លោក លឹម ជុងស្រេង ជាម្ចាស់ជំនួញទទួលតុការល្បីឈ្មោះមួយរូប បានទម្លាយជុំវិញលោកគ្រូជោគជ័យ សៀវ សុផល យ៉ាងរសើបថា អ្នកថា លោកគ្រូ សៀវ សុផល បានរួមដៃគ្នាដើម្បីអោយអ្នកនាងខ្ញុង បោកគេ តែលោកយល់ថា អ្វីដែលលោកគ្រូបានធ្វើ គឺដើម្បីជួយសង្គ្រោះដល់អ្នកនាងខ្ញុងតែប៉ុណ្ណោះ។ លោកថា អ្នកនាងខ្ញុង ទ័លច្រក ទ័លទាំងគំនិត ហើយលោកគ្រូ សៀវ សុផល បានជួយដោះស្រាយផ្លូវចិត្ត អោយធ្វើរឿងនោះឡើង ដើម្បីរួចពីការជាប់ពន្ធនាគារ និង រួចពីការគិតខ្លីដើម្បីបញ្ចប់ជីវិត។
លោកថាខ្លួនគឺជាសាក្សីរស់ ដែលធ្លាប់ត្រូវបានលោកគ្រូ សៀវ សុផល ជួយសង្គ្រោះ កាលពីប៉ុន្មានឆ្នាំមុនដូចគ្នា ដោយក្នុងពេលមុខមុខជំនួញដួលរំលំហើយជំពាក់បំណុលគេជុំទិស។ លោក លឹម ជុងស្រង បញ្ជាក់ថា ក្រោយពេលមុខរបរក្ស័យធន ខ្លួនក៏អស់លទ្ធភាពសងបំណុល គឺលោកគ្រូជោគជ័យម្នាក់នេះហើយ ដែលទាញដៃលោកអោយចេះក្រោកឈរឡើងវិញ ដោយពន្យល់ពីវិធីដោះស្រាយបំណុលម្ដងមួយម្ចាស់ៗ និង ពន្យល់ពីតិចនិចធ្វើអោយលោក និង គ្រួសារប្រឈមមុខនឹងស្ថានភាពដែលបានកើតឡើង។ លោក សៀវ សុផល មិនត្រឹមតែផ្ដល់គំនិតមាសគំនិតពេជ្រ ធ្វើអោយលោកក្លាយជាមនុស្សម្នាក់ថ្មីប៉ុណ្ណោះទេ ក៏បានផ្ដល់ឱកាសអោយលោកបានទៅណាមកណាជាមួយ ដែលធ្វើអោយលោកកាន់តែទទួលបានចំណេះដឹង និង គន្លឹះសម្រាប់ជីវិត។
មិនយូរប៉ុន្មានលោកក៏មានការងារជាអ្នកលក់ដី និង បោះជំហ៊ានក្នុងវិស័យអចលនទ្រព្យ ដែលធ្វើអោយលោកក្រៅពីលទ្ធភាពដោះបំណុល ក៏មានដើមទុនបន្តិចម្ដងៗ បើកអាជីវកម្មធ្វើម្ហូបការដែលជាមុខរបររបស់ឳពុកម្ដាយត្រលប់មកវិញ។ បច្ចុប្បន្នអាជីវកម្មរបស់លោកបានក្លាយអាជីវកម្មទ្រង់ទ្រាយធំ ដោយគ្រាន់តែទិញរោង តុ និង ទទួលធ្វើម្ហូប គឺកាន់តែមានលទ្ធភាពទទួលតុការ ក្នុងកម្មវិធីធំទៅៗ ដោយសារតែមានដើមទុនពង្រីកអោយមានស្ដង់ដា។ លោកថា ការផ្ដល់គំនិតគឺជាពន្លឺមួយដែលមិនអាចមើលស្រាល ព្រោះមនុស្សពេលរអិលដួល មិនមានគំនិតវែងឆ្ងាយនោះទេ ក្រៅតែពីអស់សង្ឃឹម។
អ្នកប្រមាថ លោកគ្រូ សៀវ សុផល បើយល់ពីស្ថានភាពស៊ីជម្រៅគឺពិតជាហាមាត់ជេរមនកើតនោះទេ។ លោកថា លោកគ្រូ សៀវ សុផល មានប្រវត្តិជួយមនុស្សច្រើនណាស់ ហើយមានកូនសិស្សរបស់លោកមិនតិចនាក់ទេ ដែលប្ដូរពីមនុស្សរកលុយចាយមិនគ្រប់ និង ជាកូនបំណុលគេ ក្លាយជាម្ចាស់ជំនួញតូចធំ ដោយសារតែការផ្ដល់គំនិតបំភ្លឺផ្លូវ។ លោកឈប់់ធ្វើជាកូនសិស្សរបស់ លោកគ្រូ សៀវ សុផល ប្រមាណ៣ឆ្នាំហើយ តែលោកនៅតែចងចាំគំនិតរបស់លោកគ្រូ និងតែងតែដឹងគុណចំពោះការនាំផ្លូវ ដែលធ្វើអោយលោកឈរជើងធ្វើជាម្ចាស់ជំនួញធំដុំពេលនេះ។ លោកក៏តែងតែតាមដាននូវគំនិតល្អៗរបស់លោកគ្រូ សៀវ សុផល តាមរយៈប្រពន្ធអនឡាញ ដើម្បីពង្រីកបាននូវគំនិតថ្មីៗផងដែរ ដោយលោកចាត់ទុកថា គំនិតគឺពន្លឺដែលមិនអាចខ្វះបាន សម្រាប់ដំណើរជីវីតជាពិសេសសម្រាប់អ្នកជំនួញដូចលោក៕