបានគឺជាឈាងឥស្សរយសដែលមានកិត្តិនាម « ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ » ក្នុងនាមដែលកញ្ញាគឺជាបុគ្គលមួយរូបមានសកកម្មភាពចូលរួម និង ឈឺឆ្អាលយ៉ាងច្រើននៅក្នុងវិស័យព្រះពុទ្ធសាសនា នាពេលកន្លងមក។
សរបញ្ជាក់ថា ក្រៅពីកាងារ ឬ អាជីពជាអ្នកសិល្បៈ កញ្ញាក៏ជាពុទ្ធសាសនិកមួយរូបដែលប្រតិបត្តិ និង គោរពមាគ៌ាព្រះពុទ្ធសាសនា បូករួមទាំងការចូលរួមចែករំលែកនូវតេយ្យទានផ្ទាល់ខ្លួនជារឿយៗដើម្បីជួយស្ថាបនាសាងសង់សម្មិទ្ធផលនានានៅក្នុងទីវត្តអារ៉ាម ជាពិសេសនៅក្នុងវត្ត តាំងក្រសាំងខាងជើងនេះផ្ទាល់តែម្ដង ដោយកញ្ញា និង អ្នកម្ដាយតែងតែចូលខ្លួនធ្វើជាចំណែកមួយ មិនថាការសាងសង់កុដិ រូបសំណាក់បដិមា សួនច្បារ ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងបរិវេណវត្ត ដើម្បីឱ្យពុទ្ធសាសនិកជនដ៏ទៃទៀតចូលមកគោរពបូជា តបតាមការស្នើរសុំរបស់ព្រះគ្រូចៅអធិការវត្ត។