កាលពីថ្ងៃទី 28 ខែមករា ឆ្នាំ 2022មុននេះ អ្នកនាង នួន សុន្ទរី ហៅ ស្រីអូន និង ស្វាមី បានរៀបចំបើលលក់គម្រោងបុរីបុស្សា(គម្រោងអប្សរមេរា) យ៉ាងអធឹកអធម ដែលមានអ្នកជំនួញស្ទើរគ្រប់វិស័យ និងអ្នកសិល្បៈ អញ្ជើញចូលរួមយ៉ាងកុះករ។ នៅក្នុងពិធីនោះក៏មានការប្រគុំតន្ត្រីបើកបង្ហាញ Brand Ambassador គឺលោក ឆន សុវណ្ណរាជ ធ្វើជាអ្នកផ្សព្វផ្សាយផ្ដាច់មុខផងដែរ។ពិធីដែលបានធ្វើឡើងនៅទីតាំងគម្រោងនេះរួមមាន ពិធីក្រុងពាលី សែនព្រេនម្ចាស់ទឹកម្ចាស់ដី បុកគ្រឹះបញ្ចុះបឋមសិលា និងពិធីសំខាន់ៗជាច្រើនទៀត។ ដោយពិធីនីមួយៗសុទ្ធសឹងតែរៀបចំតាមប្រពៃណី សាសនា យ៉ាងល្អឥតខ្ចោះ។
នេះគឺជាការបើកគម្រោងលក់វីឡា និង shop house ទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ស្នាដៃជំនួញមួយនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងបើទោះជាវត្តមានគម្រោងបុរីរបស់អ្នកនាង និង ស្វាមី ទើបតែលេចវត្តមានក្រោយគេ។ នៅក្នុងគម្រោងនេះគឺផ្ដោតទៅលើវីឡាច្រើនប្រភេទ ដែលគម្រោងវីឡានីមួយៗគឺមានអាងហែលទឹក និង ស្ថិតនៅលើផ្លូវធំទូលាយ។ អ្នកនាង ស្រីអូន បានអះអាងថា នេះមិនមែនជាមុខរបរដំបូងរបស់ខ្លួននោះទេ ដោយសារតែស្វាមីរបស់អ្នកនាង មានជំនួញផ្នែកអចលនទ្រព្យបែបនេះជាយូរមកហើយ ដែលគ្រាន់តែមិនសូវមានមហាជនដឹងឮ។ ស្របពេលដែលគម្រោងបុរីមួយនេះក៏មានការរៀបចំយ៉ាងល្អឥតខ្ចោះពីអ្នកជំនាញទាំងគម្រូប្លង់ និង ស្តង់ដា ទើបអ្នកនាងជឿជាក់ថានឹងជោគជ័យខ្លាំង។