រឿង«បិសាចគំនូរ»សម្រេចដាក់បញ្ចាំង ទោះផ្ទុះរឿងចម្រូងចម្រាស់

0

នៅទីបំផុតភាពយន្តរឿង«បិសាចគំនូរ»របស់ផលិតកម្មRed Picture ត្រូវបានក្រុងពាលីកាលពីថ្ងៃទី៣០ តុលាហើយ ដើម្បីដាក់បញ្ចាំងតាមគ្រោងនៅថ្ងៃទី១ វិច្ឆិកា បើទោះជាមុននេះមានរឿងចម្រូងចម្រាស់ផ្ទុះឡើង ជុំវិញករណីរោងកុនខ្លះចង់លើកពេលបញ្ចាំងព្រោះតែចំថ្ងៃភាពយន្តថៃមួយថ្មីប្រកាសដាក់ចូលមកដែរ។ ផលិតករ និងតួសម្ដែង បានបង្ហាញពីការរំពឹងយ៉ាងខ្លាំង និងបានទទូចអោយគាំទ្រស្នាដៃរបស់ខ្មែរអោយបានច្រើន ដើម្បីជំរុញទឹកចិត្តអ្នកផលិត និងការពារកុំអោយភាពយន្តខ្មែរថមថយ។

លោក ឌៀប សុវណ្ណដារ៉ា ម្ចាស់ផលិតកម្មរ៉េដភីចឆ័រ បានថ្លែងបញ្ជាក់ថា លោកសប្បាយចិត្តយ៉ាងខ្លាំង ដែលភាពយន្តរឿង«បិសាចគំនូរ»របស់លោកត្រូវបានបណ្ដារោងកុនឯកភាពគ្នាអោយដាក់បញ្ចាំងព្រមគ្នានៅថ្ងៃទី១ វិច្ឆិកា តាមការគ្រោងទុក ក្នុងពេលដែលកៀកថ្ងៃសម្ពោធស្រាប់តែមានម្ចាស់រោងមួយចំនួនចង់លើកថ្ងៃដាក់បញ្ចាំងភាពយន្តមួយនេះ ដោយអះអាងថាចង់បញ្ចាំងភាពយន្តថៃមុន។

លោកថានេះជាការលើកស្ទួយដល់វិស័យភាពយន្តខ្មែរ ដែលលោករំភើបចិត្ត ដោយសារតែលោកបានដាក់សំណើរសុំយកថ្ងៃទី១ វិច្ឆិកា ជាយូរមកហើយ ហើយក៏មានការយល់ព្រមជាមួយគ្នាហើយ ទើបលោកស្រឡាំងកាំងនៅពេលម្ចាស់រោងខ្លះ បានទទូចអោយលោកលើកថ្ងៃបញ្ចាំងព្រោះតែភាពយន្តបរទេស។ ​​​
លោកថាភាពយន្តរបស់លោកមួយនេះ ក៏បានចំណាយដើមទុនមិនខុសពីរឿងមុនៗនោះដែរ ដោយសាច់រឿងសំខាន់គឺផ្ដោតលើភាពកំប្លុកកំប្លែង និងឈុតភ័យរន្ធត់។ ក្នុងនោះតារាសម្ដែងដែលបានចូលរួមសម្ដែងក្នុងភាពយន្តនេះ ក៏ទទូចអោយគាំទ្រស្នាដៃរបស់ខ្លួនអោយច្រើនជាងភាពយន្តបរទេសផងដែរ ដើម្បីកុំអោយអ្នកផលិត និងតួសម្ដែងមានអារម្មណ៍ខកចិត្ត ហើយចុងក្រោយក៏ក្លាយជាបាក់ទឹកចិត្តក្នុងរំលេចស្នាដៃភាពយន្ត។

នៅក្នុងពិធីសម្ពោធនោះ គេឃើញមានវត្តមានតារាល្បីៗជាច្រើនចូលរួមក្នុងពិធីសម្ពោធនោះ ដោយរួមមានលោក កូម៉ា តារាចម្រៀងនាយចឺម កញ្ញាគៀត សុវណ្ណាឡាង លោកជា សុវណ្ណនរាហ៍ នាយសុបិន្ត លោកលឹម ជាឡាយ លោក សុខ រ៉ាស៊ី កញ្ញានី ម៉ាលីណា លោកម៉ា នុតរាជ និងតារាសម្ដែងចាស់ក្មេងជាច្រើនរូបទៀត។ តារាដែលមានឱកាសកាន់ក្បាលមេក្រូលើវេទិកា ក៏និយាយដុតគ្នាបង្កើតសំណើចឡើងផ្ទុះពេញឆាក ធ្វើអោយអ្នកទស្សនាទាំងមូលសើចសប្បាយឡើងចង់ចុកពោះផងដែរ ជាពិសេសរវាងនាយចឺម លោកងួន សុបិន្ត និងលោក ជា សុវណ្ណនរាហ៍៕