បន្ទាប់ពីដំណើរការបានទីតាំងយ៉ាងជោគជ័យ នៅសាខាបុរីប៉េងហួតបឹងស្មោ នៅសាខាផ្លូវជាសុផារ៉ា ជិតស្នងការរាជធានី នៅលើផ្លូវព្រៃស និង នៅជិតមន្ទីរពេទ្យសែនសុខ ពេលនេះភោជនីយដ្ឋានបាយ័ន បានបង្ហាញតម្រុយសម្រាប់ទៅតាំងទី៥ របស់ខ្លួនបន្ថែមមួយទៀតហើយ ដោយគ្រោងនឹងបើកនៅជិតមន្ទីរពេទ្យកាល់ម៉ែត្រ ដែលជាទីប្រជុំជនដ៏ធំរបស់ភ្នំពេញតែម្ដង។
ឆ្លើយតបនឹងការចង់ដឹងនេះ លោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋានបាយ័ន ជាម្ចាស់ប្រេន អូនគុយទាវ ដែលកំពុងជោគជ័យ និង ជាម្ចាស់ ម៉ូលីរីស៊ត នៅកំពត បានអះអាងថា ក្រុមហ៊ុនរបស់លោកស្រីពិតជាសម្ងំសាងសង់ទីតាំងភោជនីយដ្ឋាននៅក្បែរមន្ទីរពេទ្យកាល់ម៉ែត្រពិតមែន ដោយទីតាំងនោះ ក៏ជ្រើសបានបរិវេណធំ ដោយនៅជាប់សណ្ឋាគារហូលីដេ។ នេះក៏ចាត់ទុកថាគឺជាទីតាំងដ៏ល្អ នៅចំកណ្ដាលរាជធានី បើធៀបនឹងទីតាំងផ្សេងទៀតផងដែរ។ ទីតាំងនេះ មិនត្រឹមតែល្អ ស្ថិតនៅកណ្ដាលភ្នំពេញ ដែលជាតំបន់អភិជនតែម្យ៉ាងទេ តែក៏ជាកន្លែងកែង ដែលពិតជាអំណោយផលខ្លាំង សម្រាប់អាជីវកម្ម។ យោងតាមការបញ្ជាក់ សាខាថ្មីអាចនឹងរួចរាល់ទាំងស្រុងនៅអំឡុងខែ៥ ឬ ខែ៦ ខាងមុខ ដើម្បីបានបើកដំណើរការ៕